• អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ជំរុញ​ឲ្យ​តុលាការ​កម្ពុ​ជាមាន​ឯករាជ្យ​

    • Issue Date 25-Sep-2015

    ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) ជំរុញ​ឲ្យ​តុលាការ​កម្ពុជា មាន​ភាព​ឯករាជ្យ ដើម្បី​ជាការ​ធានា​ដល់​ការការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ការលើកឡើង​របស់ អ្នកស្រី រ៉ូ​ណា ស្មី​ត នេះ ធ្វើឡើង​ក្នុង​សន្និសីទកាសែត​បូកសរុប​លទ្ធផល​ការងារ​របស់​អ្នកស្រី​នៅ​កម្ពុជា ដែល​បញ្ចប់​នៅ​ថ្ងៃទី​២៤ ខែកញ្ញា​។​​បញ្ហា​ឯករាជភាព​នៃ​ប្រព័ន្ធតុលាការ គឺជា​បញ្ហា​ធំ​មួយ​ក្នុងចំណោម​បញ្ហា​មួយចំនួន​ផ្សេងទៀត​ដែល អ្នកស្រី រ៉ូ​ណា ស្មី​ត សម្ដែង​ការបារម្ភ និង​ចង់​ឲ្យ​មាន​កំណែទម្រង់​។​​អ្នកស្រី រ៉ូ​ណា ស្មី​ត មានប្រសាសន៍ថា ដូចគ្នា​ទៅនឹង​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​មុនៗ អ្នកស្រី​មើលឃើញថា បញ្ហា​តុលាការ គឺ​នៅតែ​ជា​បញ្ហា​ប្រឈម​មួយ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា​។ អ្នកស្រី​ឲ្យ​ដឹង​ដែរ​ថា នៅក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស​វ​ឌ្ឍ​នា អ្នកស្រី​ក៏បាន​លើកឡើង​ពី​បញ្ហា​នេះ​ផងដែរ​។ អ្នកស្រី​ថា កម្ពុជា ចាំបាច់​ត្រូវតែមាន​ប្រព័ន្ធតុលាការ​មួយ​ខ្លាំង​ប្រកបដោយ​ភាព​ឯករាជ្យ ដើម្បី​ធានា​ការគោរព និង​ការពារ​សិទ្ធិមនុស្ស​ជាទូទៅ​នៅ​កម្ពុជា​៖ «​ខ្ញុំ​យល់ស្រប​ជាមួយនឹង​ទស្សនៈ​ដែល​បានលើកឡើង​អំពី​ការពង្រឹង​បន្ថែមទៀត នូវ​នីតិរដ្ឋ ការអភិវឌ្ឍ និង​ការធានា​ឯករាជភាព​របស់​ស្ថាប័ន​ទាំងឡាយ​ដែលមាន​តួនាទី​ជាក់លាក់ ក្នុងការ​ការពារ​សិទ្ធិមនុស្ស ជាពិសេស​ស្ថាប័ន​តុលាការ គឺមាន​សារសំខាន់​ជាខ្លាំង​សម្រាប់​កសាង​ប្រទេស​តាមបែប​ប្រជាធិបតេយ្យ ប្រកបដោយ​ស្ថិរភាព​ដែល​ពលរដ្ឋ​កម្ពុជា ប្រាថ្នា​ចង់បាន​»​។​​ការជំរុញ​ឲ្យ​កម្ពុជា មាន​ប្រព័ន្ធតុលាការ​ឯករាជ្យ គឺ​ស្រប​ពេលដែល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១៥​នាក់ ក្នុងនោះ​ក៏មាន​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខ​ហួរ ផងដែរ ត្រូវបាន​សមត្ថកិច្ចរ​ដ្ឋា​ភិ​បាល​ចាប់ឃុំខ្លួន​។ ការចាប់ខ្លួន​នេះ ត្រូវបាន​គណបក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ចាត់ទុកថា​ជា​រឿង​នយោបាយ និង​ជាការ​រំលោភ​សិទ្ធិមនុស្ស​។​​នៅក្នុង​ជំនួប​ជាមួយ អ្នកស្រី រ៉ូ​ណា ស្មី​ត កាលពី​ថ្ងៃទី​២៣ កញ្ញា នា​វិមាន​រដ្ឋសភា អនុប្រធាន​ទី​១ រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏បាន​ស្នើ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ជំរុញ​ឲ្យ​តុលាការ​កម្ពុជា មាន​ឯករាជភាព​។ លោក កឹម សុខា លើកឡើងថា បើ​តុលាការ​កម្ពុជា មាន​ឯករាជ្យ​ពិតប្រាកដ នោះ​សកម្មជន​បក្ស​ប្រឆាំងនឹង​មិន​ប្រឈមមុខ​ចំពោះ​ការកាត់ទោស​ជាប់ពន្ធនាគារ​នោះឡើយ​។​​អ្នកស្រី រ៉ូ​ណា ស្មី​ត ថ្លែងថា ដំណើរ​ទស្សនកិច្ច​រប​ស់​អ្នកស្រី​ពេលនេះ គឺមាន​បំណង​ណែនាំ​ខ្លួន ដើម្បី​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល និង​ដៃគូ​ពិភាក្សា​ដទៃទៀត ព្រមទាំង​ដើម្បី​ស្វែងរក​ការពិត​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​​ទាក់ទង​នឹង​ការចាប់ខ្លួន​សកម្មជន​បក្សប្រឆាំង អ្នកស្រី​ថា បើទោះជា​អ្នកស្រី​មិនបាន​លើក​រឿងនេះ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឬ​លោក ស ខេង ក្តី ប៉ុន្តែ​អ្នកស្រី​ថា អ្នកស្រី​នឹង​បន្ត​ឃ្លាំមើល និង​តាមដាន​ចំពោះ​ការចាប់ខ្លួន​នេះ​។​​អ្នកស្រី រ៉ូ​ណា ស្មី​ត ក៏បាន​លើកឡើង​ពី​បញ្ហា​ផ្សេងទៀត​ផងដែរ មានដូចជា បញ្ហា​រើសអើង​ពូជសាសន៍ បញ្ហា​តាក់តែង​សេចក្តីព្រាងច្បាប់ បញ្ហាដីធ្លី និង​ការអប់រំ​ពី​សិទ្ធិមនុស្ស​។ អ្នកស្រី​ថា កម្ពុជា ត្រូវ​គិតគូរ​ដោះស្រាយ​ឲ្យ​បាន​សមស្រប​នូវ​ស្ថានភាព​នានា ដែល​បាន​បង្កើត​ឲ្យ​មាន​ការមិន​ពេញចិត្ត​ជាទូទៅ​នៅក្នុង​សង្គម ក្នុងនោះ​មានដូចជា បញ្ហា​វិវាទ​ដីធ្លី ឬ​វិវាទ​ការងារ​ជាដើម​។​​អ្នកស្រី រ៉ូ​ណា ស្មី​ត គឺជា​មនុស្ស​ទី​៦ ហើយក៏​ជា​ស្ត្រី​ដំបូង​ដែល​ត្រូវបាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ តែងតាំង​ជា​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ចាប់តាំងពី​កម្ពុជា មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្នុងការ​បញ្ចប់​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​កាលពី​ឆ្នាំ​១៩៩១ មក​។​​ក្នុង​ដំណើរ​ទស្សនកិច្ច​ស្វែងរក​ការពិត​នៅ​កម្ពុជា ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​២៤ ខែកញ្ញា អ្នកស្រី​បាន​ជួប​ជាមួយ​មនុស្ស​ពាក់ព័ន្ធ​ជាច្រើន រួមមាន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស ដីធ្លី បរិស្ថាន សហជីព អាជ្ញាធរ​ខេត្តកោះកុង មន្ត្រី​បក្សប្រឆាំង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង និង​មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ​មួយចំនួនទៀត​។​​អ្នកស្រី រ៉ូ​ណា ស្មី​ត ដែល​អះអាងថា មានបំណង​រួមចំណែក​ក្នុងការ​ជំរុញ និង​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ថ្លែងថា អ្នកស្រី​នឹងដាក់​របាយការណ៍​ដំបូង​របស់​អ្នកស្រី​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ចុងខែ​កញ្ញា នេះ​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ​២០១៥៕​