• សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឧ​ត្ត​រ​មានជ័យ​រង​ការគំរាមកំហែង​ពី​អ្នក​កាប់​ឈើ​

    • Issue Date 03-Jul-2015

    ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មិន​ត្រឹមតែ​គំរាមកំហែង​ទៅលើ​បរិស្ថាន​ធម្មជាតិ និង​សត្វព្រៃ ឱ្យ​បាត់បង់​ទីជម្រក និង​ទីកន្លែង​រស់នៅ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​កំពុង​គំរាមកំហែង​ទៅលើ​ក្រុម​សកម្មជន​អ្នកការពារ​ព្រៃឈើ​ទៀតផង​។​​ចាប់តាំងពី​ពាក់កណ្ដាល​ខែមិថុនា កន្លងទៅ ក្រុម​អ្នក​លួច​ចូលទៅ​កាប់​ឈើ​ខុសច្បាប់​នៅក្នុង​តំបន់​ព្រៃ​ការពារ​របស់​សហគម​ន៍ សង្ឃ​រុក្ខ​វ័​ន្ត បាន​គំរាមកំហែង​ផ្ទួនៗ ទៅលើ​ក្រុម​អ្នកការពារ រួមមាន​ការ​លួច​ដុតបំផ្លាញ​ផ្ទះ​របស់​សមាជិក​គណៈកម្មកា​រ និង​ដុតបំផ្លាញ​ទីស្នាក់ការ​របស់​សហគម​ន៍​ការពារ​ព្រៃឈើ​សង្ឃ​រុក្ខ​វ័​ន្ត នៅក្នុង​ភូមិ​បាក់​នឹម ជាដើម​។​​សមាជិក​គណៈកម្មការ​សហគមន៍​ការពារ​ព្រៃឈើ សង្ឃ​រុក្ខ​វ័​ន្ត ម្នាក់​នៅ​ភូមិ​បាក់​នឹម សង្កាត់​កូន​ក្រៀល នៃ​ក្រុង​សំរោង កំពុង​ត្រូវ​ការឱ្យ​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ជួយ​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់គាត់ និង​ក្រុមគ្រួសារ​។​​ការទាមទារ​ឱ្យមាន​កិច្ចការពារ​សន្តិសុខ​នេះ បាន​កើតឡើង​បន្ទាប់ពី​មនុស្ស​មិន​ស្គាល់មុខ​បាន​លួច​ចូលទៅ​ដុតបំផ្លាញ​ផ្ទះ​របស់គាត់ ដើម្បី​គំរាមកំហែង​ឱ្យ​គាត់​ដកខ្លួន​ចេញពី​សកម្មជន​ការពារ​ព្រៃឈើ​។​​សមាជិក​គណៈកម្មការ​សហគមន៍​ការពារ​ព្រៃឈើ សង្ឃ​រុក្ខ​វ័​ន្ត ម្នាក់ ក្នុងចំណោម ៤​រូប​ផ្សេងទៀត នៅក្នុង​ភូមិ​បាក់​នឹម គឺ​លោក លឿ​ត ឡោះ​។ លោក​អះអាងថា កាលពី​រាត្រី​ថ្ងៃទី​១៥ ខែមិថុនា កន្លងទៅ មាន​ជន​មិន​ស្គាល់មុខ​បាន​លួច​ដុតបំផ្លាញ​ផ្ទះ​របស់លោក​ឱ្យ​ឆេះ​គ្មាន​សល់ ក្នុងពេលដែល​ប្រពន្ធ និង​រូបលោក​មិនបាន​នៅផ្ទះ​។ បុរស​ដដែល​ចាត់ទុក​ការ​លួច​ដុត​ផ្ទះ​នេះ គឺជា​ការគំរាមកំហែង​មកលើ​រូបគាត់ ដែលជា​គណៈកម្មការ​ស​ហគ​មន៍​ការពារ​ព្រៃឈើ​សង្ឃ​រុក្ខ​វ័​ន្ត​។មូលហេតុ​ដែល​លោក​សន្និដ្ឋាន​បែបនេះ ដោយសារ​តាំងតែ​ពី​អំឡុង​ខែមេសា កន្លងទៅ គឺ​លោក​បាន​ចុះ​ល្បាត​ការពារ​ព្រៃឈើ ហើយ​ធ្លាប់​ចាប់​ដកហូតយក​កាំភ្លើង​ខ្យល់​ចំនួន ១០​ដើម ពី​ក្រុម​អ្នក​ដែល​លួច​ចូលទៅ​បាញ់​សត្វ​ខុសច្បាប់ ហើយ​លើក​ទី​២ លោក​ក៏​ប្រទះឃើញ​អ្នកភូមិ​ជាច្រើន​ដែល​ចូលទៅ​លួច​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ លោក​ក៏​ចាប់បញ្ជូន​ទៅឱ្យ​រដ្ឋបាល​ព្រៃឈើ​ដែរ​។ ក្រោយមកទៀត លោក​បានឃើញ​អ្នកភូមិ​ជាច្រើន នាំគ្នា​ជិះ​គោយន្ត​ចូលទៅ​ក្នុងព្រៃ​សហគមន៍​ដើម្បី​កាប់​ឈើ ហើយ​លោក​ក៏បាន​តាម​ទៅ​ថតរូប ធ្វើឱ្យ​អ្នកភូមិ​ទាំងនោះ​ខឹង ក៏​ដេញតាម​កាប់​រូបលោក ព្រមទាំង​មាន​អ្នក​តាម​គំរាម​ដល់ផ្ទះ​ផង​។​​លោក លឿ​ត ឡោះ បញ្ជាក់ទៀតថា រាល់​ការគំរាមកំហែង​មកលើ​រូបលោក​នេះ គឺ​លោក​ធ្លាប់​ប្ដឹងទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​កូន​ក្រៀល ក៏ប៉ុន្តែ​រហូតដល់​គេ​លួច​ដុត​ផ្ទះ​របស់លោក​ទៀត គឺ​មិនដែល​ឃើញ​សមត្ថកិច្ច​ណា​ហៅ​ទៅ​សួរនាំ​ទេ​៖ «​ឪ​ក្មេក​ឈឺ​នៅ​ស្រុក នៅឯ​ស្វាយចេក ខ្ញុំ​បានឱ្យ​ប្រពន្ធ​ទៅ​មើល​ឪ​ក្មេក ហើយ​ខ្ញុំ​នៅផ្ទះ ហើយ​ខ្ញុំ​ពេលដែល​ប្រពន្ធ​មិន​នៅ ខ្ញុំ​មិនបាន​ដាំបាយហូប ក៏​ខ្ញុំ​ទៅ​ហូបបាយ​ផ្ទះ​បង​។ ល្ងាច​ប្រហែលជា​ម៉ោង ៥​ខ្ញុំ​ចេញពីផ្ទះ ដល់​ម៉ោង ៧​យប់ ស្រាប់តែ​ភ្លើង​ឆេះ​ផ្ទះ​របស់ខ្ញុំ​»​។​​ក្រុម​អ្នក​លួច​កាប់​ឈើ​ខុសច្បាប់​នៅក្នុង​តំបន់​ព្រៃ​ការពារ​នៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត មិនមែន​គំរាមកំហែង​តែ​លើ​សមាជិក​គណៈកម្មការ​ម្នាក់នេះ​ទេ​។កាលពី​សប្ដាហ៍​មុន មាន​សេចក្ដីរាយការណ៍​ថា ក្រុម​អ្នក​លួច​កាប់​ឈើ​ទាំងនោះ មានការ​ខឹងសម្បា​ជាមួយ​សហគមន៍​ទាំងមូល ហើយ​បាន​លួច​ដុតបំផ្លាញ​ទីស្នាក់ការ សហគមន៍​ការពារ​ព្រៃឈើ​សង្ឃ​រុក្ខ​វ័​ន្ត​១ កន្លែង​នៅក្នុង​ឃុំ​បាក់​នឹម សង្កាត់​កូន​ក្រៀល នោះដែរ​។​​ទោះយ៉ាងណា វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​ព្រះ​ភិក្ខុ ប៊ុន សា​លួត ប្រធាន​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត ដែល​កំពុងតែ​ខិតខំ​ប្រឹងប្រែង​ការពារ​ព្រៃឈើ ទំហំ​ជាង ១៨.០០០​ហិកតារ​នោះ បាន​ថា​យ៉ាងណា​នៅឡើយ​។​​អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក ស្រី ណា​រ៉េ​ន មានប្រសាសន៍ថា លោក​បានដឹង​ព័ត៌មាន​ស្ដីពី​ជន​មិន​ស្គាល់មុខ​ដែល​ចូលទៅ​ដុត​ផ្ទះ​របស់​សមាជិក​គណៈកម្មកា​រ​សហគមន៍​ព្រៃឈើ តាមរយៈ​ព្រះ​ភិក្ខុ ប៊ុន សា​លួត ក៏ប៉ុន្តែ​លោក​មិនទាន់បាន​ចុះ​ស៊ើបអង្កេត​ករណីនេះ​នៅឡើយ​។​​ទោះយ៉ាងណា សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ជំរុញ​ឱ្យ​សមត្ថកិច្ច​រដ្ឋាភិបាល ត្រូវតែ​ស៊ើបអង្កេត​រឿងនេះ​ឱ្យបាន​ហ្មត់ចត់​ដើម្បី​ជួយ​លើកទឹកចិត្ត​ដល់​អ្នកការពារ​ព្រៃឈើ​៖ «​សូមឱ្យ​អាជ្ញាធរ​ហ្នឹង​គាត់​ជួយ​ចាត់វិធានការ ធ្វើការ​ស៊ើបអង្កេត​ឱ្យបាន​ហ្មត់ចត់ ដើម្បីឱ្យ​លើកទឹកចិត្ត​ដល់​សហគមន៍​ការពារ​ព្រៃឈើ​»​។​​មួយរយៈ​ពេល​ចុង​ក្រោយនេះ នៅពេលដែល​ព្រៃឈើ​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​វិនាស​សាបសូន្យ​អស់ ដោយសារតែ​ការកាប់​ធ្វើ​អាជីវកម្ម​ខុសច្បាប់ គឺ​ក្រុម​អ្នក​កាប់​ឈើ​បាន​សម្លឹង​ឃើញ​ឈើ​នៅ​ក្នុងព្រៃ​សហគមន៍ សង្ឃ​រុក្ខ​វ័​ន្ត គឺជា​ព្រៃ​ដែល​រដ្ឋាភិបាល​បាន​ចុះកិច្ចសន្យា​លក់​ឥណទាន​កាបូន​ទៅឱ្យ​ពិភពលោក​ទៀត​។ជា​ញយៗ​ក្រុម​អ្នក​កាប់​ឈើ​ខុសច្បាប់ ទាំង​ទាហាន និង​ស៊ីវិល តែង​លួច​ចូលទៅ​កាប់បំផ្លាញ​។​​កាលពី​ថ្ងៃទី​៦ ខែមិថុនា កន្លងទៅ ព្រះ​ភិក្ខុ ប៊ុន សា​លួត ជា​ប្រធាន​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត បាន​ដឹកនាំ​គណៈកម្មការ​សហគមន៍​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​តំបន់ភ្នំ​រូង​ដែក ក្នុងភូមិ​សាស្ត្រ​-​ភូមិ​ចារ នៃ​ឃុំ​លំ​ទង ស្រុក​អន្លង់វែង​។ កាលណា​ណោះ សហគមន៍​ចាប់បាន​ម៉ាស៊ីន​អារឈើ​ខុសច្បាប់​ជាច្រើន​គ្រឿង ប៉ុន្តែ ២-៣​ម៉ោង​ក្រោយមក ក៏មាន​ទាហាន​នៅក្នុង​វរៈ​លេ ៤២១ នៃ​កងពលតូច​លេខ​៤២ បានមក​ដណ្ដើមយក​វត្ថុតាង​នៃ​បទ​លើ្ម​ស​ព្រៃឈើ​ទាំងនោះ​ទៅវិញ​អស់​។​​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ លោក ស ថា​វី មានប្រសាសន៍ថា លោក​មិន​បានដឹង​ពី​ព័ត៌មាន​ដែល​ជន​មិន​ស្គាល់មុខ​បាន​លួច​ដុត​ផ្ទះ សមាជិក​សហគមន៍​ការពារ​ព្រៃឈើ​សង្ឃ​រុក្ខ​វ័​ន្ត នោះទេ ក៏ប៉ុន្តែ​លោក​បានដឹង​រឿង​ដែល​ជន​មិន​ស្គាល់មុខ លួច​ដុតបំផ្លាញ​ទីស្នាក់ការ​របស់​សហគម​ន៍​ការពារ​ព្រៃឈើ​សង្ឃ​រុក្ខ​វ័​ន្ត នៅក្នុង​ភូមិ​បាក់​នឹម​នោះដែរ​។​​លោក​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បញ្ជាក់ថា សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​ជន​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​នោះ​ហើយ​៖ «​ខ្ញុំ​បាន​បញ្ជា​ទៅ​ស្នងការ​នគរបាល​ឱ្យ​ចាត់​កម្លាំង​ចុះទៅ​ស្រាវជ្រាវ ជាបន្ទាន់​។ អ៊ីចឹង​កម្លាំង​ស្នងការ​បាន​ចុះ​ហើយ គឺ​មុខសញ្ញា​កំពុងតែ​តាមរក​ដើម្បី​យកមក​ចាត់ការ​តាមច្បាប់​»​។​​អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ បង្ហាញ​ជំហរ​ថា បើទោះបីជា​ពេលនេះ ក្រុម​អ្នក​កាប់​ឈើ​ខុសច្បាប់​កំពុងតែ​គំរាមកំហែង​ទៅលើ​សហគមន៍​ការពារ​ព្រៃឈើ​សង្ឃ​រុក្ខ​វ័​ន្ត ក៏ដោយ ក៏​សមត្ថកិច្ច​រដ្ឋាភិបាល​រួម​និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅតែ​សហការ​ជាមួយ​គណៈកម្មការ​សហ​គម​ន៍​ដើម្បី​ការពារ​ព្រៃឈើ ទំហំ​ជាង ១៨.០០០​ហិកតារ​ឱ្យបាន​គង់វង្ស​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៥​។​