• លោក នី ចរិយា នឹង​ចូល​បំភ្លឺ​តាម​ការកោះហៅ​របស់​តុលាការ​នៅ​ថ្ងៃ​១៣ កក្កដា​

    • Issue Date 06-Jul-2015

    ​សកម្មជន​សិទ្ធិមនុស្ស លោក នី ចរិយា នឹង​ចូលខ្លួន​តាម​ការកោះហៅរ​បស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែកក្កដា ខាងមុខនេះ ដើម្បី​បំភ្លឺ​ជុំវិញ​បទចោទប្រកាន់​ពីបទ​បរិហារ​បង្កាច់​កេរ្តិ៍ តប​តាម​បណ្ដឹង​របស់លោក សុក កែវ​បណ្ឌិត ព្រះរាជអាជ្ញារង និង​លោក គី រិទ្ធី ចៅក្រម​នៃ​តុលាការ​ខេត្តសៀមរាប​។ សកម្មជន​សិទ្ធិមនុស្ស​រូបនេះ​បង្ហាញ​ជំហរ បាន​ត្រៀមខ្លួន​ដោយ​មិន​ភ័យខ្លាច​នោះទេ​។​​សកម្មជន​សិទ្ធិមនុស្ស លោក នី ចរិយា បញ្ជាក់ថា លោក​ត្រៀម​ភស្តុតាង​រួចជាស្រេច​ហើយ​ក្នុងការ​ចូលខ្លួន​តាម​កា​រ​កោះហៅ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែកក្កដា វេលា​ម៉ោង ៨:០០​ព្រឹក​។ លោក​ថា លោក​មិន​តក់ស្លុត ព្រោះ​អ្វីដែល​លោក​បានធ្វើ​កន្លងមក គឺជា​កាតព្វកិច្ច​ការពា​រ​សិទ្ធិមនុស្ស មិនមែន​ដើម្បី​ការពារ​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះទេ​។​​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ជំនួយ​ផ្នែក​ច្បាប់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​៤ ខែកក្កដា ថា តុលា​ការកោះហៅ​បន្ទាប់ពី​លោក​បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​មួយ ដែល​បាន​រិះគន់​មន្ត្រី​តុលាការ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជម្លោះដីធ្លី​មួយ​រវាង​ប្រជាពលរដ្ឋ ១៩​គ្រួសារ​នៅ​ភូមិ​ជប់​រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប និង​សហគមន៍​តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម​។​​សកម្មជន​ការពារ​សិទ្ធិមនុស្ស​រូបនេះ បាន​ចាត់ទុកថា រាល់​ការកោះហៅ​រូបលោក គឺជា​ការប៉ុនប៉ង​បំបិទ​សិទ្ធិសេរីភាព​របស់លោក​ដើម្បី​ចូលរួម​សកម្មភាព​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ លោក នី ចរិយា ប្រកាសថា លោក​នឹង​យក​ភស្តុតាង​ជុំវិញ​ការចោទប្រកាន់​លោក​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅពេល​ខាងមុខនេះ​៖ «​នេះ​មិនមែនជា​លើក​ទី​១​សម្រាប់​សមាគម​អាដហុក និង​រូបខ្ញុំ ហើយ​ខ្ញុំ​នឹងមិន​ភ័យខ្លាច​នោះឡើយ ក្នុងការ​ចូលខ្លួន​ទៅ​បំភ្លឺ​នេះ ហើយ​ខ្ញុំ​ក៏បាន​ត្រៀម​ភស្តុតាង​រួចហើយ​ដែរ​»​។​​វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​លោក សុក កែវ​បណ្ឌិត ព្រះរាជអាជ្ញារង និង​លោក គី រិទ្ធី ចៅក្រម​នៃ​តុលាការ​ខេត្តសៀមរាប ដែល​បានដាក់​ពាក្យ​ប្ដឹង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​រូបនេះ​បាន​នៅឡើយ​នៅ​ថ្ងៃទី​៤ ខែកក្កដា​។​​ទន្ទឹមនឹង​ការបង្ហាញ​ជំហរ​របស់​សកម្មជន​ការពារ​សិទ្ធិមនុស្ស លោក នី ចរិយា នេះដែរ កាលពី​ថ្ងៃទី​២ ខែកក្កដា ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Frontline Defenders ដែលមាន​ទីតាំង​ក្នុង​ទីក្រុង​ឌុប​លីន (Dublin) ប្រទេស​អៀរ​ឡង់ (Ireland) បាន​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ក្នុងប្រទេស​កម្ពុជា ទម្លាក់ចោល​ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ​នូវ​បទ​ចោទ​ព្រហ្មទណ្ឌ​ចំពោះ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ក្នុងស្រុក​រូបនេះ​។ ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​អន្តរជាតិ បាន​សម្ដែង​នូវ​ការព្រួយបារម្ភ​របស់ខ្លួន​យ៉ាងខ្លាំង​ចំពោះ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា ដែល​រារាំង​ការងារ​ស្របច្បាប់​របស់​សកម្មជន​ការពារ​សិទ្ធិមនុស្ស​។​​ទាក់ទង​នឹង​សំណុំរឿង​ជម្លោះដីធ្លី​ដ៏​ចម្រូងចម្រាស និង​ការចាប់ខ្លួន​ប្រជាពលរដ្ឋ​ពីរ​នាក់​ពី​សំណាក់​តុលាការខេត្ត​សៀមរាប​នេះ កាលពី​ថ្ងៃទី​២០ ខែឧសភា កន្លងទៅ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បានដាក់​បណ្ដឹង​ទៅ​ឧត្ដមក្រុមប្រឹក្សា​អង្គចៅក្រម តុលាការ​កំពូល និង​អគ្គព្រះរាជអាជ្ញា​ប្រឆាំងនឹង​មន្ត្រី​តុលាការ​ខេត្តសៀមរាប ទាំងពីរ​រូបនោះ​។​​តែ​ទោះជា​យ៉ាងណា សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក មិន​ត្រូវបាន​ស្ថាប័ន​ទាំងនោះ​ចាត់ការ​នោះឡើយ​រហូតមក​ដល់ពេលនេះ​។ ផ្ទុយទៅវិញ បណ្ដឹង​ប្រឆាំងនឹង​រូបលោក​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​មុន​ទៅវិញ​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ​២០១៥​។​