-
យុវជនដែលរងការចោទប្រកាន់អំពាវនាវឲ្យរដ្ឋាភិបាលយល់ពីអត្ថន័យនៃបដិវត្តន៍ពណ៌
- Issue Date 15-Sep-2015
យុវជន គង់ រ៉ៃយ៉ា ដែលត្រូវចាប់ខ្លួនពាក់ព័ន្ធការចោទថាញុះញង់ឲ្យមានបដិវត្តពណ៌តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃអង្គារនេះ បានបដិសេធការចោទប្រកាន់របស់ព្រះរាជអាជ្ញាថាញុះញង់បង្កឲ្យមានបទឧក្រិដ្ឋជាអាទិ៍ ដោយអំពាវនាវឲ្យរដ្ឋាភិបាលយល់ពីអត្ថន័យនៃបដិវត្តន៍ពណ៌នេះ។យុវជន គង់ រ៉ៃយ៉ា ជានិស្សិតរៀននៅសកលវិទ្យាល័យខេមរៈដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃ២១ ខែសីហា ពាក់ព័ន្ធនឹងការប្រកាសធ្វើបដិវត្តន៍ព័ណ៌លើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន។ យុវជនម្នាក់នោះបានសរសេរសារនៅលើហ្វេសប៊ុករបស់ខ្លួនថា៖“តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ” ។ យុវជនម្នាក់នោះត្រូវបានតុលាការចោទប្រកាន់តាមមាត្រា៤៩៤និង៤៩៥ ពីបទញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ ហើយត្រូវបានចៅក្រមចេញដីកាឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស។ចៅក្រមសាកសួរបានបើកការសាកសួរលោក គង់ រ៉ៃយ៉ា នៅព្រឹកថ្ងៃអង្គារនេះ។ ក្រោយពីបញ្ចប់ការសាកសួរ យុវជនម្នាក់នោះបានច្រានចោលការចោទប្រកាន់របស់តុលាការ ដោយអះអាងថាការសរសេរនៅលើហ្វេសប៊ុកនោះគ្រាន់តែជាការលើកជាសំណួរនិងការបញ្ចេញមតិតែប៉ុណ្ណោះ។ លោកបន្តថាលោក លោកមិនបានប្រមូលផ្តុំប្រជាពលរដ្ឋឲ្យតវ៉ាធ្វើបដិវត្តន៍ពណ៌នោះទេ។ លោកបានអំពាវនាវឲ្យរដ្ឋាភិបាលនិងតុលាការយល់ពីនិយមន័យនៃបដិវត្តន៍ពណ៌នេះ។លោក សំ សុគង់ ជាមេធាវី ប្រាប់វីអូឌីថាចៅក្រមស៊ើបសួរបានសាកសួរកូនក្តីរបស់លោកពីចេតនាពីបដិវត្តន៍ពណ៌។ លោកបន្តថាកូនក្តីរបស់លោកមិនយល់ពីពាក្យបដិវត្តន៍ ហើយប្រាប់ចៅក្រមថាខ្លួនយល់ថាបដិវត្តន៍គ្រាន់តែជាប្រមូលផ្តុំនិងបញ្ចេញមតិដោយអហិង្សា។ លោកបន្តថាកូនក្តីរបស់លោកមិនមានលទ្ធភាពឬឥទ្ធិពលក្នុងការប្រមូលផ្តុំប្រជាពលរដ្ឋឲ្យធ្វើបដិវត្តន៍ ហើយក្រោយការសរសេរនោះ ក៏គ្មានអំពើហិង្សាឬការខូចខាតនោះទេ។លោកមេធាវីបញ្ជាក់ថាតុលាការមិនទាន់បញ្ចប់ការសាកសួរនៅឡើយទេ ហើយចៅក្រមស៊ើបសួរនឹងបន្តនីតិវិធីសាកសួរនៅពេលខាងមុខ។លោក គាំង គង់ អាយុ៦៧ឆ្នាំ ដែលជាឪពុករបស់យុវជននោះ មានប្រសាសន៍ថាលោកមិនដឹងថាកូនគាត់ខុសច្បាប់ឬត្រូវច្បាប់នោះទេ តែលោកថាកូនប្រុសរបស់លោកមិនអាចមានទោសជាប់ពន្ធនាគារ គ្រាន់តែ ការបញ្ចេញមតិនោះទេ។ លោកអំពាវនាវឲ្យតុលាការដោះលែងកូនរបស់លោក និងអាចចូលរៀនវិញ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៥៕