• សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​គួរ​ការពារ​អ្នក​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ប្រសើរ​ជាង​ដាក់ទោស​

    • Issue Date 14-Sep-2015

    ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​សិទ្ធិមនុស្ស លើកឡើងថា រដ្ឋាភិបាល​គួរ​ការពារ​សិទ្ធិ​អ្នក​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ជាជាង​ដាក់ទោស​អ្នក​ទាំងនោះ ដោយ​ចាត់ទុកថា រាល់​ការបញ្ចេញមតិ​របស់​ពួកគេ​រួមចំណែក​ដល់​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជា​។ ​ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ការផ្សព្វផ្សាយ​សេចក្តីប្រកាស គោលការណ៍​សិទ្ធិ និង​សេរីភាព​អ៊ី​ន​ធើ​ណែ​ត​នៅ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​។​​មន្ត្រី​ផ្នែក​ព័ត៌មាន​នៅ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក លោក សោ សូ​ទ្ធី មានប្រសាសន៍ថា សេរីភាព​នៃ​ការបញ្ចេញមតិ​នៅលើ​បណ្តាញ​សង្គម​កម្ពុជា​បច្ចុប្បន្ន មាន​ភាពប្រសើរ​ជាង​មុន​បើ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង​។ តែ​លោក​បារម្ភ​ថា សេរីភាព​បញ្ចេញមតិ​តាមបែប​បច្ចេកវិទ្យា​នេះ កំពុង​ត្រូវបាន​រឹតត្បិត​ជា​បណ្តើរៗ​ហើយ ខណៈដែល​រដ្ឋាភិបាល​បានរៀបចំ​ច្បាប់​គ្រប់​គ្រង់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត និង​បង្កើត​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​។ លោក​យល់ថា រដ្ឋាភិបាល​គួរតែ​ការពារ​អ្នក​បញ្ចេញមតិ​ក្នុងន័យ​ស្ថាបនា ប្រសើរ​ជាង​ដាក់ទោស​ពួកគេ ដែល​លោក​យល់ថា ធ្វើឱ្យ​បង្អាក់​ដល់​អ្នក​បញ្ចេញមតិ​ផ្សេងទៀត​។ លោក​បញ្ជាក់ថា​៖ “​ក៏ប៉ុន្តែ​យ៉ាងណាក៏ដោយ យើង​មើលឃើញ នៅមាន​បញ្ហា​មួយចំនួន​ដែរ ខ្ញុំ​លើក​ជា​ឧទាហរណ៍​នៃ​ការប្រើប្រាស់​នូវ​យន្តការ​ផ្លូវច្បាប់ ជាពិសេស​ការប្រើប្រាស់​ច្បាប់ព្រហ្មទណ្ឌ ធ្វើការ​ចាប់ខ្លួន​អ្នក​ដែល​បាន​បញ្ច​ញ​មតិ នៅតាម​បណ្តាញ​សង្គម​ថ្មីៗ​នេះ​។ ការបញ្ចេញមតិ​នេះ មាន​លក្ខណៈ​ទាក់ទង​នឹង​នយោបាយ ក៏ប៉ុន្តែ​យ៉ាងណាក៏ដោយ យើង​ចង់ឱ្យមាន​ការពិភាក្សា​ឱ្យបាន​ដិតដល់​ផងដែរ ថា​តើ​ការបញ្ចេញមតិ​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​កម្រិតណា​គួរ​មានការ​ដាក់ទោស​”​។​​អ្នកសម្របសម្រួល​គម្រោង​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ ICT នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ង៉ែត ម៉ូ​សេ មានប្រសាសន៍ថា អ្នក​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​គឺ​មិន​សុទ្ធតែ​ល្អ​ទាំងអស់ ហើយក៏​មិនអាក្រក់​ទាំងអស់​នោះដែរ​។ តែ​លោ​កថា រដ្ឋាភិបាល​ត្រូវ​ពិចារណា ឬ​សិក្សា​ឲ្យ​បានច្បាស់លាស់​មុននឹង​ដាក់ទោស​អ្នក​ដែល​បញ្ចេញមតិ​ក្នុងន័យ​ស្ថាបនា​។ លោក​លើក​ឧទាហរណ៍​ថា ក្នុងករណី​ថ្មីៗ​រដ្ឋាភិបាល​បាន​ចាប់​យុវជន​ម្នាក់ ដែល​សរសេរ​រឿង​បដិវត្តន៍​ពណ៌​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់គេ​ដែល​ករណីនេះ រដ្ឋាភិបាល​ត្រូវ​សិក្សា​ឲ្យ​បានច្បាស់លាស់​។ លោ​កថា​មួយវិញទៀត យុវជន​នោះ​គ្មាន​អំណាច ឬ​ឥទ្ធិពល​អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បដិវត្តន៍​នោះទេ ៖ “​ការបញ្ចេញមតិ​ដូចគ្នា​ដែរ ឧ​ទា​រហ​រណ៍​ថា ឧទាហរណ៍​ថា បដិវត្តន៍​ពណ៌​។ បដិវត្តន៍​ពណ៌​ហ្នឹង តើ​គា​ត់ទៅ​កៀងគរ​[​មនុស្ស​]​បាន​មកពីណា តើ​គាត់​មាន​សមត្ថភាព​ទៅ​កៀងគរ​គេ​ទេ​ឱ្យទៅ​ធ្វើតាម​គាត់​ហ្នឹង គាត់​ជាម​នុស្ស​ដែល​គេ​ល្បី​ទេ មើល​ស្ថានភាព​អ៊ីចឹង​ដែរ​”​។​​នាយក​ការិយាល័យ​បទល្មើស​បច្ចេកវិទ្យា​នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អង្គ​ស្នងការ​នគរបាលជាតិ លោក ហាយ មករា មានប្រសាសន៍ថា ការបង្កើត​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នេះ មិនមាន​ចេតនា​គំរាមកំហែង​ដល់​សិទ្ធិសេរីភាព​ល​រដ្ឋ​ក្នុងការ​បញ្ចេញមតិ​តាម​អ៊ី​ន​ធើ​ណែ​ត​នោះទេ គឺ​ផ្តោតលើ​ប្រយោជន៍​រួម​។ លោក​សង្កត់ធ្ងន់ថា ពលរដ្ឋ​អាច​បញ្ចេញ​បាន​តាមច្បាប់​រដ្ឋធម្មនុញ្ញ​ដែលមាន​ចែង តែ​រាល់​ការបញ្ចេញមតិ​នោះ​ត្រូវ​ធានាថា​មិន​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ និង​សន្តិសុខ​សង្គម​។ លោក​ថា​៖ “​ចង់ឱ្យ​បងប្អូន​ទាំងអស់គ្នា​ពិនិត្យមើល​ទៅលើ​ច្បាប់ ជាជាង​ដែលថា យើង​បញ្ចេញមតិ​ហើយ​ថា រដ្ឋាភិបាល​បិទ​សិទ្ធិសេរីភាព​មិនឱ្យ​បញ្ចេញ​។ ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៤១ គឺ​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ ប៉ុន្តែ​នៅក្នុង​មាត្រា​នោះ​ដដែល បាន​ចែងថា គ្មាន​ជនណាម្នាក់​អាច​ប្រើប្រាស់​សិទ្ធិសេរីភាព​នេះ ធ្វើឱ្យ​រំលោភ​ដល់​សិទ្ធិសេរីភាព​អ្នកដទៃ​បានទេ​។ អ៊ីចឹង​មានន័យថា សិទ្ធិ​របស់​យើង ប៉ុន្តែ​ស្ថិតនៅក្រោម​បន្ទាត់​ច្បាប់ អ៊ីចឹង​ការបញ្ចេញមតិ​ដែល​លើសពី​បន្ទាត់​ច្បាប់ គឺ​មានន័យថា ខុស​នឹង​ច្បាប់​។ អ៊ីចឹង​ច្បាប់​គឺមាន​ចែង​”​។​​ថ្មីៗ​រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ បង្កើត​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដោយ​អះអាងថា ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ទាក់ទង​នឹង​ការ​ញុះញង់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ខណៈដែល​រដ្ឋាភិបាល​កំ​ពុង​ធ្វើ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​។​​សេចក្តីថ្លែងការណ៍​ស្តីពី​គោលការណ៍​សិទ្ធិ​អ៊ី​ន​ធើ​ណែ​ត​នៅ​កម្ពុជា ចេញ​ដោយ​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​២០ នៅថ្ងៃនេះ​រួមមាន ការពារ​សិទ្ធិមនុស្ស​លើ​អ៊ី​ន​ធើ​ណែ​ត សិទ្ធិ​ប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត សិទ្ធិ​ខាង​ការបញ្ចេញមតិ​លើ​អ៊ី​ន​ធើ​ណែ​ត សិទ្ធិ​ប្រមូលផ្តុំ និង​ចូលរួម​លើ​អ៊ី​ន​ធើ​ណែ​ត និង​សិទ្ធិ​ទទួលបាន​ព័ត៌មាន​លើ​អ៊ី​ន​ធើ​ណែ​ត​ជាដើម​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ​២០១៥៕​