• មនុស្ស​ជាង​១០០០​នាក់​នឹង​ដើរ​ហែ​ក្បួន​ក្នុង​រាជធានី​ជំរុញ​ឲ្យ​ដោះស្រាយ​រឿង​ដីធ្លី​

    • Issue Date 01-Oct-2015

    ​សង្គម​ស៊ីវិល​អះអាងថា មនុស្ស​ប្រមាណ​ជា​១៥០០​នាក់ មកពី​សហគមន៍​មាន​ជម្លោះដីធ្លី​ក្នុង​រាជធានី ខេត្ត និង​អង្គការ​សង្គម​ស៊ីវិល នឹង​យក​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ ធ្វើ​យុទ្ធនាការ​ក្នុង​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ព​ន្លឿ​នរក​ដំណោះស្រាយ​រឿង​បណ្តេញ​ចេញពីផ្ទះ​សម្បែង​។​​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ នឹងត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​៥ ខែតុលា​ខាងមុខនេះ​។​​សេចក្តីជូនដំណឹង​រប​ស់​សមាគម​ធាងត្នោត ចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឲ្យ​ដឹងថា អ្នកចូលរួម​ប្រារព្ធ​ពិធី នឹង​ជួបជុំគ្នា​នៅ​អតីត​តំបន់​បណ្តេញចេញ​មួយ​ក្នុង​រាជធានី​ភ្នំពេញ គឺ​សហគមន៍​ដីក្រហម​។​​អ្នកសម្របសម្រួល​សមា​គម​ធាងត្នោត លោក អ៊ី សា​រ៉ុ​ម អះអាងថា ការកំណត់​យក​ទីតាំង​នោះ ដើម្បី​ប្រារព្ធ​ពិធី​នេះ គឺជា​ការផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ឲ្យ​យកចិត្តទុកដាក់​ឡើងវិញ ពី​ទុក្ខវេទនា​របស់​អ្នក​ដែល​បាន​បណ្តេញចេញ និង​អ្នក​ដែល​កំពុង​ប្រឈម​នឹង​ការបណ្តេញចេញ ព្រមទាំង​ជំរុញ​ឲ្យ​ព​ន្លឿ​ន​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​។​​ទោះជា​យ៉ាណា មន្ត្រី​ស​ង្គ​ស៊ីវិល​រូបនោះ​អះអាងថា លិខិត​ជូនដំណឹង​ពី​ការធ្វើ​យុទ្ធនាការ​នេះ ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ​ច្រានចោល​កាលពី​ថ្ងៃទី​២៨​ម្សិល​ម៉ិ​ញ ដោយ​តម្រូវ​ឲ្យ​តំណាង​អ្នកចូលរួម ត្រូវមាន​ស្នាម​មេដៃ​និង​ភ្ជាប់​ទៅ​ជាមួយនឹង​អត្តសញ្ញាណប័ណ្ណ​ទៀតផង ដែល​លោក​ថា​ជា​ចេតនា​បង្ក​ការលំបាក​ដល់​សេរីភាព​បញ្ចេញមតិ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។​​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ អះអាងថា អ្វីដែល​សាលា​រាជធានី​តម្រូវ​ក្នុង​លិខិត​ជូនដំណឹង លោក​ថា ជា​វិធានការ​ច្បាប់​ដែល​សង្គម​ស៊ីវិល និង​អ្នកប្រើប្រាស់​សិទ្ធិ​សម្តែង​មតិ​ត្រូវ​យល់ដឹង​៖ “​បើ​យើង​និយាយ​ពី​ឯតទគ្គ​កម្ម​នៅក្នុង​ប្រទេស​កម្ពុជា​យើង ក្រុម​ពួកគាត់​ហ្នឹង​ធ្វើបាតុកម្ម​ច្រើនជាងគេ ដូច្នេះ​គាត់​ដឹង​តើ មិនមែន​គាត់​មិនដឹង​គាត់​មិនដឹង​ទេ គាត់​ធ្វើ​មិនដឹង​ទេ​ឬ​? … ខ្ញុំ​មិនអាច​ឆ្លើយ​បានទេ អ៊ីចឹង​បាន​ខ្ញុំ​ថា អ្វីដែល​អនុវត្ត​គឺ​អនុវត្ត​តាមច្បាប់​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​”​។​​យ៉ាងនេះ​ក្តី​នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារ​ម្យ យល់ថា ការបង្ក​ការលំបាក​ណាមួយ​ពី​អាជ្ញាធរ​មូលដ្ឋាន ទៅលើ​សេរីភាព​បញ្ចេញមតិ​ដោយ​សន្តិវិធី លោក​ថា ជាការ​ព្យាយាម​លាក់បាំង​អំពើអាក្រក់​របស់​មន្ត្រី​ខិលខូច​មួយចំនួន និង​ជា​ចរន្ត​រាំងស្ទះ​ដល់​យន្តការ​ព​ន្លឿ​ន​ដោះស្រាយ ៖ “​រដ្ឋាភិបាល​គួរតែ​មក​ស្តាប់​នូវ​បញ្ហា​ទុក្ខលំបាក​របស់គាត់ ហើយ​មិនបាច់​ទៅ​រៀបចំ​វេទិកាសាធារណៈ​នាំ​តែ​អត់​ថ្លៃ​អាហារសម្រន់ រៀបចំ​ចេញ​លុយ​ឲ្យ​ប្រជាពលរដ្ឋ មក​ប្រជុំ​នៅ​វេទិកា​ទេ នេះ​គាត់​យក​បញ្ហា​មក​ដាក់ជូន​តែម្តង ហើយ​យើង​ទទួល​យកតែ​ញត្តិ​គាត់​ទៅ ហើយ​យើង​រក​វិធី​ដោះស្រាយ​ជូន​គាត់​ទៅ វា​ចប់​បាត់​ហើយ វា​គ្មានអ្វី​ត្រូវ​មក​ចាំបាច់​រារាំង​ភ័យខ្លាច​នឹង​ប្រជាពលរដ្ឋ​ខ្លួនឯង​ទេ​”​។​​លិខិត​ជូនដំណឹង​របស់​សមាគម​ធាងត្នោត ដដែល​ឲ្យ​ដឹង​ដែរ​ថា ក្រោយពី​ជួបជុំគ្នា នៅ​អតីត​សហគមន៍​ដីក្រហម សកម្មជន​ដីធ្លី​នឹង​ហែ​ញត្តិ ទៅ​ដា​ក់នៅ​ក្រសួង​ដែនដី រដ្ឋសភា និង​ស្ថាប័ន​មួយចំនួនទៀត ដើម្បី​ទប់ស្កាត់​ការបណ្តេញចេញ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល ព​ន្លឿ​ន​ដោះស្រាយ​ប្រកបដោយ​តម្លាភាព លើ​ជម្លោះ​អូសបន្លាយ​ច្រើន​ឆ្នាំ ដើម្បី​ស្វែងរក​យុត្តិធម៌ ដល់​ជនរងគ្រោះ​ជា​អ្នកក្រីក្រ​ដែល​បាន​រង​ផលប៉ះពាល់​។​​ប៉ុន្តែ​សម្រាប់​អ្នកនាំពាក្យ លោក ឡុង ឌី​ម៉​ង់ នៅ​មិនទាន់​ប្រាកដថា សាលា​រាជធានី នឹង​អនុ​ញា​ត្ត​ឲ្យ​មាន​ការដើរ​ដង្ហែ​ញត្តិ ដែលមាន​មនុស្ស​ជាង​១០០០​នាក់​ចូលរួម​នេះ ឬក៏​យ៉ាងណាទេ ដោយ​លោក​ថា ករណីនេះ​បើ​លើសពី​សមត្ថភាព​របស់​អាជ្ញាធរ ចាំបាច់​ត្រូវ​ស្នើសុំ​យោបល់​ពី​ក្រសួងមហាផ្ទៃ​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ​២០១៥៕​