• ខួប​២២​ឆ្នាំ​នៃ​រដ្ឋធម្មនុញ្ញ និង​ការរិះគន់​ចំពោះ​ការអនុវត្ត​ច្បាប់​មិនបាន​ត្រឹមត្រូវ​

    • Issue Date 25-Sep-2015

    ​រដ្ឋធម្មនុញ្ញ​ថ្មី​នៃ​ព្រះរាជាណាចក្រ​ទី​២ មាន​អាយុកាល ២២​ឆ្នាំ​ហើយ​គិត​មក​ត្រឹម​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៥​។ ក្នុង​ខួប ២២​ឆ្នាំ​នៃ​រដ្ឋធម្មនុញ្ញ​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានចេញ​ផ្សាយ​នូវ​កំណត់ត្រា​សង្ខេប​មួយ ដោយ​បង្ហាញ​ពី​ការធ្លាក់ចុះ​នៃ​ការអនុវត្ត​ច្បាប់​មិនបាន​ត្រឹមត្រូវ ចំណែក​ការគោរព​លទ្ធិប្រជាធិបតេយ្យ ក៏​មិនបាន​ពេញលេញ​ដែរ​។​​កំណត់ត្រា​សង្ខេប​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​ចេញផ្សាយ​ចំ​ថ្ងៃ​ខួប ២២​ឆ្នាំ​នៃ​កំណើត​រដ្ឋធម្មនុញ្ញ​នេះ បានដាក់​ចំណងជើង​ថា «​លទ្ធិប្រជាធិបតេយ្យ​ប្រឈម​នឹង​ការគំរាមកំហែង​»​។ ខ្លឹមសារ​នៃ​កំណត់ត្រា​នេះ បានលើកឡើង​ពី​ទិដ្ឋភាព​ជា ៣​ផ្នែក​ផ្សេងគ្នា គឺ​ការការពារ​ផ្នែក​ច្បាប់ សេរី​ភាពជា​មូលដ្ឋាន ការ​រឹតត្បិត​សេរី​ភាពជា​មូលដ្ឋាន និង​ផ្នែក​ទី​៣ បានលើកឡើង​ពី​សសរស្ដម្ភ​នៃ​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវបាន​គេ​ដៅ​សញ្ញា ដែលជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​បំបិទ​សំឡេង​ប្រឆាំង​រដ្ឋាភិបាល​។​​ថ្លែង​បន្ថែម​លើ​ខ្លឹមសារ​ក្នុង​កំណត់ត្រា​នេះ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព មានប្រសាសន៍​បញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា គឺ​កំពុង​ស្ថិតនៅលើ​ផ្លូវបំបែក​។ ស្ថានភាព​រឹតត្បិត​សេរី​ភាពជា​មូលដ្ឋាន ដែល​ត្រូវបាន​អនុវត្ត​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​នោះ មានការ​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​៖ «»​។​​អ្នកស្រី​បន្តថា រូបភាព​គំរាមកំហែង​មាន​ច្រើន តាមរយៈ​សម្ដី​របស់​នា​យក​រដ្ឋមន្ត្រី ការបង្កើត​ច្បាប់​ថ្មី​ដែល​មិនចាំបាច់ ដើម្បី​ដាក់​សម្ពាធ​មកលើ​អ្នកតស៊ូ​មតិ មានដូចជា​សង្គម​ស៊ីវិល សមាគម និង​សហជីព​កម្មករ ជាដើម​៖ «»​។​​អ្នកស្រី​បង្ហាញ​ទៀតថា បើ​ឆ្លុះបញ្ចាំង​ទៅលើ​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​របស់​ជាតិ ឃើញថា រដ្ឋាភិបាល​ដែលជា​អ្នក​អនុវត្តន៍​ច្បាប់ គឺ​គោរព​មិនបាន​ពេញលេញ​នោះទេ​៖ «»​។​​ខួបកំណើត​នៃ​រដ្ឋធម្មនុញ្ញ​កាលពី​ឆ្នាំ​១៩៩៣ ជា​ពេលដែល​កម្ពុជា បង្កើត​រដ្ឋ​ជា​ផ្លូវការ ដោយ​ខ្មែរ​គ្រប់ភាគី​ព្រមព្រៀងគ្នា​គោរព​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ក្នុង​រយៈពេល ២២​ឆ្នាំ​កន្លងមកនេះ រដ្ឋធម្មនុញ្ញ​បានធ្វើ​វិសោធនកម្ម​ជាច្រើន​អន្លើ​ទៅលើ​មាត្រា​មួយចំនួន​។ ឱកាស​ពេញនិយម​ច្រើនជាងគេ​ក្នុងការ​ធ្វើ​វិសោធនកម្ម​នោះ គឺ​នៅពេល​មានការ​ជាប់គាំង​នយោបាយ​ក្រោយ​ការបោះឆ្នោតជាតិ​ម្តងៗ​។​​អ្នកនាំពាក្យ​នៃ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលី មានប្រសាសន៍ថា ការធ្វើ​វិសោធនកម្ម​នោះ​ជា​ដំណើរការ​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ ដើម្បី​សម្របសម្រួល​ទៅតាម​ការវិវឌ្ឍ​នៃ​សង្គម​។ លោក​បញ្ជាក់ថា ទោះយ៉ាងណា ការធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​នីមួយៗ នឹងមិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលការណ៍​គ្រឹះ ឬ​គោលការណ៍​នីតិរដ្ឋ ប្រជាធិបតេយ្យ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះទេ​៖ «»​។​​ទាក់ទង​បញ្ហា​នេះ មានការ​កត់សម្គាល់ថា ការធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ ធ្វើឡើង​តាម​ទំនោរ​របស់​អ្នកនយោបាយ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​។ ចំពោះ​ការស្នើ​របស់​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល ដែល​មិនសូវ​ផ្តល់​ផលប្រយោជន៍​ដល់​អ្នកនយោបាយ​នោះ មិនត្រូវ​គេ​លើក​យកទៅ​ពិចារណា​ឡើយ​។​​កន្លងមក សង្គម​ស៊ីវិល​ធ្លាប់​ស្នើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​១៩៩​ថ្មី ដោយ​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ត្រឹម​ពីរ​អាណត្តិ ឬ ១០​ឆ្នាំ​។ ការស្នើ​នេះ ធ្វើឡើង​ស្រប​ពេលដែល​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ កំពុង​ពិភាក្សាគ្នា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​ដាក់បញ្ចូល​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទៅក្នុង​រដ្ឋធម្មនុញ្ញ​។​​មាត្រា​១៩៩​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​ចែងថា តាម​សេចក្តីស្នើ​ពី​ប្រធាន​ដោយមាន​ការឯកភាព​ពី​អនុប្រធាន​ទាំងពីរ​នៃ​រដ្ឋសភា ព្រះមហាក្សត្រ​ទ្រង់​ចាត់តាំង​វរជន​មួយរូប​ក្នុង​តំណាងរាស្ត្រ​នៃ​បក្ស​ជាប់ឆ្នោត ឲ្យ​បង្កើត​រាជរដ្ឋាភិបាល​។ វរជន​ដែល​ត្រូវបានចាត់តាំង​នេះ ដឹកនាំ​សហការី​ដែលជា​តំណាងរាស្ត្រ ឬ​ជា​សមាជិក​គណបក្ស​តំណាង​នៅក្នុង​រដ្ឋសភា ដែល​ផ្គូផ្គង​ឲ្យ​កាន់តំណែង​ផ្សេងៗ​ក្នុង​រាជរដ្ឋាភិបាល ទៅសុំ​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា​។ កាលបើ​រដ្ឋសភា​ទុកចិត្ត​ហើយ ព្រះមហាក្សត្រ​ទ្រង់​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​គណៈរដ្ឋមន្ត្រី​ទាំងមូល​។ មុន​ចូលកាន់​តំណែង គណៈរដ្ឋមន្ត្រី​ត្រូវធ្វើ​សច្ចាប្រណិធាន​។​​ពាក់ព័ន្ធ​នឹង​មាត្រា​នេះ ក្រុម​សង្គម​ស៊ីវិល​បានស្នើ​ឲ្យ​ដាក់​បន្ថែម​ប្រយោគ​មួយ​ល្បះ​ក្នុង​ច្បាប់​នេះ គឺ​ត្រង់​វីរជន​មួយរូប​នោះ សំដៅលើ​បុគ្គល​ជា​នាយករដ្ឋមន្ត្រី​ថ្មី គឺ​មិន​ធ្លាប់​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ចំនួន ២​អាណត្តិ ឬ ១០​ឆ្នាំកន្លងមក​នោះឡើយ​។ការស្នើ​នេះ សង្គម​ស៊ីវិល​បញ្ជាក់ថា គឺធ្វើឡើង​ក្នុង​បំណង​ការពារ​ការ​ក្រាញ​អំណាច កាត់បន្ថយ​បក្ខពួកនិយម ពុករលួយ និង​រក្សា​កិត្តិយស​អតីត​នាយករដ្ឋមន្ត្រី​។ តែ​ទោះយ៉ាងណា ការស្នើ​នេះ​មិនទាន់មាន​ការសម្រេច​យ៉ាងណា​នៅឡើយ​។​​នៅក្នុង​អាណត្តិ​ទី​៥ នេះ រដ្ឋធម្មនុញ្ញ ត្រូវបាន​គណបក្សនយោបាយ​ធំ​ពីរ​ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា ចរចា​សុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើ​មាត្រា​មួយចំនួន ក្នុងនោះ​មាន​មាត្រា ៧៦​ថ្មី មាត្រា ១៥០​ថ្មី និង​មាត្រា ១៥១​ថ្មី​។ ខ្លឹមសារ​នៅក្នុង​មាត្រា​ទាំងនេះ បានកំណត់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គឺជា​អង្គការ​ដែលមាន​សមត្ថ​កិច្ច​រៀបចំ ចាត់ចែង និង​គ្រប់គ្រង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ការបោះឆ្នោត​ផ្សេងៗ​ទៀត​តាម​ការកំណត់​នៃ​ច្បាប់​។​​ទាក់ទង​នឹង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ លោក ជិន ម៉ាលីនទទួលស្គាល់ថា អ្នកនយោបាយ​ពិតជា​មាន​ឥទ្ធិពល​ខ្លាំង​ក្នុងការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ណាមួយ​ដែល​ចាំបាច់ និង​មាន​ហេតុផល​គ្រប់គ្រាន់ ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​៖ «»​។​​ទោះយ៉ាងណា លោក​លើកសរសើរ​ថា ការអនុវត្ត​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​របស់​ជាតិ​នោះ មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ ហើយ​លោក​ក៏​ទទួលស្គាល់ថា នៅមាន​ចំណុច​ខ្លះ​ដែល​រដ្ឋាភិបាល​មិនទាន់បាន​អនុវត្តបាន​នៅឡើយ ដោយសារ​កាលៈទេសៈ​មិនទាន់​អំណោយផល ប៉ុន្តែ​រដ្ឋាភិបាល​បានធ្វើ​សកម្មភាព​ផ្សេងៗ​ដែល​អាច​ជំនួស ឬ​អាចបំពេញ​បន្ថែម​នូវ​ខ្លឹមសារ​ច្បាប់​ទាំង​នោះបាន​។​​កាលពី​ជាង ២០​ឆ្នាំមុន សម័យប្រជុំ​សភាពេញអង្គ​លើក​ទី​១ បានចាប់ផ្ដើម​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​១៩៩៣​។ សភាធម្មនុញ្ញ​កាលណោះ បានអនុម័ត​សមាសភាព​ក្នុង​គណៈកម្មការ​អចិន្ត្រៃយ៍​រៀបរៀង​រដ្ឋធម្មនុញ្ញ ហើយ​សមាសភាព​ទាំងនោះ មាន​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធសាសនា​។ ចាប់ពីពេលនោះ​មករ​ហូ​ត​មកដល់​អាណត្តិ​ទី​៥ ក្នុង​ឆ្នាំ​២០១៥ នេះ មានតែ​គណបក្ស​ពីរ​ប៉ុណ្ណោះ​ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា ជា​បក្ស​កាន់អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ ជា​បក្សប្រឆាំង​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ​២០១៥៕​