• សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ប្រកាស​ពហិការ​មិន​ចូលរួម​យោបល់​ច្បាប់​អង្គការ​

    • Issue Date 17-Jul-2015

    «​ខ្លួន​ខ្ញុំ (​គង់ គាំ​) និង​ក្រុម​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស សម រង្ស៊ី និង​ធ្វើពហិការ​មិន​ចូលរួម​ផ្តល់យោបល់ ក្នុងសម័យ​ប្រជុំ​ពេញ​របស់​ព្រឹទ្ធ​នៅពេល​ខាងមុខ​ទេ ប្រសិនបើ​ព្រឹទ្ធសភា​សម្រេច​ដាក់​ច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅក្នុង​របៀបវារៈ ដើម្បី​ផ្តល់យោបល់ និង​អនុម័ត​នោះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​គង់ គាំ សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ និង​ជា​ប្រធាន​ក្រុមទី​៦ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ក្នុង​លិខិត​ដែល​បាន​ចុះ​នៅ​ថ្ងៃទី​១៦ ខែកក្កដា​។​​បើតាម​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​រូបនេះ​បាន​លើកឡើងថា ព្រឹទ្ធសភា​មិន​ទទួល​ផ្តល់យោបល់​អនុម័ត​ច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទេ គឺ​ព្រឹទ្ធសភា​ត្រូវ​ផ្ញើ​ត្រឡប់​ទៅ​រដ្ឋសភា​វិញ​ដើម្បី​ឲ្យ​រដ្ឋសភា​សម្រួល​ខ្លឹមសារ​មួយចំនួន ឲ្យ​ស្របទៅនឹង​ច្បាប់​រដ្ឋ​ធ្ម​នុ​ញ្ញ និង​ឆន្ទៈ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ក្រុមតំណាងរាស្ត្រ​គណបក្ស​ក្រៅ​រដ្ឋាភិបាល ព្រមទាំង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ឲ្យ​បាន​ទូលំទូលាយ និង​ល្អិតល្អន់​បន្ថែមទៀត​។​​លោក​គង់ គាំ បាន​បន្តថា ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល បានធ្វើ​ប្រតិបត្តិការ​ផ្អែកលើ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​ពាក់ព័ន្ធ​យ៉ាង​រលូន​រហូតមក មិនទាន់​មានការ​ចំ​បាច់ និង​ភាព​បន្ទាន់​ដាក់​ឲ្យ​ប្រើ​ច្បាប់​ដ៏​ចម្រូងចម្រាស់​នោះទេ​។​​ការប្រកាស​ជំហរ​របស់លោក​គង់ គាំ បាន​ធ្វើឡើង​ស្របគ្នា​នឹង​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​សហភាព​អឺរ៉ុប​ដែល​បាន​អំពាវនាវ​ឲ្យ​ព្រឹទ្ធសភា​បដិសេធចោល​ទាំងស្រុង​នូវ​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​។នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​សហភាព​អឺរ៉ុប បាន​ដោយ​ចាត់ទុកថា​ច្បាប់​នេះ​មិន​ស្របតាម​គោលការណ៍​សិទ្ធិមនុស្ស លើ​សេរីភាព​នៃ​ការប្រមូលផ្តុំ​។​​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប​បញ្ជាក់ថា គួរ​ឲ្យ​សោកស្ដាយ​បញ្ហា​ព្រួយបារម្ភ​សំខាន់ៗ​មួយចំនួន​មិនត្រូវ​បាន​តំណាងរាស្ត្រ​យកមក​ពិចារណា​ឲ្យ​បាន​គ្រប់គ្រាន់​ឡើយ​។ ច្បាប់​នេះ​មាន​សក្តានុពល យ៉ាង​ធំធេង​ក្នុង​ការដាក់កំហិត​ដល់​សកម្មភាព​របស់​អង្គការក្រៅរដ្ឋាភិបាល​។​​យ៉ាងណាក្តី បើតាម​ការអះអាង របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​វិញ បាន​បញ្ជាក់ថា ការបង្កើត​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ច្បាប់​ស្តីពី​សហជីព គឺ​ដើម្បី​ការពារ​ទ្រទ្រង់​សិទ្ធិ​, សេរីភាព និង​ផលប្រយោជន៍​របស់​សមា​គម​, អង្គការ មិនមែន​រដ្ឋាភិបាល និង សហជីព​ទាំងអស់ និង​ផលប្រយោជន៍​សាធារណៈ ព្រមទាំង​ធានា​ឱ្យ​កិច្ច​ដំណើរ ការ​របស់​អង្គការ​ទាំងនេះ ប្រព្រឹត្តទៅ​ប្រកបដោយ​ប្រសិទ្ធភាព ស្របតាម​គោលការណ៍​នីតិរដ្ឋ និង​អភិបាលកិច្ច​ល្អ​។ ហើយ​រដ្ឋាភិបាល​ក៏​ប្រឆាំង​ផងដែរ ចំពោះ​រាល់​ទង្វើ​ជ្រៀតជ្រែក​ពី​មជ្ឈដ្ឋាន​បរទេស​ចូល ក្នុង​ដំណើរការ​នេះ ដែលជា​ការរំលោភបំពាន​លើ​ឯករាជ្យ និង​អធិបតេយ្យ​របស់​កម្ពុជា ហើយ​អំពាវនាវ ឱ្យ មានការ​គោរព​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា រដ្ឋ​អធិបតេយ្យ និង​ជា​សមាជិក​មួយ នៃ​អង្គការសហប្រជាជាតិ​។​​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៣ ខែកក្កដា​នេះ សេចក្តីព្រាងច្បាប់​គ្រប់គ្រង​អង្គការ​ត្រូវបាន​រដ្ឋសភា​អនុម័ត​ដែល​មានតែ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​៦៨​រូប ប៉ុន្តែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​ពហិការ​មិន​ចូលរួម​អនុម័ត​ច្បាប់​មួយ​នេះ​៕​ដកស្រង់​ពី​វិទ្យុ​វាយោ ចេញផ្សាយ​ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ​២០១៥​។​