• តុលាការ​បើកសវនាកា​រ​ស៊ើបសួរ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​

    • Issue Date 05-Nov-2015

    តុលាការ​ខេត្តកោះកុង នៅ​ថ្ងៃ​ពុធ​នេះ បាន​បើក​ការ​ស៊ើបសួរ​បន្ថែម​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់ ស្របពេល​ក្រុម​សាច់ញាតិ​របស់​ពួកគេ ឡើងមក​រាជធានី​ភ្នំពេញ ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ​។​​សកម្មជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់ រួមមាន​លោក សាន់ ម៉ា​ឡា លោក ទ្រី សុ​វិ​គា និង​លោក ស៊ីម សំណាង ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែសីហា ឆ្នាំ​២០១៥​។​​ម្តាយ​របស់​សកម្មជន​ទ្រី សុ​វិ​គា គឺ​អ្នកស្រី សំ សំណាង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ក្រោយពី​ការចាប់ខ្លួន​កូន​របស់​អ្នកស្រី​ជិត​៣​ខែ​នេះ ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់គាត់​ជួប​បញ្ហា​ប្រឈម​។ អ្នកស្រី​មានប្រសាសន៍ថា​៖ “​ក្នុង​គ្រួសារ​មានការ​លំបាក ខ្វះខាត​ច្រើន​ក្នុងការ​ធ្វើដំណើរ​មក​ក្មួយ​ហើយ វេទនាណាស់ ពិបាក​អត់លុយ​អត់​កាក់ ហើយ​ណាមួយ​ស្រូវ ស្រែចម្ការ​ហ្នឹង​ចោល សណ្តែក​រលួយ​អស់ហើយ តាំងពី​រឿង​កូន​ហ្នឹង ចុះឡើងៗ គ្មាន​បាន​ប្រមូល​ផល​ទេ អា​លួ​យ​ខូច​អស់​សណ្តែក ណាមួយ​ប្តី​ឈឺ​ដេកពេទ្យ​ពីរ​បី​សារ គ្រោះថ្នាក់​ចរាចរណ៍​ម្តង​ពីរ​ខែ​ទៀត ចោះ​រលា​ក្បាល​ទៀត មាន​ណា​! ឥឡូវ​គាត់​ពិការ​ធ្វើ​អី​លែងកើត ចឹ​ង​បាន​ថា ខ្ញុំ​ពិបាក​ក្នុងការ​ធ្វើដំណើរ​មក​”​។​​អ្នកស្រី ថា សុភា ត្រូវជា​ភរិយា​របស់​សកម្មជន​ឈ្មោះ ស៊ីម សំណាង បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ផ្តល់​យុត្តិធម៌ ដោះលែង​ស្វាមី​និង​សកម្មជន​ផ្សេងទៀត ដោយ​អះអាងថា​ពួកគេ​មិនបាន​ធ្វើ​ខុស​ដូច​ការចោទប្រកាន់​នោះទេ​។ អ្នកស្រី​មានប្រសាសន៍ថា​៖ “​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​និង​អង្គការ​សង្គម​ស៊ីវិល ដូចជា​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ​ឲ្យ​ប្តី​ខ្ញុំ​និង​អ្នក​ទាំងបី​ទៀត​បាន​ចេញពី​ពន្ធនាគារ​ឲ្យ​បាន​ឆាប់ ពីព្រោះ​ប្តី​ខ្ញុំ គាត់​គ្មាន​ធ្វើ​អី​ខុស​ទេ គ្រាន់តែ​ការពារ​ធនធានធម្មជាតិ ដែលជា​សម្បត្តិ​រួម​តែប៉ុណ្ណោះ​”​។​​វី​អូ​ឌី​(VOD)​មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​ចៅក្រម​ស៊ើបសួរ លោក ស៊ុន ដាវី ដែល​កាន់​សំណុំ​រឿងនេះ​បាន​នៅឡើយ​ទេ​។​​គួរ​បញ្ជាក់ថា​សកម្មជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់​ដែល​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នោះ ត្រូវបាន​ព្រះរាជអាជ្ញា ប៊ូ ប៊ុន​ហាំង បាន​ចោទប្រកាន់​តាម​មាត្រា​៤២៤​នៃ​ក្រមព្រហ្មទណ្ឌ​ពីបទ​គំរាមកំហែង​ថា​នឹងធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នឹង​បញ្ជា​អ្វីមួយ​។ បើតាម​មាត្រា​៤២៤​នៃ​ក្រមព្រហ្មទណ្ឌ អំពើ​គំរាមកំហែង​តាម​មធ្យោបាយ​ណាក៏ដោយ​ថា​នឹង​ប្រព្រឹត្ត​ការបំផ្លិចបំផ្លាញ ការធ្វើ​ឲ្យ​ទ្រុឌទ្រោម​ឬ​ការធ្វើ​ឲ្យ​ខូចខាត ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​ទៅ​៤​លាន​រៀល ប្រសិនបើ​ការគំរាមកំហែង​នេះ​មានភ្ជាប់​បញ្ជា​ឲ្យ​បំពេញ​ឬ​មិន​បំពេញ​កិច្ច​អ្វីមួយ​។​​គួរ​រំ​ឮ​កថា​ប្រជា​សហគមន៍​និង​សមាជិក​អង្គការ​មាតា​ធម្មជាតិ បាន​បើក​យុទ្ធនាការ​រារាំង​សា​ឡង​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​វៀត ណា​ម​ចំនួន​២ គឺ​ឈ្មោះ​International Rainbow និង​ក្រុមហ៊ុន​Direct Access ដោយ​អះអាងថា ការ​បូម​ខ្សាច់​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​លំនៅឋាន​ប្រជាជន ដែល​រស់នៅ​ក្បែរ​ព្រែក ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ជម្រក​មច្ឆជាតិ​និង​ការនេសាទ​ត្រី​របស់​ប្រជាជន​។ ពាក់ព័ន្ធ​នឹង​ករណី​ដដែល​នេះ សាលាដំបូង​ខេត្តកោះកុង​ក៏បាន​ចោទប្រកាន់ លោក វ៉ែន វ៉ន ដែល​ត្រូវ​ស្គាល់​ថា​ជា​អ្នកតំណាង​ជនជាតិភាគតិច​ជង​មកពី​ស្រុក​ថ្មបាំង ខេត្តកោះកុង តែងតែ​ចេញមុខ​ការពារ​តំបន់​អា​រ៉ែ​ង ទៅ​ពន្ធនាគារ​ឃុំខ្លួន​បណ្តោះអាសន្ន​ដែរ ក្រោយ​ហេតុផល​ថា ឈ្មោះ វ៉ែន វ៉ន បាន​ប្រព្រឹត្ត​បទល្មើស​ប្រមូល​ផល​អនុផល​ព្រៃឈើ ដោយ​គ្មាន​លិខិតអនុញ្ញាត នៅ​ភូមិ​ឬ​ស្ស៊ី ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្តកោះកុង កាលពី​ថ្ងៃទី​៨​ខែមករា ឆ្នាំ​២០១៥​។ ក្រុមគ្រួសារ​ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​លោក វ៉ែន វ៉ន ផងដែរ​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៥៕​