• តុលាការ​រលើ​ក​ពេល​សវនាការ​របស់​សមា​ជិ​ក​ព្រឹទ្ធសភា​នៃ​គណបក្ស​សម រង្ស៊ី​

    • Issue Date 08-Oct-2015

    ភ្នំពេញ​—​តុលាការ​រាជធានី​ភ្នំពេញ​បានសម្រេច​លើក​ពេល​អង្គ​សវនាការ​ជម្រះក្តី​លោក​ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សម រង្ស៊ី ពីព្រោះ​តុលាការ​ពុំមាន​ជំនាញ​ក្នុងការ​ទាញយក​ឯកសា​រ​ដែល​ទាក់ទិន​រឿងក្តី​នេះ ចេញពី​ប្រព័ន្ធ​អ៊ីនធឺណិត​ទេ​។ មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហុង សុខ​ហួរ ថ្លែងថា ការលើក​ពេល​អង្គ​សវនាការ​នេះ​ជាការ​ពន្យារពេល​ឃុំឃាំង មិន​ព្រម​ផ្តល់​យុត្តិធម៌​ដល់​លោក​ហុង សុខ​ហួរ ខណៈដែល​សកម្មជន​សិទ្ធិមនុស្ស​ថ្លែងថា នេះ​ជាការ​រំ​លោទ​សិទ្ធិសេរីភាព​របស់​ជន​ជាប់ចោទ​។​​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ​នេះ បានសម្រេច​លើក​ពេល​សវនាការ​រឿងក្តី​របស់លោក​ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សម រង្ស៊ី ដោយសារ​តុលាការ​ពុំមាន​ជំនាញ​ក្នុងការ​ទាញយក​ឯកសា​រ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រធាន​ក្រុមប្រឹក្សា​អង្គជំនុំជម្រះ និង​មេធាវី​ការពារ​ក្តី​ឲ្យ​សមាជិក​ព្រឹទ្ធសភា​រូបនេះ​។​​ការប្រកាស​ផ្អាក​សវនាការ​នេះ​ធ្វើឡើង​ប្រហែល​ជាង​មួយ​ម៉ោង បន្ទាប់ពី​ការសួរដេញដោល និង​ការបង្ហាញ​ឯកសារ​ភស្តុតាង​រវាង​តំណាង​អយ្យការ​តុលាការ និង​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ​។​​បន្ទាប់ពី​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ហុង សុខ​ហួរ​ពន្យល់ បកស្រាយ​អំពី​វិធី​នៃ​ការរកឃើញ​ឯកសារ​សន្ធិសញ្ញា​មួយ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ដែល​នាំ​ដល់​ការចោទប្រកាន់​លោក​ហុង សុខ​ហួរ​ពីបទ​«​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ និង​ញុះញង់​»​នោះ លោក រស់ ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​អង្គជំនុំជម្រះ បានប្រកាស​ផ្អាក​ការសួរដេញដោល ហើយ​ស្នើ​ឲ្យ​ក្រុម​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ បញ្ជូន​ឯកសារ​ដែល​បាន​ទាញ​ចេញពី​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​បញ្ជាក់​ពីថ្ងៃ​នៃ​ការ​ទាញ​ឯកសារ​នោះ​ផងដែរ​។ លោក​ប្រធាន​អង្គជំនុំជម្រះ​ក៏បាន​ស្នើ​ឲ្យ​ក្រុម​មេធាវី​បញ្ជាក់​ពី​ឧបករណ៍​ដែល​ប្រើ​សម្រាប់​ក្នុងការ​ទាញយក​ឯកសា​រ ហើយ​ប្រគល់​ឧបករណ៍​នោះមក​កាន់​តុលាការ​ដើម្បី​ធ្វើការ​ពិនិត្យ​បន្ថែម តែ​លោក​មិន​បញ្ជាក់​ពីថ្ងៃ​នៃ​ការបើក​សវនាការ​ជាថ្មី​នោះទេ​។​​ឈរ​នៅ​ពីមុខ​ច្រកចូល​នៃ​តុលាការ​ក្រុងភ្នំពេញ លោក ជួង ជូ​ងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ហុង សុខ​ហួរ មានប្រសាសន៍ប្រាប់​អ្នកយកព័ត៌មាន​ថា ការផ្អាក​សវនាការ​នេះ​គឺ​មិន​ត្រឹមត្រូវ​ទៅតាម​នីតិវិធី​ទេ ពីព្រោះ​ក្រុម​មេធាវី​កំពុង​ព្យាយាម​បង្ហាញ​ភស្តុតាង​ដើម្បី​ដោះ​បន្ទុក​កូនក្តី តែ​ត្រូវ​តុលាការ​ប្រកាស​ចាត់​របៀប​ដើម្បី​លើក​ពេល​ការកាត់ក្តី​។​«​ខ្ញុំ​ចាប់ផ្តើម​នីតិវិធី​ដើម្បី​បង្ហាញ​ភស្តុតាង​ដោះ​បន្ទុក ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​បាន​ដំណើរការ​នីតិវិធី​របស់ខ្ញុំ​ផង​ស្រាប់តែ​តុលាការ​ចាត់​របៀប​ភ្លាម គឺ​អត់​ផ្តល់ឱកាស​ឲ្យ​ខ្ញុំ​បង្ហាញ​នីតិវិធី​ដោះ​បន្ទុក​កូនក្តី​ខ្ញុំ​ផង​»​។​​ឆ្លើយ​ទៅនឹង​សំណួរ​របស់ VOA ថា តើ​នេះ​ជាការ​ស្មុគស្មាញ​ទេ​សម្រាប់​ឲ្យ​តុលា​ការរក​វិធី​ទាញយក​ឯកសារ​នេះ លោក​មេធាវី​ជួង ជូ​ងី​ថ្លែងថា​៖«​គ្រាន់តែ​តុលាការ​ភ្ជាប់​អ៊ីនធឺណិត​ភ្លាម ខ្ញុំ​បង្ហាញ​ឲ្យ​ឃើញ​ភ្លាម​តែម្តង​»​។​​លោក​មេធាវី​បញ្ជាក់​បន្ថែមថា ការប្រកាស​ចាត់​របៀប​ដើម្បី​បើកផ្លូវ​ឲ្យ​តុលាការ​ធ្វើការ​អង្កេត​សារជាថ្មី​លើ​វិធី​នៃ​ការទាញយក​ឯកសារ​នេះ គឺ​ចេតនា​របស់​តុលាការ​ដែល​មិន​ចង់​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី​របស់លោក ខណៈដែល​តំណាង​អយ្យការ​កំពុង​បន្ត​រក​បន្ទុក​ដាក់​លើ​កូនក្តី​របស់លោក​ថែមទៀត​។​​នៅមុន​ការប្រកាស​ផ្អាក​សវនាការ​នេះ លោក​ហុង សុខ​ហួរ​ត្រូវបាន​លោក​សៀង សុខ តំណាង​អយ្យការ​តុលាការ​សួរ​អំពី​សកម្មភាព​របស់លោក​នៅមុន​ពេលដែល​លោក​ត្រូវបាន​ចាប់ខ្លួន ដោយ​កង​អន្តរាគមន៍​ពិសេស​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កាលពី​ពាក់កណ្តាល​ខែសីហា​កន្លង​ទៅ​។ លោក ហុង សុខ​ហួរ​បាន​រៀបរាប់​ប្រាប់​តុលាការ​ថា មុន​ការចាប់ខ្លួន​លោក លោក​បាន​ចូលទៅ​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​មន្ត្រី​នៅក្នុង​ស្ថានទូត​បារាំង ហើយក៏​បន្តដំណើរ​មក​ផ្ទះ​លោក​យ៉ុ​ន ថា​រ៉ូ តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​បាន​ស្នាក់អាស្រ័យ​នៅផ្ទះ​តំណាងរាស្ត្រ​រូបនោះ ហើយក៏​ត្រូវបាន​ចាប់ខ្លួន​តែម្តង​។​​ក្រោយពេល​តុលាការ​ប្រកាស​ផ្អាក​សវនាការ​ភ្លាម លោក​ហុង សុខ​ហួរ​បដិសេធ​មិន​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកយកព័ត៌មាន​នោះទេ​។​​លោក អំ សំអាត ប្រធាន​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​ហៅ​ការប្រកាស​ចាត់​របៀបនេះ​ថា ជាការ​ពន្យារពេល​នៃ​ការកាត់ក្តី​ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​ជន​ជាប់ចោទ ហើយ​នេះ​ជាការ​ពន្យារពេល​ឃុំឃាំង​។ លោក​មានប្រសាសន៍ថា​៖«​តាម​គោលការណ៍​ច្បាប់ គឺថា កាត់​ឲ្យ​កាន់តែ​លឿន វា​កាន់តែ​ល្អ​។ វា​កាត់បន្ថយ​ការប៉ះពាល់​សិទ្ធិ​របស់​ជន​ដែល​ត្រូវ​បន្ត​ឃុំខ្លួន ឬ​មិនត្រូវ​ឃុំខ្លួន ពីព្រោះ​មកទល់ពេលនេះ គេ​មិនទាន់​ដឹងថា គាត់​ត្រូវ​មានទោស ឬ​អត់​ទោស​នោះទេ​។ អញ្ចឹង​ជាគោលការណ៍​ធ្វើ​ម៉េច​ឲ្យ​បាន​លឿន​»​។​​បន្ទាប់ពី​ការប្រកាស​ចាត់​របៀបនេះ លោក​បញ្ជាក់ថា ការណ៍​ដែល​តុលា​ការមិន​ព្រម​ប្រកាស​ថ្ងៃជា​ក់លាក់​នៃ​ការបើក​សវនាការ​នៅពេល​ខាងមុខ​នោះ​គឺ​រឹតតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ជនជាប់ចោទ ហើយ​ថា រឿងក្តី​ទាក់ទិន​សកម្មជន​នយោបាយ ឬ​អ្នកនយោបាយ​គណបក្សប្រឆាំង រមែងតែ​ផ្សារភ្ជាប់​នឹង​ការចរចា​ផ្នែក​នយោបាយ​រវាង​អ្នកនយោបាយ​នៃ​គណបក្សប្រឆាំង និង​គណបក្សកាន់អំណាច​។​​លោក ហុង សុខ​ហួរ ត្រូវបាន​ចាប់ខ្លួន ក្រោយពី​មាន​បទបញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ចោទថា សមាជិក​ព្រឹទ្ធសភា​រូបនេះ​បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​ទាក់ទង​នឹង​ការ​បង្ហោះ និង​ពន្យល់​អំពី​សន្ធិសញ្ញា​មួយ​ដែល​ប្រទេស​កម្ពុជា និង​វៀតណាម​បាន​ចុះហត្ថលេខា​នៅ​ខែកុម្ភៈ​ឆ្នាំ​១៩៧៩​។ ការចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​ទាំង​មាន​អភ័យឯកសិទ្ធិ​ជាប់​នឹង​ខ្លួន​នេះ ត្រូវបាន​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​ការប្រកាស​បទបញ្ជា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​​កាល​ពី​ថ្ងៃទី​៣ តុលា​កន្លងទៅ លោក ហុង សុខ​ហួរ ដែលជា​ជនជាតិខ្មែរ​កាន់​សញ្ជាតិ​បារាំង ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​បដិសេធ​សំណើសុំ​នៅក្រៅ​ឃុំ​របស់លោក ដោយ​តុលាការ​អះអាងថា ការដោះលែង​ឲ្យ​លោក ហុង សុខ​ហួរ នៅក្រៅ​ឃុំ​នឹង​អាច​បង្ក​ឲ្យ​«​មាន​ភាពវឹកវរ​នៅក្នុង​សង្គម​» បើទោះជា​សមាជិក​ព្រឹទ្ធសភា​រូបនេះ​ស្ថិតក្នុង​វ័យចាស់ និង​មាន​ជំងឺ​បេះដូង​ជាប្រចាំ​ក៏ដោយ​។​​ការសម្រេច​របស់​តុលាការ ដែល​បដិសេធ​សំណើ​របស់លោក​ហុង សុខ​ហួរ​សុំ​នៅក្រៅ​ឃុំ​នេះ បាន​រង​ការរិះគន់​ពី​អ្នកតាមដាន​ស្ថានភាព​សិទ្ធិ​នៅក្នុង​ប្រទេស​កម្ពុជា​។ ពួកគេ​ថ្លែងថា លោក​ហុង សុខ​ហួរ «​មាន​ហេតុផល​គ្រប់គ្រាន់​តាមផ្លូវ​ច្បាប់​ក្នុង​ការសុំ​នៅក្រៅ​ឃុំ​» ដោយ​លោក​បានបញ្ជាក់​ពី​បញ្ហា​សុខភាព មាន​តួនាទី​ជាក់លាក់ តម្កល់​ថវិកា​ធានា​ចំនួន​២០​លាន​រៀល តម្កល់​លិខិតឆ្លងដែន និង​សន្យា​ចូលរួម​តាម​នីតិវិធីតុលាការ​គ្រប់​ដំណាក់កាល​ជាដើម​។​​យ៉ាងហោចណាស់​មាន​សក​ម្ម​ជន និង​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០​រូប​ត្រូវបាន​ចាប់ឃុំខ្លួន និង​កាត់ទោស​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ បន្ទាប់ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បានបង្ហាញ​ការមន្ទិលសង្ស័យ​រឿង​ផែនទី និង​ការបោះបង្គោល​ព្រំដែន​រវាង​កម្ពុជា​វៀតណាម​នោះ​៕​ដកស្រង់​ពី​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក ចេញផ្សាយ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៥៕​