-
សង្គមស៊ីវិលកំពុងដូរទិសដៅពីធ្វើការជំនួសរដ្ឋាភិបាលទៅពង្រឹងពលរដ្ឋ
- Issue Date 07-Oct-2015
បណ្តុំអង្គការសង្គមស៊ីវិលនៅក្នុងស្រុកអះអាងថា ពេលនេះពួកគេកំពុងរៀបដូរទិសដៅការងារដើម្បីជំរុញឲ្យមានការអភិវឌ្ឍជាតិ ពីការធ្វើការងារជំនួសរដ្ឋាភិបាលទៅជាធ្វើការងារពង្រឹងសមត្ថភាពប្រជាពលរដ្ឋវិញ។ ការបញ្ជាក់ជំហរ ធ្វើឡើងនៅក្នុងកិច្ចប្រជុំនៅព្រឹកនេះ ស្តីពីគណនេយ្យភាពរបស់អង្គការសង្គមស៊ីវិលនៅក្នុងបរិបទនៃគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព និងច្បាប់សមាគម និង អង្គការមិនមែនរដ្ឋាភិបាល។ កិច្ចប្រជុំនេះ រៀបចំដោយគណកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ដែលមានអង្គការចំនួន១៦០ជាសមាជិក និងមានការចួលរួមពីតំណាងអង្គការជាតិ អន្តរជាតិ តំណាងស្ថានទូត និងមន្ត្រីរដ្ឋាភិបាល។នាយកប្រតិបត្តិគណៈកមា្មធិការសហប្រតិបត្តិការដើម្បីកម្ពុជា លោក សឿង សារឿន មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះថា ក្រោយពេលច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិលចូលជាធរមាន សង្គមស៊ីវិលកំពុងរៀបចំដូរទិសដៅការងាររបស់ខ្លួន ដោយពង្រឹងពលរដ្ឋឲ្យមានសមត្ថភាព ហើយពលរដ្ឋទាមទារអ្វីដែលពួកគេត្រូវការពីរដ្ឋាភិបាល។បច្ចុប្បន្នអង្គការសង្គមស៊ីវិលនៅក្នុងស្រុកមានជាង៣០០០ស្ថាប័ន កំពុងបំពេញការងារលើស័យផ្សេងៗគ្នាដូចជា ពង្រឹងវិស័យច្បាប់ ការពារធនធានធម្មជាតិ ជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស វិស័យកសិកម្ម និងការថែទាំសុខភាពជាដើម។សាស្ត្រាចារ្យ និងជាទីប្រឹក្សាឯករាជ្យ លោក ឈៀក ស្រ៊ាង មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះដែរថា បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនានាមានលក្ខណៈទន់ខ្សោយ ដែលតម្រូវឲ្យមានការតាមដានបន្ថែម។VOD ព្យាយាមសុំយោបល់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ជុំវិញការដូរទិសដៅការងាររបស់សង្គមស៊ីវិលនេះ ដែលលោកមិនលើកទូរស័ព្ទ។ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ជាគណបក្សដឹកនាំរដ្ឋាភិបាល លោក សុខ ឥសាន រំឭកឲ្យសង្គមស៊ីវិលប្រយ័ត្នក្លាយទៅជាការញុះញង់ពលរដ្ឋ។ការផ្តាស់រៀបចំប្តូរទិសដៅការងារនេះ គឺបន្ទាប់ពីរដ្ឋាភិបាលបង្កើតច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិល ដែលច្បាប់នេះមន្ត្រីសង្គមស៊ីវិលចោទថា បានរឹតត្បិតសិទ្ធិសេរីភាពពួកគេក្នុងការបំពេញការងារ។ ច្បាប់ស្តីពីអង្គការសង្គមស៊ីវិល បានចូលជាធរមាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥៕