• រដ្ឋាភិបាល​អះអាងថា​ច្បាប់​អង្គការ​ធូរ​ជាង​ប្រទេស​ផ្សេងៗ​

    • Issue Date 09-Jul-2015

    មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ បាន​បន្ត​ថ្លែង​ការពារ​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​មេដឹកនាំ​អង្គការ​មិនមែន​រដ្ឋាភិបាល​បដិសេធ​មិន​ទទួលយក​ប្រសិនបើ​ចំណុចរសើប​មួយចំនួន​នៅក្នុង​សេចក្ដីព្រាងច្បាប់​នេះ​មិន​ត្រូវបាន​កែសម្រួល​។​​ការ​ថ្លែង​ការពារ​របស់​មន្ត្រី​រដ្ឋា​ភិ​បាល​ចំពោះ​សេចក្ដីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាងច្បាប់​នេះ​ដែល​រៀបចំឡើង​នៅឯ​រដ្ឋសភាជាតិ​ដោយមាន​ការចូលរួម​ពី​មេដឹកនាំ​អង្គការក្រៅរដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ តំណាងរាស្ត្រ​គណបក្សកាន់អំណាច មន្ត្រី​អង្គទូត ព្រមទាំង​តំណាង​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​។​​លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ដែលជា​ក្រសួងសាមី​រៀបចំតាក់តែង​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ បាន​ប្រាប់​អ្នកចូលរួម​ថា មន្ត្រី​ផ្នែក​ច្បាប់​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​បាន​ដក​ពិសោធន៍​ច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ពី​ប្រទេស​ចំនួន​៩ ដើម្បី​ធ្វើការ​តាក់តែង​ច្បាប់​នេះ​។​​លោក​មានប្រសាសន៍ថា​ច្បាប់​ស្តីពី​អង្គការ​នៃ​ប្រទេស​មួយចំនួន​បាន​តម្រូវ​ឲ្យ​មេដឹកនាំ​ឬ​តំណាង​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​នីមួយៗ​មាន​កាតព្វកិច្ច​ចុះបញ្ជី​ការ​ដើម្បី​បានការ​ទទួលស្គាល់​ពី​ស្ថាប័ន​ដែលមាន​សមត្ថកិច្ច ហើយ​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​ទាំងនោះ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ទទួល​ជំនួយ​ពី​បរទេស​ជាដាច់ខាត​។លោក​បាន​ពន្យល់​បញ្ជាក់​បន្ថែមថា ប្រទេស​ខ្លះទៀត​បានចាត់ទុក​អង្គការក្រៅរដ្ឋាភិបាល​ដែល​ទទួល​ជំនួយ​ពី​បរទេស​ថា​ជា​ភ្នាក់ងារ​បទេស​ទៅវិញ ហើយ​ថា​ភ្នាក់ងារ​បរទេស​ទាំងនេះ​ត្រូវ​ផ្តល់​របាយការណ៍​ប្រចាំឆ្នាំ​ស្តីពី​សកម្មភាព​ការងារ និង​ស្ថានភាព​ហិរញ្ញវត្ថុ​ជូន​ដល់​រដ្ឋាភិបាល​។​«​ចំណែក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ មិនបាន​ប្រកាន់​ជំហរ​ដូច​បណ្ដា​ប្រទេសមួយ​ចំនួន​ខាងលើ​នោះទេ សេចក្តីព្រាងច្បាប់​នេះ​ផ្ដល់​លទ្ធភាព​ពេញលេញ​ដល់​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ទទួលយក​ជំនួយ​ពី​បរទេស​មក​បម្រើ​សកម្មភាព​របស់ខ្លួន ដោយ​គ្រាន់តែ​តម្រូវ​ឲ្យ​ចម្លង​របាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្តីពី​សកម្មភាព​និង​ស្ថានភាព​ហិរញ្ញវត្ថុ​ប្រចាំ​តែប៉ុណ្ណោះ​»​។​​លោក ប៉ុល លឹម បាន​បន្តថា កម្ពុជា​ស្ថិតក្នុង​ស្ថានភាព​ដែល​តម្រូវ​មានច្បាប់​នេះ​ជា​ចាំបាច់ ដោយបាន​រៀបរាប់ថា​៖«​ភាពចាំបាច់​ពេលនេះ ឃើញថា​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​គប្បី​ត្រូវ​មានច្បាប់​គ្រប់គ្រង​ហើយ​។​មានន័យថា​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​នេះ​ច្រើនណាស់ រាប់​ទៅ​ចុះ​នៅ​ក្រសួងមហាផ្ទៃ​ជាង​បួន​ពាន់​និង​អនុស្សរណៈ​នៅ​ក្រសួងការបរទេស​ជាង​បួន​រយ​។ អញ្ចឹង​ខ្ញុំបាទ​ដែល​ទៅ​ការពារ​របាយការណ៍ UPR នៅ​អង្គការសហប្រជាជាតិ​នៅ​ហ្សឺ​ណែវ​ពីរលើក​ហើយ ក៏បាន​សួរ​អស់លោក​ឯកឧត្ដម​ដែល​ចូលរួម​ថា​តើ​នៅ​ប្រទេស​អស់លោក​មាន​សមាគម​ច្រើន​ដូច​កម្ពុជា​? គេ​ថា​ហ៊ឺ​ខ្ញុំ​មិន​ឆ្លើយ​បានទេ ប៉ុន្តែ​កម្ពុជា​ដូចជា​ច្រើនពេក​»​។​​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​រូបនេះ​បញ្ជាក់ថា សេចក្ដីព្រាងច្បាប់​នេះ​មិនមាន​ចេតនា​រិត​ត្បិត​ដល់​សេរីភាព​ក្នុងការ​បង្កើត​និង​ការធ្វើ​ប្រតិបត្តិការ​របស់​សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល​នោះទេ ពីព្រោះ​សេចក្ដីព្រាងច្បាប់​មានបំណង​គ្រប់គ្រង​សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល​នេះ ឲ្យ​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​។​​ផ្ទុយ​ពី​ការលើកឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​រូបនេះ លោក សឿង សារឿន នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​ការពិគ្រោះ​យោបល់​នោះ​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ប្រកាន់​ជំហរ​មិន​ទទួលយក​សេចក្តីព្រាងច្បាប់​នៅក្នុង​ទម្រង់​បច្ចុប្បន្ន​។ លោក​ស្នើ​ឲ្យ​មានការ​កែប្រែ​មាត្រា​ចំនួន​ពីរ​ជាបន្ទាន់​ក្នុងចំណោម​មាត្រា​ផ្សេងទៀត​ដែលមាន​លក្ខណៈ​រិត​ត្បិត​លើ​សិទ្ធិសេរីភាព ហើយ​ដែល​ត្រូវបាន​សរសេរ​នៅក្នុង​សេចក្ដីព្រាងច្បាប់​នេះ​។​«​មាត្រា​ពីរ​ទៀត​ដែល​អង្គការ​សង្គម​ស៊ីវិល​ទទូច​ឲ្យ​មានការ​ផ្លាស់ប្តូរ​យ៉ាងគំហុក​គឺ​មាត្រា​ទី​ប្រាំបួន ដែល​មាត្រា​ទី​ប្រាំបួន​នេះ គឺ​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក អង្គការ​ជាតិ​ក្នុងស្រុក​ឬក៏​សមាគម​ក្នុងស្រុក​ត្រូវតែ​ចុះបញ្ជី​។ បើ​អត់​ចុះបញ្ជី​គឺ​គាត់​អត់​អាចធ្វើ​សកម្មភាព​បាន​នោះទេ​។ អញ្ចឹង​ចំណុច​នេះ​គឺមាន​ការរំលោភ​ទៅលើ​សន្ធិសញ្ញា​ស្តីអំពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ក្នុង​មាត្រា​២២​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់រូប​បង្កើត​អង្គការ​សមាគម​ដោយ​សេរី​»​។​​លោក​ឲ្យ​បន្តថា មាត្រា​២៤ ដែល​និយាយ​ពី​អព្យាក្រឹតភាព​នៃ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំពោះ​គណបក្សនយោបាយ​បាន​រំលោភបំពាន​ដល់​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ និង​សិទ្ធិ​នយោបាយ​ដែលមាន​ចែង​ក្នុង​មាត្រា​៤១​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​«​អញ្ចឹង​ជា​សរុប ជំហរ​របស់​អង្គការ​សង្គម​ស៊ីវិល​គឺ​ច្បាប់​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​នៅក្នុង​ទម្រង់​បច្ចុប្បន្ននេះ គឺ​ពួកយើង​មិនអាច​ទទួលយក​បានទេ​»​។​​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល VOA ទទួលបាន​ពី​មន្ត្រី​នៅ​រដ្ឋសភា​នៅថ្ងៃនេះ មាន​៩​ជំពូក និង​៣៩​មាត្រា​។​​សេចក្តីព្រាងច្បាប់​បានចែង​ពី​វិធានការ​រដ្ឋបាល​និង​ទោស​ប្បញ្ញត្តិ​ផងដែរ​។ នៅក្នុង​មាត្រា​មួយចំនួន​ចែង​ពី​វិធានការ​រដ្ឋបាល​និង​ទោស​ប្បញ្ញត្តិ​នេះ បាន​បើកផ្លូវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​សមាគម​ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ណា​ដែល​ធ្វើ​សកម្មភាព​ដោយ​មិនបាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​នេះ​។ ក្នុងករណី​មិន​រាងចាល សមាគម​ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​នោះ ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ទៅ​១០​លាន​រៀល​ដោយ​ក្រសួងមហាផ្ទៃ​។ ​ទាក់ទិន​នឹង​សមាគម​ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​វិញ មាត្រា​៣៤​នៃ​សេចក្តីព្រាងច្បាប់​នេះ​បាន​ចែងថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​បញ្ឈប់​ជាបន្ទាន់ ចំពោះ​សមាគម​ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ណា​ដែល​ធ្វើ​សកម្មភាព​ដោយ​មិនបាន​ចុះបញ្ជី ឬ​ដែល​ត្រូវបាន​បញ្ចប់​ដោយ​សុពលភាព​អនុស្សរណៈ​ដោយ​ក្រសួងការបរទេស​។ វិធានការ​បន្ថែម​ទាក់ទង​នឹង​ការបណ្តេញចេញ​ស្របតាម​ច្បាប់​អន្តោប្រវេសន៍​អាច​ត្រូវបាន​អនុវត្ត​ចំពោះ​ជនបរទេស​ណា​ដែល​បម្រើ​ការងារ​នៅក្នុង​សមាគម​ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ដែល​ប្រព្រឹត្តល្មើស​ខាងលើ​ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត​៕​ដកស្រង់​ពី​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក ចេញផ្សាយ​ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ​២០១៥​។​