-
សង្គមស៊ីវិលស្នើអ្នកស្រី រ៉ូណា ស្មីត យកបញ្ហារំលោភសិទ្ធិមនុស្សពិភាក្សាជាមួយរដ្ឋាភិបាល
- Issue Date 18-Sep-2015
មន្ត្រីការពារសិទ្ធិមនុស្សកម្ពុជា ស្នើឲ្យអ្នករាយការណ៍ពិសេសថ្មីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) លើកយកបញ្ហារំលោភសិទ្ធិមនុស្សដែលកំពុងកើតមានទៅពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបរវាងតំណាងអង្គការសិទ្ធិមនុស្សក្នុងស្រុកជាង២០ ជាមួយ អ្នកស្រី រ៉ូណា ស្មីត នៅរសៀលថ្ងៃទី១៧ ខែកញ្ញា។ ជំនួបរវាង អ្នកស្រី រ៉ូណា ស្មីត និងតំណាងអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ្នកស្រី បានជាន់លើទឹកដីកម្ពុជា ក្នុងនាមអ្នកស្រីជាអ្នករាយការណ៍ពិសេសថ្មីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា។ប្រធានផ្នែកអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក នី ចរិយា ឲ្យដឹងតាមទូរស័ព្ទថា ក្នុងជំនួបនោះអង្គការសង្គមស៊ីវិលបានលើកឡើងពីបញ្ហារំលោភសិទ្ធិមនុស្ស និងកង្វល់នានាដែលសង្គមស៊ីវិលមាន ក្នុងនោះរួមមាន បញ្ហាកំណែទម្រង់ប្រព័ន្ធតុលាការទាំងមូល។ តុលាការដែលត្រូវបានសង្គមស៊ីវិលចាត់ទុកថា នៅមិនទាន់មានឯករាជភាពពេញលេញដាច់ចេញពីអង្គនីតិប្រតិបត្តិនៅឡើយ។ក្រៅពីនេះ សង្គមស៊ីវិលក៏បានលើកឡើងពីបញ្ហាមួយចំនួនទៀត ពាក់ព័ន្ធនឹងដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្នុងនោះមានដូចជា ការរឹតត្បិតទៅលើសេរីភាពក្នុងការសម្ដែងមតិ ច្បាប់បោះឆ្នោត និងអំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ ជាដើម៖ «នេះជាបេសកកម្មលើកទី១ របស់គាត់ គាត់ចង់ស្តាប់អ្វីដែលជាកង្វល់របស់អង្គការសង្គមស៊ីវិល ហើយអ្វីដែលជាសំណើរបស់អង្គការសង្គមស៊ីវិល ដើម្បីឲ្យគាត់លើកឡើងក្នុងជំនួបជាមួយប្រមុខរដ្ឋាភិបាល ជជែកគ្នារកដំណោះស្រាយ»។កន្លងមក មន្ត្រីអង្គការសង្គមស៊ីវិលតែងតែត្រូវបានអនុញ្ញាតដោយអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សនៅកម្ពុជា ឲ្យចូលជួបដើម្បីលើកឡើងពីកង្វល់នានាកំពុងកើតមាន ដើម្បីអាចឲ្យអ្នករាយការណ៍ពាំនាំកង្វល់របស់ពួកគេទៅកាន់រដ្ឋាភិបាល។យ៉ាងណាក៏ដោយ លោក នី ចរិយា កត់សម្គាល់ថា កន្លងមករដ្ឋាភិបាលមិនដែលទទួលយកនូវអនុសាសន៍ ឬការលើកឡើងរបស់អង្គការសហប្រជាជាតិ ឡើយ។ផ្ទុយទៅវិញ រដ្ឋាភិបាលតែងរកវិធីការពារនូវអំពើរំលោភសិទ្ធិមនុស្សរបស់ខ្លួន។អ្នកស្រី រ៉ូណា ស្មីត ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តែងតាំងជាអ្នករាយការណ៍សិទ្ធិមនុស្សប្រចាំកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៥ ដើម្បីជំនួស លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ដែលផុតអាណត្តិ ៦ឆ្នាំរបស់ខ្លួន។មន្ត្រីនៃការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ឲ្យដឹងថា ក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែកញ្ញា អ្នកស្រី រ៉ូណា ស្មីត នឹងជួបភាគីពាក់ព័ន្ធជាច្រើន ក្នុងនោះរួមមាន មន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រីសហជីព មន្ត្រីការពារសិទ្ធិលំនៅឋាន សហគមន៍រងគ្រោះដោយការរំលោភដីធ្លី សកម្មជនការពារបរិស្ថាន ដែលត្រូវបានអាជ្ញាធរចាប់ខ្លួននៅខេត្តកោះកុង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងការងារ ព្រមទាំងតំណាងរដ្ឋសភា និងព្រឹទ្ធសភា ផងដែរ។ដកស្រង់ពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥៕