• លោក កឹម សុខា ស្នើ​ឲ្យ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​កែទម្រង់​ប្រព័ន្ធតុលាការ​

    • Issue Date 23-Sep-2015

    ​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បានស្នើ​មន្ត្រី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ឲ្យ​ជួយ​កែទម្រង់​ប្រព័ន្ធតុលាការ ដែល​លោក​ចាត់ទុកថា​មិន​ឯករាជ្យ​បណ្តាល​ឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​​លោក កឹម សុខា បាន​ថ្លែង​បែបនេះ​ក្រោយ​បញ្ចប់​ជំនួប​លើកដំបូង​ជាមួយ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្ម៊ី​ត​(Rhona Smith)​។ លោក​មានប្រសាសន៍ថា​លោក​បាន​ជំរុញ​ឲ្យ​អ្នករាយការណ៍​ពិសេស​ជួយ​ធ្វើកំណែទម្រង់​ប្រព័ន្ធតុលាការ​ឲ្យ​ឯករាជ្យ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​យុត្តិធម៌​សង្គម​ទាំង​សមភាព​ខាង​នយោបាយ សេដ្ឋកិច្ច​និង​សង្គម​។ លោក​ចាត់ទុក​ការបញ្ជូន​អ្នករាយការណ៍​ពិសេស​មក​កម្ពុជា​គឺ​ត្រឹមត្រូវ​។​​លោក កឹម សុខា បាន​ថ្លែងថា​៖ "​ខ្ញុំ​អត់​លើក​ពី​បញ្ហា​ទេ ព្រោះ​បញ្ហា​គេ​ដឹង​អស់ហើយ ពិភពលោក​គេ​ដឹង​ហើយ បាន​គេ​បញ្ជូនមក​។ បើ​គេ​មិនដឹងថា មាន​បញ្ហា គេ​មិន​បញ្ជូនមក​ទេ​។ ខ្ញុំ​លើក​ពី​ដំណោះស្រាយ​។ ខ្ញុំ​ថា​ដើម្បី​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា ត្រូវ​កែទម្រង់​ប្រព័ន្ធតុលាការ​ជាមុនសិន​។ បើ​មិនបាន​កែ​ប្រព័ន្ធតុលាការ​ឲ្យ​ឯករាជ្យ​ពិតប្រាកដ​ទេ បញ្ហា​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​មិនអាច​ដោះស្រាយ​ទេ​”​។​​លោក កឹម សុខា ក៏បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា​៖ “​ខ្ញុំ​បានស្នើ​ទៅ​លោកស្រី​ឲ្យ​ផ្ដោតលើ​បញ្ហា​៖ ទី​១.​ការកែទម្រង់​ប្រព័ន្ធតុលាការ​ជា​អាទិភាព និង​ទី​២.​សេរីភាព​បញ្ចេញមតិ​។ ចំណែក​លោកស្រី​វិញ បានលើកឡើង​អំពី​៖ ទី​១.​ការធ្វើ​ច្បាប់​នៅក្នុង​រដ្ឋសភា និង​ទី​២.​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំងពីរ​”​។​​លោកស្រី រ៉ូ​ណា ស្ម៊ី​ត មិនទាន់​ឆ្លើយតប​យ៉ាងណា​ចំពោះ​មតិយោបល់​របស់លោក កឹម សុខា នោះទេ​។​​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន មានប្រសាសន៍ថា​ការស្នើ​របស់លោក កឹម សុខា ធ្វើឡើង​ទៅតាម​និន្នាការ​របស់លោក​តែប៉ុណ្ណោះ ហើយ​អ្វីៗ​អាស្រ័យ​លើ​ការពិចារណា​របស់លោក​ស្រី រ៉ូ​ណា ស្ម៊ី​ត​។ លោក​មានប្រសាសន៍ថា​៖ “​ការដែល​គាត់​លើកឡើង​តុលា​ការមិន​ឯករាជ្យ​នេះ​ជា​ទម្លាប់​ដែល​គាត់​សូត្រ​រត់មាត់​តាំងពីដើម​រួចមក​ទៅហើយ​។ ក៏ប៉ុន្តែ​ខាង​រដ្ឋាភិបាល​វិញ គឺ​យើង​បានធ្វើការ​ជាច្រើន​ណាស់ ដើម្បី​លើកតម្កើង​ឯករាជ្យភាព​នៃ​អំណាចតុលាការ​នេះ តាមរយៈ​ការរៀបចំ គោលនយោបាយ​និង​ដាក់​អនុវត្ត​ច្បាប់​ជា​មូលដ្ឋាន​ទាំងបី​នាពេល​កន្លងមកនេះ​។ ហើយ​និង​តាមរយៈ​ការត្រួតពិនិត្យ​ដំណើរ​ប្រព្រឹត្តទៅ​របស់​តុលាការ ដូចជា​មានការ​ដាក់ទោស​ទណ្ឌ​ទៅ​មន្ត្រី​តុលាការ​ដែល​ប្រព្រឹត្ត​កំហុស​មួយចំនួន និង​ចាត់ការ​ចំពោះ​ភាពមិនប្រក្រតី​នៅក្នុង​ប្រព័ន្ធយុត្តិធម៌​នាពេល​កន្លងមក​”​។​​លោកស្រី រ៉ូ​ណា ស្ម៊ី​ត ត្រូវបានតែងតាំង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ក្នុង​ខែមីនា ឆ្នាំ​២០១៥ ដើម្បី​ជំនួស​តំណែង​របស់លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី ក្នុង​ការធ្វើ​សេចក្តីរាយការណ៍​និង​ផ្តល់​ប្រឹក្សា​យោបល់​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​​ក្នុងជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៥ លោកស្រី រ៉ូ​ណា ស្ម៊ី​ត បាន​សន្យាថា​នឹង​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​របស់ខ្លួន​ក្នុង​ការជួយ​លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​មិន​ឲ្យ​មានការ​ប៉ះពាល់​ដល់​អធិប​តេ​យ្យ​ភាព​និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​ឡើយ​។​​របាយការណ៍​របស់​វិទ្យាស្ថាន​សិទ្ធិមនុស្ស​នៃ​គណៈមេធាវី​អន្តរជាតិ​(IBAHRI) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស និង​បានចេញ​ផ្សាយ​នៅ​ខែកញ្ញា ឆ្នាំ​២០១៥​នេះ ឲ្យ​ដឹងថា​រដ្ឋាភិបាល​កម្ពុជា​បានដាក់​សម្ពាធ​លើ​ប្រព័ន្ធតុលាការ​។ វិទ្យាស្ថាន​បានផ្តល់​អនុសាសន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​និង​ក្រសួងយុត្តិធម៌ ឲ្យ​បញ្ឈប់​ជាបន្ទាន់​ការដាក់​សម្ពាធ​នយោបាយ​លើ​ប្រព័ន្ធតុលាការ​និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្តេជ្ញា​ធានា​និង​ការពារ​ការបែងចែក​អំ​ណា​ច​នៅ​កម្ពុជា​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ​២០១៥៕​