• សង្គម​ស៊ីវិល​៖ សេរីភាព​បញ្ចេញមតិ​ដោយ​សន្តិវិធី​នៅ​កម្ពុជា​បន្ត​រួម​តូច​

    • Issue Date 06-Oct-2015

    ​អ្នកមាន​ជម្លោះដីធ្លី​ជិត​២០០០​នាក់ មកពី​រាជធានី​-​ខេត្ត បាន​ជួបជុំគ្នា ធ្វើ​យុទ្ធនាការ​ក្នុង​រាជធានី​ភ្នំពេញ ប្រឆាំងនឹង​ការបណ្តេញចេញ ក្នុង​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ នា​ថ្ងៃ​ចន្ទ​នេះ​តាម​ការគ្រោងទុក បើទោះបី​អាជ្ញាធរ​បានដាក់​ពង្រាយ​កម្លាំង​បិទផ្លូវ​មួយចំនួន​ដើម្បី​រារាំង​ក៏ដោយ​។​​តាម​អ្នករៀបចំ​កម្មវិធី​អះអាងថា អ្នកមាន​ជម្លោះដីធ្លី​ទាំងនោះ មកពី​សហគមន៍​នានា​ក្នុង​រាជធានី​ភ្នំពេញ មកពី​ខេត្តកោះកុង កំពង់ឆ្នាំង បាត់ដំបង ត្បូងឃ្មុំ ព្រះវិហារ និង​ខេត្ត​មួយចំនួនទៀត​។​​អ្នកចូលរួម​ប្រារព្ធ​ពិធី បានធ្វើ​ផ្ទះ​ពី​ក្រដាស​ពាក់​លើ​ក្បាល​ស្ទើ​គ្រប់គ្នា ដើរ​ហែ​ក្បូន​ពី​អតីត​សហគមន៍​ដីក្រហម ដែលជា​តំបន់​អាជ្ញាធរ​បណ្តេញចេញ កាលពី​ជិត​១០​ឆ្នាំមុន ឆ្ពោះ​មកកាន់​មុខ​មន្ទីរ​រដ្ឋសភា ដោយ​ស្រែក​តាម​ឧបករណ៍​បំពង់​សំឡេង​ថា “​បញ្ឈប់​ការបណ្តេញចេញ ការរំលោភ​សិទ្ធិ​លំនៅឋាន ជាការ​រំលោភ​សិទ្ធិមនុស្ស​”​ជាដើម​។​​អ្នកចូលរួម​ទិវា​នេះ ខ្លះ​បាន​ទ្រហោយំ​មុខ​មន្ទី​រដ្ឋសភា និង​ខ្លះទៀត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ពិនិត្យមើល​ពី​យន្តការ​ធ្វើកំណែទម្រង់​ដីធ្លី​ឡើងវិញ ដោយ​ក្រុមអ្នកតវ៉ា​អះអាងថា អ្នកមានអំណាច​ដែល​បាន​រំលោភ​យក​ដី​នៅតែ​បន្ត​រស់នៅ​ក្រៅច្បាប់ រីឯ​ពលរដ្ឋ​ក្រីក្រ​ម្ចាស់​ដី​នៅតែ​បន្ត​បណ្តេញ​ចេញពីផ្ទះ​សម្បែង​។​​សកម្មជន​ទាំងនោះ ស្នើ​ឲ្យ​រដ្ឋសភា​ត្រូវ​បង្កើន​ការតាមដាន​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល ដើម្បី​ជំរុញ​ឲ្យ​ព​ន្លឿ​ន​ដំណោះស្រាយ ដើម្បី​ជួយ​ទប់ស្កាត់​ចំណាកស្រុក ទៅ​ក្រៅប្រទេស ពេល​ពួកគេ​អស់​ដី​ធ្វើស្រែ​ចម្ការ ដោយសារតែ​ការផ្តល់​ដី​សម្បទាន​កន្លងមក​។​​ក្រោយ​ការតវ៉ា​តំណាង​អ្នកភូមិ​មួយចំនួន ដែល​អនុញ្ញាត​ឲ្យ​ចូល​ដាក់​ញត្តិ​នៅ​រដ្ឋសភា​អះអាងថា តំណាងរាស្ត្រ​បាន​សន្យា​ពិនិត្យ​ករណីនេះ មុន​ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​។​​យ៉ាងណាក៏ដោយ គម្រោង​ដើរ​ហែ​ក្បួន​ទៅ​ក្រសួងមហាផ្ទៃ ក្រសួង​ដែនដី និង​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ជំរុញ​រក​ដំណោះស្រាយ​ទប់ស្កាត់​ការបណ្តេញចេញ ដូចគ្នា​ត្រូវ​លប់ចោល​វិញ ដោយសារ​កម្លាំង​សមត្ថកិច្ច ចម្រុះ​រាប់សិប​នាក់ បានដាក់​ពង្រាយ​កម្លាំង​បិទផ្លូវ​មុខ​រដ្ឋសភា អមដោយ​កម្លាំង​ចល័ត និង​រថយន្ត​ច្រើន​គ្រឿង​ទៀត ត្រៀមចាំ​ទប់ស្កាត់​ជាមុន​។​​ប៉ុន្តែ​អាជ្ញាធរ​បាន​ចាត់​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន មក​ទទួល​ញត្តិ​នៅមុខ​មន្ទីរ​រដ្ឋសភា ជំនួស​វិញ​ដោយ​សំអាង​ពី​ហេតុផល​ប៉ះពាល់​សន្តិសុខ​សាធារណៈ​។​​អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លី​ការដូ លោក អំ សំអាត អះអាងថា ការអះអាង​របស់​អាជ្ញា​ធរ គ្រាន់តែ​ជាហេតុ​ផល​មួយ​បិទបាំង​រូបភាព គំរាមកំហែង​សេរីភាព​បញ្ចេញមតិ ដែល​មានចែង​ក្នុង​ច្បាប់​តែប៉ុណ្ណោះ​។ លោក​យល់ថា វិធានការ​រារាំង​រប​ស់​រដ្ឋាភិបាល​នេះ ហាក់​ហុច​ដង​ដាវ​ឲ្យ​អ្នកនយោបាយ មិន​កាន់អំណាច​ដណ្តើមយក​ប្រជាប្រិយភាព​ទៅវិញ​ទេ​។​​នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារ​ម្យ យល់ថា ការ​រាំង​នេះ​ជា​សារ​បង្ហាញថា ការបញ្ចេញមតិ​ដោយ​សន្តិវិធី ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ត្រូវបាន​រំលោភ​។​​យ៉ាងណាក៏ដោយ បើទោះបី​មនុស្ស​ជិត​២០០០​នាក់ ត្រូវបាន​រារាំង មិន​ឲ្យ​ដើរ​ក្បួន​ដូច​ការគ្រោងទុក ប៉ុន្តែ​សង្គម​ស៊ីវិល​យល់ថា សំឡេង​ស្រែក​ដង្ហោយ​ហៅរក​យុត្តិធម៌​របស់​ជនរងគ្រោះ​ក្នុង​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ​លោក​ទី​៣០ នៅ​ថ្ងៃទី​៥ ខែតុលា​នេះ ពួកគេ​យល់ថា ជា​សារសំខាន់​មួយទៀត សម្រាប់​ឲ្យ​រដ្ឋាភិបាល​ពិចារណា លើ​តំណែង​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​ការបោះឆ្នោត​នៅពេល​ខាងមុខ​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ០៥ ខែតុលា ឆ្នាំ​២០១៥៕​