• បុរស​៣​នាក់​សារភាពថា​ជា​អ្នកបង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ​បក្សប្រឆាំង​២​នាក់​

    • Issue Date 04-Nov-2015

    សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ ឲ្យ​ដឹងថា ជនដៃដល់​មួយចំនួន​ដែល​បង្ក​របួសស្នាម​ធ្ងន់ធ្ងរ​ទៅលើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង កាលពី​ថ្ងៃទី​២៦ ខែតុលា កន្លងទៅ បាន​ចូល​សារភាព​ទទួលទោស​កំហុស​ចំពោះមុខ​ច្បាប់​កាលពី​ល្ងាច​ថ្ងៃទី​៣ វិច្ឆិកា​។ ជនរងគ្រោះ​នៃ​អំពើហិង្សា បាន​សាទរ​ចំពោះ​ភាពក្លាហាន​របស់​ជនដៃដល់ ប៉ុន្តែ​ទាមទារ​ឲ្យ​សមត្ថកិច្ច​បង្ហាញមុខ​អ្នកបញ្ជា​ពីក្រោយ​។​ ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ ទី​៣ វិច្ឆិកា ថា យ៉ាងហោចណាស់​មាន​ជន​ដៃដល់​ចំនួន​បី​រូប បាន​ចូល​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ក្រុងភ្នំពេញ​។ លោក​បន្តថា សមត្ថកិច្ច​នឹង​បញ្ជូន​ខ្លួន​ជនដៃដល់​ទាំងបី​នាក់ ទៅ​តុលាការ​នៅ​ថ្ងៃ​ពុធ ទី​៤ វិច្ឆិកា​៖ «​ល្ងាច​មិញ​នេះ​ម៉ោង​ប្រហែល​ជិត​ប្រាំ​ទៅហើយ មាន​ជនដៃដល់​បី​រូប​ដែល​បានបង្ហាញ​ខ្លួន​ចំពោះមុខ​គណៈកម្មការ​ស៊ើបអង្កេត​របស់​ក្រសួងមហាផ្ទៃ​។ ឥឡូវនេះ កំពុងស្ថិត​ក្រោម​ការឃុំ​គ្រង​របស់​គណៈកម្មកា​រ​យើង​ទេ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹកស្អែក​នេះ​»​។​​ជនដៃដល់​ទាំងបី​នាក់​នេះ ទីមួយ​មានឈ្មោះ ចាយ សារិទ្ធ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។ ទី​២ ឈ្មោះ ម៉ៅ ហឿន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​នៅ​ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។ ទី​៣ ឈ្មោះ សុ​ត វណ្ណ​នី ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​​លោក ខៀវ សុភ័គ អះអាងថា មនុស្ស​ដែល​ចូល​សារភាព​ទាំងបី​នាក់​នេះ ជា​ជនដៃដល់​ជាងគេ​ក្នុង​អំពើហិង្សា​ទៅលើ​អ្នកតំណាងរាស្ត្រ​ពីររូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​៖ «​តាម​ដែល​បង​ដឹង​មាន​អ្នក​ពាក់​ពួក​ក្រហម​មួយ អ្នក​ដែល​ពាក់​ស្បែកជើង​ហ្នឹង​មួយ ហើយ​និង​អ្នក​ទាត់​ហ្នឹង​មួយ​។ ហ្នឹង​ជា​អ្នកដៃដល់​ជាងគេ ក្រៅពី​ហ្នឹង​មិន​ដៃដល់​ទេ គ្រាន់តែ​ហេ​ក​ហកៗ​នឹង​គេ​នឹង​ឯង​ទេ​»​។​​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ជំរុញ​ឲ្យ​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក (Facebook page) ទាំងឡាយ​ដែលមាន​ភស្តុតាង​ជា​រូបថត ឬ​ជា​វីដេអូ ដែល​ថត​មុខ​ជនដៃដល់​ក្នុង​អំពើហិង្សា​ក្បែរ​មន្ទីរ​រដ្ឋសភា មក​ប្រគល់​ឲ្យ​សមត្ថកិច្ច ដើម្បី​កំណត់​មុខសញ្ញា​បន្ថែម​៖ «​ហ្វេ​ស​ប៊ុ​ក​គេ​ធ្វើ​អី​ក៏​បានដែរ​។ ដូច​ឈ្មោះ ក អ៊ីចឹង គេ​សង្ស័យ​ហើយ​ដូរ​ទៅ​ឈ្មោះ ខ វិញ ក៏មានដែរ​។ សមត្ថកិច្ច​អំពាវនាវ​ឲ្យ​ម្ចាស់​ផេ​ក​ទាំងអស់ ដែល​បាន​ថត​ផ្ទាល់​ហ្នឹង សូម​ឲ្យ​វីដេអូ​ដើម​របស់លោក​យកមក​ឲ្យ​គណៈកម្មការ​របស់​យើង ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើការ​សន្និដ្ឋាន និង​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​»​។​​ទោះជា​យ៉ាងណា កន្លងមក​គេ​ឃើញ​ក្រសួងមហាផ្ទៃ ចាត់ការ​ចាប់ខ្លួន​មនុស្ស​មួយចំនួន​ភ្លាមៗ​ដាក់ពន្ធនាគារ ដោយ​ប្រើប្រាស់​សារ និង​រូបភាព​ដែល​ជនសង្ស័យ​បាន​បង្ហោះ​នៅតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ករណី​ទាំងនោះ​រួមមាន អ្នកសរសេរ​សារ​គំរាម​សម្លាប់ លោក សុខ ទូច សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​អ្នកសរសេរ​គំរាម​សម្លាប់ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​​ជុំវិញ​ការចូល​សារភាព​របស់​ជនដៃដល់​ទាំងនេះ លោក ញ៉យ ចំរើន ដែលជា​ជនរងគ្រោះ​នៃ​អំពើហិង្សា​របស់​ក្រុមបាតុករ ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្ដែង​ការកោតសរសើរ​ដល់​ភាពក្លាហាន​របស់​ជនដៃដល់ ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​សមត្ថកិច្ច​វែកមុខ​អ្នកបញ្ជា​ឲ្យ​មាន​អំពើហិង្សា​នេះ​កើតឡើង​៖ «​អរគុណ​ណាស់ ហ្នឹង​យើង​សរសើរ​ដែល​ក្លាហាន​ហ៊ាន​មក​សារភាព​ហ្នឹង តើ​ខ្ញុំ​ចង់ដឹងថា តើ​មាន​អ្នកណា​នៅ​ពីក្រោយ​រឿង​ហ្នឹង​? ខ្ញុំ​មិន​ជឿថា​អ្នក​ទាំង​អស់ហ្នឹង​សុខៗ​មាន​អ៊ីចឹង​កើតឡើង​ទេ ព្រោះ​យើង និង​ក្រុម​បីនាក់​ហ្នឹង មិនដែល​មានទំនាស់​អ្វី​ជាមួយគ្នា​ទេ ហើយ​សឹង​ថា​មក​សម្លាប់​យើង​ទៅហើយ​។ ដូច្នេះ ខ្ញុំ​សង្ស័យថា វា​មាន​អ្នក​នៅ​ពីក្រោយ​ហ្នឹង​ទៅទៀត​។ អ៊ីចឹង ខ្ញុំ​ចង់ដឹងថា តើ​មាន​អ្នកណា​នៅ​ពីក្រោយ​ហ្នឹង ហើយ​ចាប់​យកមក​កាត់ទោស​តាមផ្លូវ​ច្បាប់​»​។​​ក្រុមបាតុករ​ដែលមាន​និន្នាការ​គាំទ្រ​គណបក្សកាន់អំណាច កាលពី​ថ្ងៃ​ច័ន្ទ ទី​២៦ ខែតុលា បាននាំគ្នា​ស្រែក​ទាមទារ​ឲ្យ​ដក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី​១ រដ្ឋសភា​។ ក្រុមបាតុករ បាន​ចាប់​អូស​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីររូប គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន ចេញពី​រថយន្ត ហើយ​ព្រួត​គ្នា​ចោមរោម​វាយ​ទាត់​ធាក់​យ៉ាង​សាហាវ បណ្ដាល​ឲ្យ​រងរបួស​ជា​ទម្ងន់ ហើយ​ដួលសន្លប់​នៅ​ហ្នឹង​កន្លែង​។​​បាតុកម្មហិង្សា​នេះ ធ្វើឡើង​បន្ទាប់ពី លោក ហ៊ុន សែន ថ្លែង​ទៅកាន់​ក្រុម​អ្នកគាំទ្រ​របស់លោក​ក្នុងប្រទេស​បារាំង កាលពី​ថ្ងៃអាទិត្យ ថា បាតុកម្ម​ប្រឆាំងនឹង​រូបលោក​នៅ​បារាំង គឺជា​សិទ្ធិ​របស់​ពលរដ្ឋ ចំណែក​បាតុកម្ម​ប្រឆាំង លោក កឹម សុខា នៅ​ភ្នំពេញ ក៏​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ដូចគ្នា​។​​មជ្ឈដ្ឋាន​សាធារណៈ​ជាតិ និង​អន្តរជាតិ ចាត់ទុក​សម្ដី​របស់ លោក ហ៊ុន សែន ថា​អាច​ជាការ​បញ្ឆេះ​កំហឹង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​ហិង្សា​។​​ជុំវិញ​ការចូល​សារភាព​របស់​ជនដៃដល់​ដែល​បង្ក​របួសស្នាម​ធ្ងន់ធ្ងរ​ដល់​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នេះដែរ អ្នកស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត អះអាងថា គ្មានអ្វី​ចម្លែក​នោះទេ​ចំពោះ​ការចូល​សារភាព​របស់​ជនដៃដល់​នៅពេលនេះ ដោយសារ​គណៈកម្មការ​ស៊ើបអង្កេត​របស់​ក្រសួងមហាផ្ទៃ បាន​ទុក​លទ្ធភាព​ឲ្យ​ពួកគេ​ចូល​បង្ហាញខ្លួន ជាជាង​ធ្វើការ​ចាប់ខ្លួន​តែម្តង​៖ «​គណៈកម្មការ​នេះ​បានប្រកាស​ជា​បន្តបន្ទាប់​ថា​ពិបាក​ក្នុងការ​ស៊ើបអង្កេត ហើយ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ហ្នឹង​ចូលរួម​ផ្តល់​ភស្តុតាង​។ ទីបំផុត យើង​ឃើញថា ជន​ពាក់ព័ន្ធ​បាន​ចូល​សារភាព ហើយ​មិនបាន​ទៅណា​ឆ្ងាយ​ទេ បើ​យើង​មើលទៅ​។ អ៊ីចឹង​ហើយ ដែល​យើង​អាច​មើលឃើញថា ជាការ​ទុក​លទ្ធភាព​ឲ្យ​អ្នក​ហ្នឹង​ចូល​សារភាព​។ បើសិនជា​យើង​គិត​លើ​ឆន្ទៈ​ក្នុងការ​ស៊ើបអង្កេត​ពិត​ប្រាកដ អ្នក​ទាំងអស់គ្នា​ហ្នឹង គឺ​រយៈពេល​មួយអាទិត្យ​មិនបាច់​ចូល​សារភាព ក៏​គណៈកម្មការ​គេ​ចាប់​បានដែរ​»​។​​លោក​បន្តថា ការចូល​សារភាព​របស់​ជនដៃដល់ អាចធ្វើ​ទៅបាន គឺ​ដោយសារ​ការប្រកាស​រប​ស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២៨ ខែតុលា កន្លងទៅ ក្រោយពេល​លោក​វិលត្រឡប់​ពី​ប្រទេស​បារាំង​។​​កន្លងទៅ​មាន​ជនដៃដល់​មួយចំនួន បាន​ចូលខ្លួន​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ ចំពោះ​អំពើហិង្សា​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​ល្មើសច្បាប់ ក្រោយពី​មាន​បញ្ជា​របស់ លោក ហ៊ុន សែន ដូចជា​ករណី លោក​ឧកញ៉ា សុខ ប៊ុន បង្ក​របួសស្នាម​លើ កញ្ញា សា​សា និង​ករណី លោក ឈូក បណ្ឌិត ដែល​បាន​បាញ់​កម្មការិនី​បីនាក់​ឲ្យ​របួសធ្ងន់​នៅ​ខេត្តស្វាយរៀង ជាដើម​។​​ទោះជា​យ៉ាងណា ផ្អែក​តាម​សាក្សី​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែលជា​អ្នកបើករថយន្ត​ដឹក​កង​អង្គរក្ស លោក ហ៊ុន សែន ពី​ខេត្តកណ្តាល ក្រុម​អង្គរក្ស​របស់​នាយករ​ដ្ឋ​មន្ត្រី​ប្រមាណ ២០០​នាក់ បាន​ចូលរួម​ក្នុង​បាតុកម្ម​បណ្ដេញ លោក កឹម សុខា ពី​តំណែង ហើយ​រូបភាព​វីដេអូ​ផ្សាយ​ពាសពេញ​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បង្ហាញថា ជនដៃដល់​មាន​គ្នាច្រើន​លើសពី ៣​នាក់​។​​អំពើ​និទ្ទណ្ឌភាព​មាន​កម្រិត​ខ្ពស់​នៅ​កម្ពុជា ក្នុងនោះ​មាន​ករណី​ជាច្រើន​ដែល​ជនដៃដល់​មិនត្រូវ​បាន​វែកមុខ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ ករណី​ទាំងនោះ​រួមមាន ឃាតកម្ម​លើ​មេដឹកនាំ​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា ឆ្នាំ​២០០៤ ករណី​សម្លាប់​រង្គាល​កងទ័ព​រា​ជា​និយម​ហ្វ៊ុនស៊ិនប៉ិច ករណី​អ្នកបញ្ជា​ឲ្យ​បោក​គ្រាប់បែក​មុខ​រដ្ឋសភា កាលពី​ឆ្នាំ​១៩៩៧ ការបាញ់សម្លាប់​តារាភាពយន្ត អ្នកស្រី ពិសិដ្ឋ ពិ​លីកា ការបាញ់ប្រហារ​តារាចម្រៀង កញ្ញា ទូច ស៊ុន​និ​ច ការសម្លាប់​ព្រះសង្ឃ សំ ប៊ុនធឿន ការ​ជះ​ទឹក​អាស៊ីត​លើ អ្នកស្រី តាត ម៉ា​រី​ណា ការសម្លាប់​អ្នកកាសែត ឬ​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី ជាដើម​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ​២០១៥៕​