• អង្គការ​ក្នុងស្រុក​ស្វែងរក​អន្តរាគមន៍​ពី​អន្តរជាតិ ទប់ស្កាត់​ការ​អនុ​ម័​ច្បាប់​NGOs

    • Issue Date 03-Jul-2015

    អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ប្រមាណ​ជា ៣៥០ អំពាវនាវ​ដល់​អង្គកា​រ​អន្តរជាតិ និង​ដៃគូរ​អភិវឌ្ឍ​នានា ជួយ​អន្តរាគមន៍​ទៅ​រដ្ឋសភា ទប់ស្កាត់​ការអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​សភា​កម្ពុជា​គ្រោង​អនុម័ត​នាពេល​ខាងមុខនេះ ។​​បើតាម​លិខិត​ព្រាង​របស់​សង្គម​ស៊ីវិល អង្គការ​អន្តរជាតិ​ដែល​គ្រោង​ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​នោះ​រួមមាន អង្គការ TI, CIVICUS, Amnesty International, Forum Asia, OMCT, Freedom House, ICNL, Oxfam, CIDSE, និង​អង្គការ​មួយចំនួនទៀត ។​​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា លោក សឿង សារឿន មានប្រសាសន៍ថា បន្ទាប់ពី​សេចក្តីព្រាងច្បាប់​នោះ​ត្រូវបាន​បញ្ជូនទៅ​សភា​នានា​ពេល​ថ្មីៗ សង្គម​ស៊ីវិល​ជាច្រើន​ព្រួយបារម្ភ​ថា​ច្បាប់​នោះ​នឹង​រឹតបន្តឹង​សិទ្ធិសេរីភាព​អង្គការ​ដែល​ជួយ​ពលរដ្ឋ​ក្រីក្រ​តាម​មូលដ្ឋាន ។ យ៉ាងណាក៏ដោយ​លោក​ថា បច្ចុប្បន្ន​សង្គម​ស៊ីវិល កំពុង​ធ្វើ​យុទ្ធនាការ​ផ្សេងៗ​គ្នា ដើម្បី​តវ៉ា​ទៅ​រដ្ឋសភា​កុំ​ឲ្យ​អនុម័ត​ច្បាប់​នោះ និង​បាន​អំពាវនាវ​ដល់​អង្គការ​អន្តរជាតិ​ឲ្យ​ជួយ​អន្តរាគមន៍​ផងដែរ ។​​លោក សឿង សារឿន ឲ្យ​ដឹងថា មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​នានា នឹង​ជួបជុំគ្នា​នៅមុខ​សាលាខេត្ត ឬ​ការិយាល័យ​តំណាងរាស្ត្រ ដើម្បី​សម្តែង​ពី​ក្តីកង្វល់ និង​ដាក់​លិខិត​ទៅ​អង្គការ​អន្តរជាតិ​ឲ្យ​ជួយ​អន្តរាគមន៍ ។លោក​បន្តទៀតថា សង្គម​ស៊ីវិល​នឹង​ជួប​តំណាងរាស្ត្រ​បក្សប្រឆាំង​ថ្ងៃទី​៦ ខែកក្កដា ហើយ​គ្រោង​ដាក់​លិខិត​ទៅ​សភា​សុំ​ជួប​ជាមួយ​តំណាងរាស្ត្រ​បក្ស​កាន់អំណាច និង​ស្នើ​ជួប​នាយករដ្ឋមន្ត្រី​ផងដែរ ដើម្បី​ពិភាក្សា​សេចក្តីព្រាងច្បាប់​នោះ ។​ជុំវិញ​សេ​ក្តី​ព្រាង​ច្បាប់​នេះ អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន ឲ្យ​ដឹងថា សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នឹងត្រូវ​ដាក់​ឲ្យ​ពិភាក្សា​នៅ​ថ្ងៃទី​០៨ ខែកក្កដា ខាងមុខនេះ មុននឹង​ដាក់​ទៅ​ឲ្យ​រដ្ឋសភា ដើម្បី​អនុម័ត ។​​មន្ត្រី​សង្គម​ស៊ីវិល​បញ្ជាក់ថា មាត្រា​៥ មាត្រា​១០ មាត្រា​១៥ មាត្រា​២២ មាត្រា​៣០ និង​មាត្រា​៣២ សុទ្ធតែជា​ការបារម្ភ​ខ្លាំង ដែល​មាត្រា​៣២​នេះ បានចែង​ពី​ការផាកពិន័យ​ធ្ងន់ធ្ងរ​ដល់​អង្គការ ឬ​សមាគម​ណា​ដែល​មិនបាន​បំពេញ​លក្ខខណ្ឌ​តាមច្បាប់​នោះ ហើយ​ឈានទៅ​លុបឈ្មោះ​អង្គភាព​នោះ​ចោល ៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ​២០១៥​។​