• តំណាងរាស្ត្រ​បក្សប្រឆាំង​ទាមទារ​លោក ឈាង វុន សុំទោស​ជា​សាធារណៈ ករណី​បណ្តេញ​ចេញពី​សភា

    • Issue Date 03-Jul-2015

    ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ឲ្យ​ដឹងថា​លោក​នឹងដាក់​លិខិត​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដោយ​ទាមទារ​ឲ្យ​លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា សុំទោស​ជា​សាធារណៈ​ចំពោះ​រូបលោក ពាក់ព័ន្ធ​នឹង​ករណី​មិន​អនុញ្ញាត​ឲ្យ​លោក​ផ្តល់​បទសម្ភាសន៍​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​វិមាន​រដ្ឋសភា​។​​យោងតាម​វីដេអូ​ដែល​VOD​ថត​បាន កាលពី​ថ្ងៃ​ពុធ លោក ឈាង វុន បាន​បណ្តេញ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ចេញពី​សភា​មិន​ឲ្យ​ផ្តល់​សម្ភាសន៍​ដល់​អ្នកកា​សែត​ពាក់ព័ន្ធ​នឹង​សេចក្តីព្រាងច្បាប់​អង្គការ​។ ក្នុងពេលនោះ លោក ឈាង វុន ក៏បាន​ឲ្យ​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ដែល​ចង់​សម្ភាសន៍​លោក អ៊ុំ សំអាន ចេញពី​រដ្ឋសភា និង​ព្រមាន​ថា​លើក​ក្រោយ​នឹង​លែង​ឲ្យ​ចូល​សភា​។ លោក ឈាង វុន ថា​«​កុំ​ឲ្យ​ខ្ញុំ​ឲ្យ​សន្តិសុខ​មក​អញ្ជើញ​ចេញទៅ យល់​នៅ​? ព្រោះ​ច្បាប់ នៅក្នុង​រដ្ឋសភា​គេ​មានច្បាប់​របស់គេ ។ ហៅ​សន្តិសុខ​ឲ្យ​ខ្ញុំ​បន្តិច​មើល អញ្ជើញ​ពួកគាត់​ចេញទៅ​» ។​លោក អ៊ុំ សំអាន ប្រាប់​VOD​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​«​ខ្ញុំ​នឹងដាក់​លិខិត​មួយ​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ទាមទារ​ឲ្យ​លោក ឈាង វុន សុំទោស​ជា​សាធារណៈ ដូច​ករណី​គាត់​និយាយ​ពាក្យ​ព្នង​កាលពីមុន​។ លោក​បាន​រំលោភសិទ្ធិ​តំណាងរាស្ត្រ និង​អភ័យឯកសិទ្ធិ​»​។​​ក្រោយពី​ការបណ្តេញ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គណៈកម្មការ​ប្រព្រឹត្តិកម្ម​អង្គការ សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​(CHRAC) បានចេញ​ថ្លែងការណ៍​មួយ​ដោយ​រំឭក​សមាជិក​រដ្ឋសភា​កុំ​ឲ្យ​«​ជ្រៀតជ្រែក​តាម​ទំនើងចិត្ត​ទៅលើ​សិទ្ធិ និង​ឯកសិទ្ធិ​របស់​សមាជិក​សភា​ដទៃទៀត​ក្នុងការ​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ដោយ​សេរី និង​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ដែល​ពួកគេ​ធ្វើជា​តំណាង​»​។CHRAC​ក៏បានផ្ដល់​អនុសាសន៍​ចំពោះ​រដ្ឋសភា​ថា រដ្ឋសភា​គួរតែរៀបចំ​ទីកន្លែង​សមស្រប​ណាមួយ​នៅក្នុង​បរិមាណ​រដ្ឋសភា​សម្រាប់​ភ្នាក់ងារ​សារព័ត៌មាន​និង​សម្រាប់​សមាជិក​រដ្ឋសភា​អាច​សម្ដែង​មតិ​ជា​សាធារណៈ​បាន​។​​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្លិប​អ្នកកាសែត​កម្ពុជា​ចាត់ទុក​ការបណ្តេញ​អ្នកកាសែត​ចេញពី​វិមាន​រដ្ឋសភា​ជាការ​រំលោភបំពាន​សិទ្ធិ​ធ្ងន់ធ្ងរ ដោយ​អំពាវនាវ​ឲ្យ​ស្ថាប័នរដ្ឋ និង​តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា គោរព​សិទ្ធិសេរីភាព​របស់​អ្នកសារព័ត៌មាន​។ សេចក្តីថ្លែងការណ៍​រប​ស់​ក្លិប​អ្នកកាសែត​កម្ពុជា​ឲ្យ​ដឹងថា​ក្លិប​អ្នកកាសែត​សម្តែង​ការ​«​សោកស្តាយ​យ៉ាងខ្លាំង បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា​ឯកឧត្តម ឈាង វុន តំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​បណ្តេញ​អ្នកសារព័ត៌មាន​ចេញពី​បរិវេណ​រដ្ឋសភា កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៥ ដោយ​រួមទាំង​ប្រើពាក្យ​សម្តី និង​ឥរិយាបថ​ខុសពី​ប្រក្រតី​ក្នុងនាម​ជាម​ន្ត្រី​ស្ថាប័ន​កំពូល​របស់​ជាតិ​ទៅកាន់​អ្នកសារព័ត៌មាន​ដែល​កំពុង​បំពេញបេសកកម្ម​តាម​វិជ្ជាជីវៈ​»​។​​ឆ្លើយតប​នឹង​បញ្ហា​ទាំងនេះ លោក ឈាង វុន ប្រាប់​VOD​ថា​លោក​លែង​ទទួលស្គាល់​លោក អ៊ុំ សំអាន ទៀតហើយ ហើយ​លោក​ថា​ការដាក់​លិខិត​ទៅ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​រដ្ឋសភា​នឹងមិន​ទទួលបាន​ជោគជ័យ​នោះទេ​។ លោក​មានប្រសាសន៍ថា​«​ប្រាប់​អាហ្នឹង​(​លោក អ៊ុំ សំអាន​) ខ្ញុំ​អត់​ទទួលស្គាល់​វា​ទៀតហើយ អា​មនុស្ស​អញ្ចឹង អាម​នុស្ស ដែល​អត់​ដឹង​ខុសត្រូវ​អញ្ចឹង យើង​ឆ្កួត​ជាមួយ​វា អត់​បានទេ ទុក​ឲ្យ​វា​ឆ្កួត​ម្នាក់ឯង​ទៅ​»​។ ទាក់​នឹង​សេចក្តីថ្លែងការណ៍​របស់​ក្លិប​កាសែត លោក ឈាង វុន លើកឡើងថា​មុន​ចេញ​សេចក្តីថ្លែងការណ៍ ក្លិប​អ្នកកាសែត​ត្រូវ​យល់​ឲ្យ​ច្បាស់​ពីអ្វី ដែល​បាន​កើតឡើង​ជាមុនសិន​។​​លិខិត​របស់លោក ឈាង វុន ចុះ​ថ្ងៃទី​០១​ខែកក្កដា និង​ដាក់​ទៅ​ប្រធានរដ្ឋសភា លោក ហេង សំរិន ឲ្យ​ដឹងថា​នៅពេល​លោក​កំពុងនិយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​វិមាន​រដ្ឋសភា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​ចូល​ជ្រៀតជ្រែក ហើយ​ទាមទារ​ធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ដែរ​។ លោក​បានស្នើ​សុំ​ឲ្យ​លោក ហេង សំរិន យក​ករណីនេះ​មក​ពិចារណា ដោយ​ចាត់ទុកថា​លោក អ៊ុំ សំអាន មិន​គោរព​តាម​ការណែនាំ​របស់​ប្រធានរដ្ឋសភា​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ​២០១៥​។​