• សហភាព​អឺរ៉ុប​ស្នើ​ឲ្យ​សភា​បើក​កិច្ចពិភាក្សា​ពី​ច្បាប់​អង្គការ​ឲ្យ​បាន​ទូលំទូលាយ និង​មាន​តម្លាភាព​

    • Issue Date 02-Jul-2015

    គណៈកម្មាធិការ​កិច្ចការបរទេស​សហភាព​អឺរ៉ុប​បាន​ផ្ញើលិខិត​មួយច្បាប់​ទៅកាន់​ប្រធានរដ្ឋសភា លោក ហេង សំរិន ដោយ​ជំរុញ​ឲ្យ​រដ្ឋសភា​បើក​ឲ្យ​មានការ​ពិភាក្សា​ឲ្យ​បាន​ទូលំទូលាយ និង​មាន​តម្លាភាព លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ។​​លិខិត​របស់​ប្រធាន​គណៈកម្មាធិការ​សហភាព​អឺរ៉ុប លោក Elmar Brok ផ្ញើជូន​ប្រធានរដ្ឋសភា លោក ហេង សំរិន លើកឡើងថា សភា​អឺរ៉ុប​ជឿថា​អង្គការ​សង្គម​ស៊ីវិល​មាន​តួនាទី​ដែល​មិនអាច​ជំនួស​បាន​ក្នុងការ​ពិនិត្យ និង​តាមដាន​ទៅលើ​ការអនុវត្ត​ការងារ​របស់​រដ្ឋាភិបាល និង​រដ្ឋបាល​សាធារណៈ ។ លោក​ថា សភា​អឺរ៉ុប​មានការ​ចាប់អារម្មណ៍​ចំពោះ​ច្បាប់​នេះ ។​​លោក Elmar Brok លើកឡើង​ទៀតថា លោក​បានដឹងថា សភា​នឹង​បើក​ឲ្យ​មាន​ការជជែក​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ហើយ​ច្បាប់​នេះ​ក៏​ត្រូវគេ​មើលឃើញថា​រដ្ឋសភា​នឹង​អនុម័ត​នៅពេល​ឆាប់ៗ​ខាងមុខ​ដែរ ។​​លោក​បន្ថែម​ក្នុង​លិខិត​នោះ​ថា​«​ខ្ញុំ​អំពាវនាវ​ឲ្យ​សភាជាតិ​ឲ្យ​មានការ​បើកទូលាយ និង​មាន​តម្លាភាព​ក្នុងការ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​នេះ និង​ផ្តល់នូវ​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​គ្រប់​បក្សនយោបាយ បាន​បញ្ចេញ​នូវ​យោបល់ ដើម្បី​ឲ្យ​ប្រាកដថា លទ្ធផល​ដែល​បានទទួល នឹងមាន​ការគាំទ្រ​ពី​ភាគី​ជំទាស់​» ។​​ក្នុង​លិខិត​ដដែល លោក Elmar Brok ផ្តល់​ជា​យោបល់​ថា ការចុះបញ្ជី​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​គួរ​ធ្វើឡើង​តែ​សម្រាប់​អង្គការ សមាគម​ធំៗ​បាន​ហើយ និង​មិនគួ​ធ្វើឡើង​ចំពោះ​សមាគម​នៅតាម​មូលដ្ឋាន​នោះទេ ។​​ទាក់ទង​នឹង​សេចក្ដីព្រាងច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ អ្នកនាំពាក្យ​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៥​នៃ​រដ្ឋសភា លោក ឈាង វុន ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា គណៈកម្មការ​ទាំងបី​នៃ​រដ្ឋសភា​ដែល​ទទួលបន្ទុក​ពិនិត្យមើល​សេចក្តីព្រាងច្បាប់​នេះ បានសម្រេច​រក្សា​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នេះ​ឲ្យ​នៅ​ដដែល ដោយ​មិនមាន​ការកែប្រែ​អ្វី​នោះទេ ។​​លោក ឈាង វុន ឲ្យ​ដឹង​ទៀតថា នៅ​ថ្ងៃទី​០៦ ខែមិថុនា គណៈកម្មការ​លោក​នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ដើម្បី​ស្នើ​ឲ្យ​កែលម្អ​អក្ខរាវិរុទ្ធ​មួយចំនួន ហើយ​នៅ​ថ្ងៃទី​០៨ ខែមិថុនា នឹង​បើក​ឲ្យ​មានការ​ពិភាក្សា​ជាមួយ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​អង្គទូត​នានា ។ លោក​ឲ្យ​ដឹង​ទៀតថា សិក្ខាសាលា​ពិ​ព្រោះ​យោបល់​នេះ នឹងត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​មួយ​ព្រឹក ឬ​អាច​រហូតដល់​ពីរ​ថ្ងៃ​ទៅតាម​ស្ថានភាព​ជាក់ស្តែង ។​​គួរ​បញ្ជាក់ថា ក្រុម​អង្គការ​សង្គម​ស៊ិ​វិល​កំពុង​ធ្វើ​យុទ្ធនា​ប្រឆាំងនឹង​សេចក្ដីព្រាងច្បាប់​ស្ដីពី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សេចក្ដីព្រាងច្បាប់​ស្ដីពី​សហជីព​ផងដែរ ដោយ​ពួកគេ​យល់ថា សេចក្តីព្រាងច្បាប់​ទាំងពីរ​នោះ​មាន​លក្ខណៈ​គាបសង្កត់ ។​​សេចក្តីព្រាងច្បាប់​ចុងក្រោយ ដែល​រដ្ឋាភិបាល​បានដាក់​ទៅ​រដ្ឋសភា មាន​៩​ជំពូក និង​មាន​៣៩​មាត្រា ។ សេចក្ដីព្រាងច្បាប់​នោះ​តម្រូវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ប្រកាន់​ជំហរ​អ​ព្យា​ក្រិត និង​ត្រូវ​ផ្ញើ​របាយការណ៍​បូកសរុប​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំទៅ​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ ច្បាប់​នេះ​ក៏​អនុញ្ញាត​ឲ្យ​ក្រសួងមហាផ្ទៃ​អាច​លុបឈ្មោះ​អង្គការ​សង្គម​ស៊ីវិល ដែល​មិន​អុ​វត្ត​តាម​មាត្រា​មួយចំនួន​នៃ​ច្បាប់​នេះ​ផងដែរ ៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ​២០១៥​។​