• ជំទប់​ទី​១​បក្សប្រឆាំង​និង​បក្សពួក​ត្រូវ​ជនអនាមិក​បាច​ត្រាក់​គំរាមកំហែង​អាយុជីវិត​

    • Issue Date 10-Sep-2015

    ​ជំទប់​ទី​១​មកពី​គណបក្សប្រឆាំង​ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវ​ជនអនាមិក​បាច​ខិត្តប័ណ្ណ គំរាមកំហែង​ដល់​ការបញ្ចេញមតិ និង​ការរស់នៅ ធ្វើ​ឲ្យ​ភ័យខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។​​ជំទប់​ទី​១ សន្និដ្ឋានថា ការគំរាមកំហែង​នេះ អាច​ជាការ​បំបាក់ស្មារតី​ក្នុងការ​បញ្ចេញមតិ ដោយសារ​កន្លងទៅ​រូបលោក​ចូលរួម​តវ៉ា​រឿង​ទំនាស់​ដីធ្លី​នៅក្នុង​មូលដ្ឋាន​ជាមួយ​ប្រជាពលរដ្ឋ​ញឹកញាប់​។​​ជំទប់​ទី​១ ឃុំ​គោក​កឋិន មកពី​គណបក្ស សម រង្ស៊ី អំពាវនាវ​ឲ្យ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ ធ្វើការ​ស៊ើបអង្កេត និង​ចាប់​ជន​ដែល​បោះ​ខិត្តប័ណ្ណ​គំរាមកំហែង​នោះ ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ដើម្បី​រក្សា​សុវត្ថិភាព​របស់លោក​។​​ជំទប់​ទី​១​ឃុំ​គោក​កឋិន លោក បូ​រិន្ទ ឈាន ថ្លែង​កាលពី​ទី​៨ ខែកញ្ញា ថា លោក​ទទួលបាន​លិខិត​ដែល​បោះ​តាមផ្លូវ​សាធារណៈ​នៅមុខ​ផ្ទះ​របស់លោក​កាលពី​រសៀល​ថ្ងៃទី​៦ ខែកញ្ញា កន្លងទៅ ដែល​បាន​គំរាមកំហែង​យ៉ាងខ្លាំង​ដល់​ការបញ្ចេញមតិ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​រស់នៅ​ប្រចាំថ្ងៃ​។ លោក​អះអាងថា នៅក្នុង​ខ្លឹមសារ​លិខិត​នោះ សរសេរ​សំដៅ​ឈ្មោះ​លោក និង​បុគ្គល​ចំនួន ៣​នាក់​ទៀត គឺ​លោក សៀង សំណាង ជំទប់​ទី​២ ឃុំ​គោក​កឋិន មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក មួន វ​ន្នី ក្រុមប្រឹក្សាឃុំ និង​លោក ប្រាក់ ឈឿន សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​​នៅក្នុង​សារលិខិត​នោះ​សរសេរ​ទៀតថា យើង​ជា​ប្រជាពលរដ្ឋ​ជម្រាប​ដល់​លោក​ទាំង​៤​ថា ល្មម​ឈប់​មហិច្ឆតា​ការ​ឆ្កឹះឆ្កៀល កេងប្រវ័ញ្ច និង​ការ​អួតអាង​បន្តទៀត ព្រមទាំង​ការ​ដេក​ដើរ ឈរ​អង្គុយ ឬ​និយាយស្ដី​ឲ្យ​មានការ​ប្រុង​ប្រយ័ត​ខ្ពស់បំផុត​ជាដើម​៖ «​មនុស្ស​ដែល​ខ្ញុំ​សង្ស័យ​មាន​ចំនួន ៣​នាក់ គឺ​ទី​១ អតីត​មេឃុំ​គោក​កឋិន ទី​២ លោក ចាប សាន និង​លោក ឡាន សឿន​។ ទាំងនោះ​ប្រជាពលរដ្ឋ​បានឃើញ​ផ្ទាល់​គឺ​លោក ចាប សាន នៅពេលដែល​គាត់​យក​ខិត្តប័ណ្ណ​ទៅ​បោះ​នៅមុខ​របស់​ផ្ទះ​អ្នកភូមិ​»​។​​ការបោះ​ខិត្តប័ណ្ណ​នេះ​ធ្វើឡើង​បន្ទាប់ពី​ជំទប់​ទី​១ បានដាក់​ពាក្យ​ប្ដឹង​អ្នក​ដែល​ពាក់ព័ន្ធ​រឿង​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ជាង ១៦០​គ្រួសារ នៅ​ឃុំ​គោក​កឋិន ទៅ​សាលាខេត្ត​បន្ទាយមានជ័យ ដើម្បី​ឲ្យ​អភិបាលខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​​ទាក់ទង​នឹង​បញ្ហា​នេះ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ​គោក​កឋិន លោក អ៊ុយ ចន្ថា មានប្រសាសន៍ថា ពិតជា​មាន​ជន​មិន​ស្គាល់មុខ​បោះ​ខិត្តប័ណ្ណ​ក្នុងន័យ​គំរាមកំហែង​ជំទប់​ទី​១ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​គោក​កឋិន ប្រាកដ​មែន​។​​លោក​បញ្ជាក់ថា សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​មុខសញ្ញា​អ្នក​ដែល​បាច​ខិត្តប័ណ្ណ​នោះ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ហើយ​៖ «​ខ្ញុំ​អត់​ដឹងថា នរណា​ជា​អ្នក​បោះ​ខិត្តប័ណ្ណ​នោះទេ ប៉ុន្តែ​ខ្ញុំ​បានទទួល​ខិត្តប័ណ្ណ​ចំនួន ៤​សន្លឹក ហើយ​ខ្ញុំ​បាន​បញ្ជូន​ខិត្តប័ណ្ណ​នោះ​ទៅ​ឲ្យ​លោក​អធិការនគរបាល​ស្រុក​ថ្មពួក ហើយ​»​។​​ទោះ​យ៉ាងនេះ​ក្ដី​មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទ​គា មានប្រសាសន៍ថា លោក​បានទទួល​ពាក្យបណ្ដឹង​ពី​ជំទប់​ទី​១ ឃុំ​គោក​កឋិន ពាក់ព័ន្ធ​នឹង​រឿង​បោះ​ខិត្តប័ណ្ណ​គំរាមកំហែង​នេះហើយ​។​​លោក​បញ្ជាក់ថា ការបោះ​ខិត្តប័ណ្ណ​នេះ​គឺជា​ការគំរាមកំហែង និង​បិទ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ការបំភិតបំភ័យ​កំបាក់​ស្មារតី​ប្រជាពលរដ្ឋ ដើម្បី​កុំ​ឲ្យ​ចូលរួម​ធ្វើការ​តវ៉ា​រឿង​ទំនាស់​ដីធ្លី​បន្តទៀត​៖ «​ប្រសិន​ការបោះ​ខិត្តប័ណ្ណ​នោះ​បញ្ជាក់​ឈ្មោះ​ចំ​បុគ្គល​ច្បាស់លាស់ គឺ​ករណីនេះ​ស្មើនឹង​ការ​គំរាម​សម្លាប់​ហើយ​។ ដូច្នេះ​ជន​ដែល​ប្រព្រឹត្ត​នោះ​ត្រូវ​ទទួលទោស​តាមផ្លូវ​ច្បាប់​។ ប៉ុន្តែ​ប្រសិនបើ​ការបោះ​ខិត្តប័ណ្ណ​នោះ​ជាការ​តស៊ូ​មតិ ដូចជា​ឲ្យ​រដ្ឋាភិបាល​គិត​សាជាថ្មី​នៅ​រឿង​អ្វីមួយ ដើម្បី​ជា​ផលប្រយោជន៍​សង្គម គឺ​គ្មាន​ទោស​ទេ​»​។​​ទោះ​យ៉ាងនេះ ជំទប់​ទី​១ កំពុង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​បានរៀបចំ​ពាក្យបណ្ដឹង​ពាក់ព័ន្ធ​បញ្ហា​នេះ​ដាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាប់​ជន​ដែល​បោះ​ខិត្តប័ណ្ណ​នោះ​ដោះស្រាយ​ស្រាយ​តាមផ្លូវ​ច្បាប់​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ​២០១៥៕​