• សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​ចាប់ផ្តើម​សុំ​ចុះបញ្ជី​ការ​និង​ដាក់សំណើ​ទៅ​ក្រសួងមហាផ្ទៃ​

    • Issue Date 16-Sep-2015

    ​ក្រសួងមហាផ្ទៃ​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាង​៣០​ហើយ ដែល​បាន​ស្នើសុំ​ចុះបញ្ជី​ការ​និង​ដាក់សំណើ​ទៅ​ក្រសួងមហាផ្ទៃ ក្រោយពី​ច្បាប់​អង្គ​ការចូល​ជា​ធរមាន​។​​កាលពី​ថ្ងៃទី​១២​ខែសីហា ឆ្នាំ​២០១៥ ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម​សីហមុនី​បាន​ឡាយព្រះហស្តលេខា​ប្រកាស​ប្រើប្រាស់​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​​គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ​ឲ្យ​ដឹងថា​របាយការណ៍​ប្រចាំខែ​របស់​ក្រសួងមហាផ្ទៃ​បង្ហាញថា​ក្នុង​ខែសីហា ២០១៥ សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៣១​បាន​សុំ​ចុះបញ្ជី​ការ​និង​ធ្វើសំណើ​ផ្សេងៗ​មក​ក្រសួងមហាផ្ទៃ​។ គេហទំព័រ​បញ្ជាក់ថា​៖ “​នេះ​គឺជា​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​និន្នាការ​គាំទ្រ​និង​ការគោរព​គោលការណ៍​នីតិរដ្ឋ ប្រកបដោយ​ស្មារតី​ភ្ញាក់រលឹក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទៅលើ​ច្បាប់​នានា​ដែល​រដ្ឋសភា​បានអនុម័ត​”​។ គេហទំព័រ​បាន​បន​ន្ថែ​ម​ថា​៖ “​ម្យ៉ាងវិញទៀត នេះ​ក៏​ជាការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ផងដែរ អំពី​សកម្មភាព​របស់ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ក្នុងការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ​”​។​​បើតាម​គេហទំព័រ អង្គការក្រៅរដ្ឋាភិបាល​ចំនួន​៩​បាន​សុំ​ចុះបញ្ជី ក្នុងនោះ​មាន​អង្គការ​ពង្រឹងសមត្ថភាព​យុវជន​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច អង្គការ​ចងមិត្ត អង្គការ​ថែទាំ​សហគមន៍​ជា​ចម្បង អង្គការ​កំណប់​កូន​ខ្មែរ អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ អង្គការ​ស្បៀងអាហារ និង​ជំនួយ​ផ្នែក​វិទ្យាសាស្ត្រ អង្គការ​មូលនិធិ​សម្បុ​រសធម៌​ព្រី​នស៍​រៀល​អ៊ី​ស្ទេ​ត អង្គការ​ដំណក់ទឹក​សន្សើម និង​អង្គការ​គណនេយ្យភាព​ក​ម្ពុ​ជា​។​​ចំណែក​សមាគម​ចំនួន​១១​បាន​ស្នើសុំ​ចុះឈ្មោះ រួមមាន​សមាគម​លើកកម្ពស់​សុខភាព​ប្រជាពលរដ្ឋ សមាគម​អភិវឌ្ឍន៍ និង​ការអប់រំ​មុ​ស្លិ​ម​កម្ពុជា សមាគម​ទេសចរណ៍​ខេត្តបាត់ដំបង សមាគម​ដើម្បី​អភិវឌ្ឍន៍​សហគម​ន៍ក​ម្ពុ​ជា សមាគម​ស្នាមញញឹម​កម្ពុជា សមាគម​បរិក្ខារ​សំណង់​កម្ពុជា សមាគម​មគ្គុទេសក៍​ទេសចរណ៍​ភាសា​កូរ៉េ​នៅ​កម្ពុជា សមាគម​កូន​ខ្មែរ​អភិវឌ្ឍន៍ សមាគម​សប្បុរសធម៌ និង​អភិវឌ្ឍន៍​កម្ពុជា សមាគម​ធម្ម​ចក្រ​និង​សមាគម​កម្លាំង​សប្បុរសធម៌​កម្ពុជា​។​​បើតាម​គេហទំព័រ សមាគម​និង​អង្គការ​ផ្សេងទៀត បានស្នើ​សុំ​បើក​សាខា ស្នើសុំ​ទទួលស្គាល់​ប្រធាន សមាសភាព​ថ្មី វិសោធនកម្ម​លក្ខន្តិកៈ​និង​ប្តូរ​ឈ្មោះ ស្នើសុំ​ទទួលស្គាល់​អាស័យដ្ឋាន​ទីស្នាក់ការ​ក​ណ្តា​ល ស្នើសុំ​ប្តូរ​រូប​សញ្ញា​និង​ស្នើសុំ​លុបឈ្មោះ​ចេញ​បញ្ជី​ជាដើម​។​​គួរ​បញ្ជាក់ថា កន្លងទៅ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR)​ស្នើ​លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បកស្រាយ​ជាលា​យ​ល័​ក្ខ​អក្សរ​ចំពោះ​ការអនុវត្ត​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​បារម្ភ​ពី​ផលប៉ះពាល់​លើ​អង្គការ​មូលដ្ឋាន​និង​ក្រុម​បណ្ដាញ​ក្រៅផ្លូវការ​។​​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​អះអាងថា​នឹងធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ប្រសិនបើ​ច្បាប់​នោះ​អនុវត្ត​ទៅ មានការ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​និង​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​។​​មាត្រា​២៤​នៃ​សេចក្តីព្រាងច្បាប់​នេះ​បាន​ចែងថា​៖ “​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ឬ​សមាគម​បរទេស ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ចំពោះ​គ្រប់​គណបក្សនយោបាយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​”​។ មាត្រា​១០​នៃ​សេចក្តីព្រាងច្បាប់​នេះ​ចែងថា​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​អំពី​ព័ត៌មាន​រាល់​គណនី​ដែល​ត្រូវ បើក​សម្រាប់​កិច្ចប្រតិបត្តិការ​របស់​ខ្លួន​នៅ​ធនាគារ​ក្នុង ព្រះរាជាណាចក្រ​កម្ពុជា​។​​ចំណែក​មាត្រា​២៥​ចែងថា​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​ផ្ញើ​បាយ​ការណ៍​បូកសរុប​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំទៅ​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ មាត្រា​២៥ បន្តថា​ក្នុងករណី​ចំ​បាច់ ក្រសួងមហាផ្ទៃ អាច​ស្នើសុំ​របាយការណ៍​ស្តីពី​សកម្មភាព និង​នយោបាយ​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​របស់​សមាគម​។ករណី​ដែល​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មិន​អនុវត្តតាម​មាត្រា​១០ មាត្រា​២៤ និង​មាត្រា​២៥ ក្រសួងមហាផ្ទៃ​ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ដោយ​ទុក​រយៈពេល​យ៉ាងយូរ​៣០​ថ្ងៃ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​។ ករណី​មិន​អនុវត្តតាម​ក្រសួង​នឹង​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ផ្អាក​សកម្មភាព​បណ្តោះអាសន្ន រយៈពេល​យ៉ាងយូរ​៩០​ថ្ងៃ​។ ក្នុងករណី​នៅតែ​មិន​ព្រម​អនុវត្ត ក្រសួងមហាផ្ទៃ​ត្រូវ​សម្រេច​ជា​លាយលក្ខណ៍អក្សរ​លុប​ឈ្មោះ​ចេញពី​បញ្ជី​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ​២០១៥៕​