-
បក្សប្រឆាំងនឹងស្នើឲ្យកែបទបញ្ជាផ្ទៃក្នុងរដ្ឋសភាដើម្បីធានាសិទ្ធិបញ្ចេញមតិ
- Issue Date 29-Sep-2015
គណបក្សសង្គ្រោះជាតិអះអាងថាជំនួបពិភាក្សាធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាដែលគ្រោងធ្វើនៅខែក្រោយនេះ ពួកគេនឹងជំរុញឲ្យកែខ្លឹមសារនៃបទបញ្ជានោះ ដើម្បីធានាពីសេរីភាពបញ្ចេញមតិរបស់តំណាង រាស្ត្រភាគតិច ស្របតាមការប្តេជ្ញាចិត្តរបស់មេដឹកនាំកំពូលទាំងពីរ។លិខិតជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃទី២៨ ខែកញ្ញានេះឲ្យដឹងថា នៅថ្ងៃទី១ខែតុលាខាងមុខនេះ តំណាងរាស្ត្រនៃគណបក្សជាប់ឆ្នោតទាំងពីរ នឹងជួបប្រជុំពិភាក្សា នៅមន្ទីររដ្ឋសភាដើម្បីធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ អះអាងថា ក្នុងកិច្ចពិភាក្សានោះ តំណាងរាស្ត្រគណ បក្សលោក នឹងលើកយកបញ្ហាមួយចំនួន ទៅជជែកជាមួយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដើម្បីជំរុញយ៉ាងណាឲ្យបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានេះ ធានាពីសេរីភាពបញ្ចេញមតិរបស់តំណាងរាស្ត្រភាគតិច តាមកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំកន្លងទៅ។ក្រោយពីបក្សប្រឆាំង សម្រេចដើរចូលសភា កាលពីឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់តួនាទីមួយទៀត ឲ្យប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ជាប្រធានក្រុមតំណាងរាស្ត្រភាគតិចក្នុងសភា មានឋានៈស្មើនាយករដ្ឋមន្ត្រី។ប៉ុន្តែកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ តំណាងរាស្ត្រភាគតិចរបស់គណបក្សសង្គ្រោះជាតិ មណ្ឌលសៀមរាប លោក អ៊ុំ សំអាន ត្រូវគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាសម្រេចដាក់ពិន័យរដ្ឋបាល ដោយមិនអនុញ្ញាតឲ្យលោកចូលប្រជុំសភាពេញអង្គចំនួន១៥ដង និងកាត់ប្រាក់ខែចំនួន២ខែ។ ការដាក់ពិន័យ លោក អ៊ុំ សំអាន នោះដោយសារលោករិះគន់ ប្រធានរដ្ឋសភាលោក ហេង សំរិន តាមបណ្តាញសង្គមផ្ទាល់ខ្លួនថាលោក ហេង សំរិន មិនហ៊ានក្អកនឹងវៀតណាម ដែលលោកថាបានរំលោភយកដីលំនៅឋានរបស់លោក នៅភូមិអន្លុងជ្រៃ ស្រុកពញាក្រែក ខេត្តកំពង់ចាម។យ៉ាងណាក៏ដោយ លោក យ៉ែម បុញ្ញឫទ្ធិអះអាងដែរថាកិច្ចពិភាក្សានៅថ្ងៃទី១ ខែតុលានោះ ទំនងជាមិនទាន់ឈានដល់ការជំរុញឲ្យធ្វើវិសោធនកម្មលើបទបញ្ជាផ្ទៃក្នុង ដែលតម្រូវឲ្យតំណាងរាស្ត្រលើកដៃពេលអនុម័តអ្វីនោះទេ ដោយលោកអះអាងថាករណីនេះគណបក្សសង្គ្រោះជាតិកំពុងសិក្សានៅឡើយ។បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសសភា មាន១៧ជំពូក៨៣ប្រការ ក្នុងនោះមានចែងពីការអនុម័ត ធ្វើឡើងដោយសម្ងាត់តាមសាអេឡិចត្រូនិចនិងការលើកដៃ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥៕