• សាលាឧទ្ធរណ៍​បដិសេធ​សំណើសុំ​នៅក្រៅ​ឃុំ​របស់​យុវជន​មាតា​ធម្មជាតិ​

    • Issue Date 21-Sep-2015

    ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​បដិសេធ​សំណើសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​យុវជន​៣​នាក់​នៃ​អង្គការ​មាតា​ធម្មជាតិ ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥ ស្រប​ពេលដែល​ពួកគេ​បើក​យុទ្ធនា​ការតវ៉ា​ជា​បន្តបន្ទាប់​ប្រឆាំងនឹង​ការ​បូម​ខ្សាច់​នៅ​ខេត្តកោះកុង​។​​យុវជន​ទាំងនោះ​មានឈ្មោះ លោក ទ្រី សុ​វិ​គា អាយុ​២៣​ឆ្នាំ លោក សាន់ ម៉ា​ឡា អាយុ​២៣​ឆ្នាំ និង​លោក ស៊ិ​ម សំណាង អាយុ​២៨​ឆ្នាំ​។ អ្នក​ទាំងនោះ ត្រូវបាន​ចោទប្រកាន់​តាម​មាត្រា​៤២៤​នៃ​ក្រមព្រហ្មទណ្ឌ ពីបទ​ល្មើស​គំរាមកំហែង​ថា​នឹងធ្វើ​ឲ្យ​ខូចខាត​ដោយ​ភ្ជាប់​នឹង​បញ្ជា​អ្វីមួយ​។​​ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្សរ​បស់​អង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា​សាលាឧទ្ធរណ៍​បានសម្រេច​ថា​មិន​អនុញ្ញាត​ឲ្យ​យុវជន​ទាំងនោះ​នៅក្រៅ​ឃុំ ដោយ​ថា​នេះ​ជា​នីតិវិធី​របស់​តុលាការ ខ្លាច​យុវជន​ទាំងបី​បង្កើត​បញ្ហា​ម្តងទៀត​និង​ខ្លាច​បង្ក​ភាពចលាចល ពេល​នៅក្រៅ​ឃុំ​។ លោក​បន្តថា​មេធាវី​នឹងដាក់​ពាក្យស្នើសុំ​ក្រៅ​ឃុំ​ម្តង​ទៅ​ចៅក្រម​ស៊ើបសួរ​របស់​សាលាដំបូង​ខេត្តកោះកុង​។​​សកម្មជន​ទាំងនោះ​ត្រូវបាន​តុលាការ​ខេត្តកោះកុង​បដិសេធ​សំណើ​នៅក្រៅ​ឃុំ​ម្តង​ហើយ កាលពី​ថ្ងៃទី​៣១ ខែសីហា​។​​បើតាម​មាត្រា​៤២៤​នៃ​ក្រមព្រហ្មទណ្ឌ អំពើ​គំរាមកំហែង​តាម​មធ្យោបាយ​ណាក៏ដោយ​ថា​នឹង​ប្រព្រឹត្ត​ការបំផ្លិចបំផ្លាញ ការធ្វើ​ឲ្យ​ទ្រុឌទ្រោម​ឬ​ការធ្វើ​ឲ្យ​ខូចខាត ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​ទៅ​៤​លាន​រៀល ប្រសិនបើ​ការគំរាមកំហែង​នេះ​មានភ្ជាប់​បញ្ជា​ឲ្យ​បំពេញ​ឬ​មិន​បំពេញ​កិច្ច​អ្វីមួយ​។​​ក្រោយពី​ការចាប់ខ្លួន ប្រជាពលរដ្ឋ​និង​ក្រុមយុវជន​ប្រមាណ​រាប់សិប​នាក់​បាន​ប្រមូលផ្តុំ​តវ៉ា​ខាងមុខ​សាលាដំបូង​ខេត្តកោះកុង និង​ដើរ​ដង្ហែ​ជា​ក្បួន​នៅ​ទី​រួម​ខេត្ត ដោយ​ស្នើ​ដោះលែង​យុវជន​ទាំងនោះ​។​​កន្លងទៅ​យុវជន​ដែល​ត្រូវបាន​ចាប់ខ្លួន លោក សាន់ ម៉ា​ឡា ធ្លាប់​ប្រាប់​វី​អូ​ឌី​(VOD)​ថា​លោក​យល់ថា​ចំណាត់ការ​តាម​ប្រព័ន្ធតុលាការ​នេះ គ្រាន់តែ​ជាការ​គំរាមកំហែង ដើម្បី​ឲ្យ​យុវជន​បញ្ឈប់​យុទ្ធនាការ​បណ្តេញ​សា​ឡង់​បូម​ខ្សាច់​តែប៉ុណ្ណោះ​។​​គួរ​បញ្ជាក់ថា ប្រជា​សហគមន៍​និង​សមាជិក​អង្គការ​មាតា​ធម្មជាតិ​បាន​បើក​យុទ្ធនា​ការរារាំង​សា​ឡង​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​វៀតណាម​ចំនួន​២ គឺ​ឈ្មោះ​International Rainbow និង​ក្រុមហ៊ុន​Direct Access ដោយ​អះអាងថា​ការ​បូម​ខ្សាច់​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​លំនៅឋាន​ប្រជាជន ដែល​រស់នៅ​ក្បែរ​ព្រែក ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ជម្រក​មច្ឆជាតិ និង​ការនេសាទ​ត្រី​របស់​ប្រជាជន​។​​អ្នកនាំពាក្យ​ក្រសួង រ៉ែ និង​ថាមពល លោក ម៉េង សក្តិ​ធារ៉ា ធ្លាប់​ប្រាប់​វី​អូ​ឌី​(VOD)​ថា​ក្រសួង​បាន​ចុះ​ត្រួតពិនិត្យ វាយតម្លៃ​ផលប៉ះពាល់​និង​បានធ្វើ​វេទិកា​ជាមួយ​ប្រជាជន​ស្តីអំពី​អាជីវកម្ម​បូម​ខ្សាច់​នេះដែរ​។ លោក​មានប្រសាសន៍ថា​៖ "​ក្រុមអធិការកិច្ច​រប​ស់​ក្រសួង​បាន​ទៅ​ត្រួតពិនិត្យ ហើយ​បាន​រាយការណ៍​ថា​ក្រុមហ៊ុន​ហ្នឹង​បាន​អនុវត្ត​ត្រឹមត្រូវ តាម​បទដ្ឋាន​បច្ចេកទេស​ហើយ អត់​មានអី​ខុស​ទេ​"៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៥៕​