• អង្គការ​និង​សមាគម​ចំនួន​៣៨ ទាមទារ​ឲ្យ​ព្រឹទ្ធសភា​បដិសេធ​ច្បាប់​NGOs

    • Issue Date 16-Jul-2015

    អង្គការ​និង​សមាគម​ជាង​៣០​អំពាវនាវ​ឲ្យ​ព្រឹទ្ធសភា​បដិសេធ​ទាំងស្រុង​ទៅនឹង​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បោះឆ្នោត​អនុម័ត​ជា​ឯក​ច្ឆ័​ន​កាលពី​ម្សិលមិញ ដោយ​ចាត់ទុកថា​ច្បាប់​នេះ​នឹង​រឹតបន្តឹង​សិទ្ធិសេរីភាព​របស់​ពួកគេ​។​​អង្គការ​និង​សមាគម​ទាំងនោះ​រួមមាន​ដូចជា​សហភាព​ការងារ​កម្ពុជា​(CLC) មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) សមាគម​ធាងត្នោត (STT) លីកាដូ​(LICADHO)​និង​សមាគម​អាដហុក​ជាដើម​។ អង្គការ​និង​សមាគម​ចំនួន​៣៨ នៅថ្ងៃនេះ​បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដោយ​ស្នើ​ឲ្យ​ព្រឹទ្ធសភា​បដិសេធចោល​ទាំងស្រុង​នូវ​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​​សេចក្តីថ្លែងការណ៍​រួម​ឲ្យ​ដឹងថា​អង្គការ​សមាគម​ទាំងនោះ​លើកឡើងថា​ការអនុម័ត​ច្បាប់​នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយ​នៅក្នុង​យុទ្ធនាការ​ជាទូទៅ​មួយ​របស់​រាជរ​ដ្ឋា​ភិ​បាល ដើម្បី​រឹតត្បិត​សិ​ទិ្ធ​សេរីភាព​ប្រជាពលរដ្ឋ និង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ល​ទិ្ធ​ប្រជាធិបតេយ្យ​។​​នាយិកា​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិ​ទិ្ធ​មនុស្ស លីកាដូ លោកស្រី ណា​លី ពី​ឡូ​ក មានប្រសាសន៍ថា សម្រាប់​គណបក្សកាន់អំណាច ការបោះឆ្នោត​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល គឺជា​ការ​បំបិទ​សំឡេង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ លោកស្រី​បន្ថែមថា​«​ការសម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល ក្នុងការ​បង្ខំ​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សង្គម​ស៊ីវិល​ទាំងអស់ ហើយ​បង្ហាញ​នូវ​បំណង​យ៉ាងច្បាស់​ថា​ច្បាប់​នេះ នឹង​ក្លាយជា​ឧបករណ៍​មួយ​ដើម្បី​គាបសង្កត់​សម្លេង​រិះគន់ និង​គ្រប់គ្រង​ទាំងស្រុង​មកលើ​ប្រជាពលរដ្ឋ ឲ្យ​បាន​មុន​បោះឆ្នោត​នៅក្នុង​អណ​ត្តិ​ក្រោយ​”​។​​សេចក្តីថ្លែងការណ៍​រួម​នេះ​បន្តថា​រាជរដ្ឋាភិបាល​បាន​រំលោភ​ទាំងស្រុង​មកលើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ច្បាប់​អន្តរជាតិ និង​មិន​ចាប់អារម្មណ៍​លើ​ការអំពាវនាវ​យ៉ាង​ទូលំទូលាយ​របស់​សង្គម​ស៊ីវិល គណបក្សជំទាស់ ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​នោះទេ ដែល​រួមមាន​ការព្រមាន​យ៉ាង​ធ្ងន់ៗ​ពី​សហគមន៍​អឺរ៉ុប និង​អង្គការសហប្រជាជាតិ​។​VOD​មិនទាន់​អាចទាក់ទង​មន្ត្រី​ព្រឹទ្ធសភា ដើម្បី​សុំ​ការអត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​។​​គួររំឭកថា​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​អង្គការ​ត្រូវបាន​រដ្ឋសភា​អនុម័ត​ដែល​មានតែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​៦៨​រូប កាលពី​ថ្ងៃ​ម្សិលមិញ​។ សង្គម​ស៊ីវិល​រកឃើញថា​ក្នុងចំណោម​៣៩​មាត្រា គឺ​យ៉ាងតិច​មាន​២៥​ភា​ត្រា មាន​ខ្លឹមសារ​កម្រិត​សិទ្ធិ​ធ្វើ​សកម្មភាព​របស់​សង្គម​ស៊ីវិល និង​រំលោភ​សិទ្ធិមនុស្ស ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​។ សង្គម​ស៊ីវិល​បារម្ភ​ថា តាម​អំណាច​នៃ​ច្បាប់​នោះ នឹងធ្វើ​ឲ្យ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយក្រោយ​៕​ ​ដកស្រង់​ពី​សារព័ត៌មាន​ថ្មីៗ ចេញផ្សាយ​ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ​២០១៥​។​