• តុលាការ​កាត់ទោស​សកម្ម​ជន​សង្គ្រោះ​ជាតិ​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ​ពីបទ​ហិង្សា​ប្រឆាំង​រាជការ​សាធារណៈ​

    • Issue Date 10-Sep-2015

    សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍​នេះ​បានប្រកាស​សាលក្រម​កាត់ទោស​សកម្ម​ជន​គណបក្ស សង្គ្រោះ​ជាតិ​ម្នាក់ លោក អ៊ុក ពេជ្រ​សំណាង អាយុ​៥១​ឆ្នាំ ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ ពីបទ​បង្ក​អំពើហិង្សា​ដោយ​ចេតនា​និង​ប្រឆាំង​អ្នករាជការ​សាធារណៈ ខណៈ​លោក​កំពុង​ជាប់ពន្ធនាគារ​ពីបទ​ចោទ​ផ្សេង​មួយទៀត​។​​ហិង្សា​ដែល​តុលាការ​កាត់ទោស​នោះ​ទាក់ទង​នឹង​ការប្រព្រឹត្ត​នៅ​ចំណុច ខាងជើង​នាគ​បាញ់​ទឹក ផ្លូវ​ព្រះ​សុរាម្រិត សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៤​។ លោក អ៊ុក ពេជ្រ​សំណាង ត្រូវបាន​ចោទប្រកាន់ថា​បាន​បើក​ម៉ូតូ​កង់​បី​ដែល​ដឹក​អ្នក​តវ៉ា​បុក​របា ដែក​របស់​កងសន្តិសុខ​ខណ្ឌដូនពេញ នៅពេល​លោក​ចូលរួម​តវ៉ា​ជាមួយ​ប្រជាពលរដ្ឋ​មកពី​ខេត្តព្រះវិហារ ដែល​ព្យាយាម​ដាក់​ញ​តិ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ។​​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក អ៊ឹម វណ្ណៈ បានប្រកាស​សាលក្រម​ដោយ​ដាក់ទោស​លោក អ៊ុក ពេជ្រ​សំណាង ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ ពិន័យ​ជា​ប្រាក់​៤​លាន​រៀល​និង​ត្រូវ​ផ្តល់​សំណង​១០​លាន​រៀល​ទៅ​ជនរងគ្រោះ​។​​បន្ទាប់ពី​តុលាការ​ប្រកាស​សាលក្រម លោក អ៊ុក ពេជ្រ​សំណាង បាន​ស្រែកថា​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​រូបលោក ដោយ​លោក​ចាត់ទុកថា​នេះ​ជា​រឿង​នយោបាយ​។ លោ​កថា​អ្វីដែល​លោក​បានធ្វើ​គឺ​ការងារ​ជួយ​សង្គម​តែប៉ុណ្ណោះ និង​លោក​ចាត់​ទុ​លា​ការ​សាលាដំបូង​ថា​ជា​តុលាការ​ឧក្រិដ្ឋកម្ម​។​​លោក ជូ​ង ជូ​ងី ដែលជា​មេធាវី​របស់លោក អ៊ុក ពេជ្រ​សំណាង ប្រាប់​វី​អូ​ឌី​(VOD)​នៅ​ព្រឹក​នេះ​ថា​ការ​ម្រេច​របស់​តុលាការ​ជា​រឿង​អ​យុ​ត្តិ​ធរ​សម្រាប់​កូនក្តី​របស់លោក​។ លោក​បន្តថា​លោក​និង​ពិភាក្សា​ជាមួយ​កូនក្តី​របស់លោក​បន្តទៀត​ថា​តើ​នឹងត្រូវ​ប្តឹងទៅ​ឧទ្ធរណ៍​ទៀត​ឬ​យ៉ាងណា​។​​លោក​មានប្រសាសន៍ថា​៖ “​មានតែ​គេ​ប្រើ​អំពើហិង្សា​លើ​គាត់ បែកក្បាល​ហូរឈាម ពេលដែល​សមត្ថកិច្ច​ចាប់គាត់​ក៏​ឃើញ​គាត់​បែកក្បាល​ហូរឈាម ពេលដែល​តុលាការ​សួរចម្លើយ​គាត់​ក៏​ឃើញថា​គាត់​បែកក្បាល​ហូរឈាម មិន​ដាក់ទោស​អ្នក​ប្រើ​អំពើហិង្សា​មកលើ​គាត់ មក​ចោទប្រកាន់​គាត់ ហើយ​ចុង​ក្រោយមក​ដាក់ទោស​គាត់​ពីបទ​បង្ករ​ហិង្សា​ទៅលើ​អ្នកដទៃ​"​។​​លោក ជូ​ង ជូ​ងី ក៏​ធ្លាប់​ប្រាប់​វី​អូ​ឌី​(VOD)​ថា​ប្រធាន​សន្តិសុខ​ខណ្ឌដូនពេញ​ជាដើម​បណ្តឹង ក្នុងករណីនេះ​។ លោក​បន្តថា​ចៅក្រម​បាន​សាកសួរ​សន្តិសុខ​៥​នាក់​ដែល​បាន​អះអាងថា​ខ្លួន​ជា​ជនរងគ្រោះ ប៉ុន្តែ​លោក​ថា​សន្តិសុខ​ទាំង​៥​នាក់​នោះបាន​ឆ្លើយ​ប្រាប់​ចៅក្រម​ថា​លោក អ៊ុក ពេជ្រ​សំណាង មិនបាន​បង្ក​ហិង្សា​លើ​ពួកគេ​នោះទេ​។ លោក​បន្តថា​លោក អ៊ុក ពេជ្រ​សំណាង ក៏បាន​បដិសេធ​ទៅនឹង​ការចោទប្រកាន់​ពី​តំណាង​អយ្យការ​ដូចគ្នា​។​​ប្រធាន​ប​ចេ្ច​ក​ទេស​ស៊ើបអង្កេត​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា​ការផ្តន្ទាទោស​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក អ៊ុក ពេជ្រ​សំណាង​។ លោក​បន្តថា​លោក អ៊ុក ពេជ្រ​សំណាង​នឹង​ជាប់ពន្ធនាគារ​ចំនួន​៩​ឆ្នាំ បូក​បន្ថែមនឹង​ការជាប់​ពន្ធនាគារ​ទាក់ទង​នឹង​ហិង្សា​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​។ លោក​មានប្រសាសន៍​ក្រោយពី​ការប្រកាស​សាល​ក្រុម​ថា​៖ “(​ខ្ញុំ​)​គិតថា ការផ្តន្ទាទោស​លោក​នេះ វា​ជាការ​មួយ​ដែល​ទទួល​សម្ពាធ ហើយ​វា​ពាក់ព័ន្ធ​រឿង​នយោបាយ ដែល​ធ្វើ​ឲ្យ​លោក​អ៊ុក ពេជ្រ​សំណាង​ទទួលរង​គ្រោះ​ម្តង​ហើយ​ម្តងទៀត​សម្រាប់​ពួកគាត់​”​។​​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ សោកស្តាយ​ចំពោះ​សាលក្រម​របស់​សាលាដំបូង​ដែល​បាន​ដាក់ទោស​បន្ថែម​ទៅលើ​លោក អ៊ុក ពេជ្រ​សំណាង​។ លោក​ចាត់ទុកថា​ការសម្រេច​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។ លោ​កថា​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​ចរចា​តាមផ្លូវ​នយោបាយ ដើម្បី​ឲ្យ​មានការ​ដោះលែង​សកម្មជន​របស់​គណបក្ស​ទាំងអស់​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ លោក​បន្តថា​៖ “​ហើយ​ខ្ញុំ​ជឿថា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រិះរក​មធ្យោបាយ​ដើម្បី​ធ្វើ​យ៉ាងម៉េច​ដោះស្រាយ​តាមផ្លូវ​នយោបាយ​”​។​​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥ សាលាដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​សាលក្រម​ដាក់ទោស លោក អ៊ុក ពេជ្រ​សំណាង ឲ្យ​ជាប់ពន្ធនាគារ​៧​ឆ្នាំ​ពីបទ​ពី​ចូលរួម​ក្នុង​ចលនា​កុប្បកម្ម​នាំ​ឲ្យ មាន​ហិង្សា​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ខែកក្កដា ឆ្នាំ​២០១៤៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ​២០១៥៕​