-
សហជីពរៀបចំយុទ្ធសាស្ត្រ៣សំខាន់ ដើម្បីទប់ស្កាត់ច្បាប់សហជីព
- Issue Date 14-Jul-2015
សហជីពនៅកម្ពុជារៀបចំយុទ្ធសាស្ត្រ៣សំខាន់ ដើម្បីទប់ស្កាត់សេចក្ដីព្រាងច្បាប់ស្ដីពីសហជីព។ យុទ្ធសាស្ត្រទាំង៣នេះ ត្រូវបានបង្ហើបឲ្យដឹង បន្ទាប់ពីសមាជិកសហជីពជាង២០០នាក់ បានជួបពិភាក្សាគ្នា ពេញមួយថ្ងៃអាទិត្យម្សិលមិញ។ ក្រៅពីនោះ ក៏មានផងដែរ ការផ្ដល់យោបល់សម្រាប់ការកែប្រែសេចក្ដីព្រាងច្បាប់សហជីព ក្នុងករណីមិនអាចទប់ស្កាត់បាន។ដោយចង់ឲ្យមានការទម្លាក់ចោលសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ក្រុមសហជីពនៅកម្ពុជា បានរៀបចំយុទ្ធសាស្ត្ររួមគ្នាចំនួន៣។ យុទ្ធសាស្ត្រទី១៖ គឺបញ្ចុះបញ្ជូលស្ថាប័នពាក់ព័ន្ធ អង្គការជាតិនិងអន្ដរជាតិ ស្ថានទូតបរទេស ព្រមទាំងរដ្ឋសភាជាតិ ឲ្យចូលរួមទប់ស្កាត់ច្បាប់សហជីព។ យុទ្ធសាស្ត្រទី២៖ គឺផលិតឯកសារដ៏មានសារៈសំខាន់ ដើម្បីទប់ទល់នឹងការតាក់តែងច្បាប់សហជីព។ ហើយយុទ្ធសាស្ត្រទី៣៖ ក្រុមសហជីពនឹងរួមគ្នារៀបចំព្រឹត្តិការណ៍ជំទាស់នឹងច្បាប់ស្ដីពីសហជីព។ ក្នុងនោះ ព្រឹត្តិការណ៍ដំបូងគេនឹងត្រូវរៀបចំនៅថ្ងៃទី២៦ខែកក្កដានេះ ដោយមានអ្នកចូលរួមជាងមួយពាន់នាក់។យ៉ាងណាក៏ដោយ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងជាប្រធានសហជីព ស៊ីខាវឌូ មិនមានសង្ឃឹមថា រដ្ឋាភិបាលនឹងទម្លាក់ចោលសេចក្ដីព្រាងច្បាប់នេះ ស្របតាមការចង់បានរបស់សហជីពឡើយ។ ប្រសិនបើគ្មានការទម្លាក់ចោល ក្រុមសហជីព នឹងតស៊ូមតិដើម្បីឲ្យមានការកែប្រែសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពនេះមុននឹងសភាសម្រេចអនុម័ត។ប្រធានសហជីព ស៊ីខាវឌូ បញ្ជាក់ប្រាប់វិទ្យុបារាំងថា ក្រុមសហជីព បានរៀបចំរួចហើយ សំណើរួមមួយដែលមាន៣០មាត្រា សម្រាប់ធ្វើការកែប្រែសេចក្ដីព្រាងច្បាប់សហជីព ក្នុងគោលដៅកាត់បន្ថយការគាបសង្កត់ និងការដាក់ទណ្ឌកម្មទៅលើសហជីព។នេះបើតាមលោកអាត់ធន់។គួររំលឹកជូនថា សេចក្ដីព្រាងច្បាប់សហជីព ត្រូវបានសហជីពរិះគន់ថា មានលក្ខណៈរឹតត្បិតរំលោភសិទ្ធិកម្មករ និយោជិត និងជាពិសេសមានការដាក់ទោសទណ្ឌធ្ងន់ធ្ងរទៅលើសហជីព។ កន្លងមក រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យភាគីពាក់ព័ន្ធចូលរួមពិភាក្សានិងផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់នេះដែរ។ក្រសួងការងារបានគូសបញ្ជាក់ថា មតិយោបល់ដែលលើកឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់កន្លងមក ត្រូវបានបញ្ជូលទៅក្នុងខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពរួចហើយ។ ប៉ុន្តែសហជីពអះអាងថា មតិយោបល់សំខាន់ៗជាច្រើនរបស់ពួកគេ មិនត្រូវបានបញ្ចូលទៅក្នុងសេចក្ដីព្រាងច្បាប់នេះឡើយ៕ដកស្រង់ពីវិទ្យុបារាំងអន្តរជាតិ ចេញផ្សាយថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៥។