-
អង្គការសិទ្ធិមនុស្សជំរុញតុលាការស៊ើបអង្កេតរកស្ថាប័នឬបុគ្គលនៅពីក្រោយហិង្សាលើតំណាងរាស្ត្រ
- Issue Date 05-Nov-2015
សង្គមស៊ីវិលមួយចំនួនដែលធ្វើការលើសិទ្ធិមនុស្សជំរុញឲ្យសមត្ថកិច្ចនិងតុលាការស៊ើបអង្កេតថាតើបុគ្គលឬស្ថាប័នណានៅពីក្រោយការប្រើហិង្សាទៅលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប កាលពីថ្ងៃទី២៦ខែតុលា។ អនុប្រធានស៊ើបអង្កេតផ្នែតសិទ្ធិមនុស្សអង្គការ អាដហុក លោក ណៃ វ៉ង់ដា មានប្រសាសន៍ថាតុលាការគួរតែខិតខំស្វែងរកឲ្យឃើញថាបុគ្គលឬស្ថាប័នដែលនៅពីក្រោយជនដែលប្រព្រឹត្តបទល្មើសនោះ យកមកផ្តន្ទាទោស។ លោកបន្ថែមថា៖ “ចៅក្រមស៊ើបអង្កេត ហើយហ្នឹងព្រះរាជអាជ្ញា ថាតើអ្នកទាំងអស់ហ្នឹងគាត់ប្រព្រឹត្តអំពើសាហាវឃោរឃៅទៅលើតំណាងរាស្ត្រហ្នឹងថាតើជាចេតនាផ្ទាល់ខ្លួនឬក៏មានអ្នកបង្គាប់បញ្ជាឲ្យធ្វើអាហ្នឹងទល់តែរកឲ្យឃើញចំណុចអស់ហ្នឹង”។បើតាមរបាយការណ៍របស់សមត្ថកិច្ច បុរសទាំង៣នាក់នោះ មាន ឈ្មោះ ចាយ សារិទ្ធ រស់នៅខេត្តកណ្តាល ឈ្មោះ ម៉ៅ ហឿន រស់នៅខេត្តព្រៃវែងនិងឈ្មោះ សុត វណ្ណនី រស់នៅខេត្តកណ្តាល។ ជនសង្ស័យ៣នាក់ដែលត្រូវស្គាល់ថាមានតួនាទីជាទាហាននោះ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដាក់ពន្ធនាគារព្រៃសកាលពីថ្ងៃពុធ ក្រោមបទចោទថាហិង្សាដោយមានស្ថានទំងន់ទោសនិងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា។ប្រភពពីពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលអះអាងថាបានស្គាល់បុរសឈ្មោះ ម៉ៅ ហឿន ដែលជាជនជាប់ចោទម្នាក់ក្នុងចំណោមនោះ ប្រាប់VODថាក្រោយពីភរិយាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ លោក ម៉ៅ ហឿន បានឡើងមករាជធានីភ្នំពេញ ដើម្បីធ្វើការជាអង្គរក្ស។ ប៉ុន្តែលោកមិនច្បាស់ថាធ្វើការនៅអង្គភាពណាឬការពារបុគ្គលណានោះទេ។វីអូឌីមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បាននៅឡើយទេ ដោយទូរស័ព្ទហៅចូលតែពុំមានអ្នកទទួល។ប្រធានលេខាធិការគណកម្មធិការនៃអង្គការសមាគមន៍ការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនសក្តិ មានប្រសាសន៍ថាការដែលជនដៃដល់ដែលស្ថិតនៅក្រោមស្ថាប័នរដ្ឋហើយចូលរួមធ្វើបាតុកម្មនិងប្រើហិង្សាគឺខុសច្បាប់។ លោកមានប្រសាសន៍ថា៖“រឿងនេះវាប៉ះពាល់ភាពជាអាជ្ញាកណ្ដាល ប៉ះពាល់អព្យាក្រឹតជាតិ កាលណាយើងយកតួនាទីជាអ្នកការពារជាតិមកវាយលើតំណាងរាស្ត្របក្សនយោបាយផ្សេងៗអញ្ចឹង គឺវាមានការខុសឆ្គងខ្លាំងណាស់ ហើយរដ្ឋាភិបាលនិងចាត់ចែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះដោយការវាយប្រហារហ្នឹង ហើយគាត់ដាក់ទណ្ឌកម្មលើអ្នកវាយប្រហារហ្នឹងឲ្យបានសមស្របបាទ”។ទាក់ទងនឹងការស្វែងរកជនល្មើសផ្សេងទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ថាមកដល់ពេលនេះ ក្រសួងមហាផ្ទៃបានប្រមូលឯកសារពាក់ពន្ធ័ផ្សេងៗ បញ្ជូនទៅកាន់តុលាការដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៅលើបញ្ហានេះ។ លោកបន្ថែមថា៖ “យ៉ាងណាក៏ដោយខាងគណៈកម្មការដែលក្រសួងបង្កើតហ្នឹង មិនទាន់ដោះស្រាយនៅឡើយទេ គឺងរង់ចាំការបង្គាប់បញ្ជាពីស្ថាប័នតុលាការ ឥឡូវគាត់រកឃើញ គេមានចៅក្រមស៊ើបអង្កេតបន្តទៀត”។សង្គមស៊ីវិលបានឲ្យដឹងទៀតថាតុលាការគួរចាប់ផ្ដើមស្ដារមុខមាត់ឡើងវិញក្នុងការស្វែងរកយុត្តិធម៌ ក្រោមយន្តការនៃការស៊ើបអង្កេតឲ្យបានល្អិតល្អន់ទៅលើបុគ្គលឬស្ថាប័នណាដែលនៅពីក្រោយអំពើហិង្សានេះ។ក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធលូនៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាបាតុកម្មប្រឆាំងលោក កឹម សុខា ដោយសារមានបាតុកម្មនៅទីក្រុងប៉ារីស និងញូវយ៉ក ដែលលោកថាគណបក្សសង្គ្រោះជាតិជាអ្នករៀបចំ។ លោកបន្តថាបាតុកម្មណាក៏ដោយ ក៏មានអ្នករៀបចំរបស់គេ ដោយថាមិនចាំបាច់ទៅស្រាវជ្រាវរកនោះទេ។ ទោះជាយ៉ាងណា លោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះថាតើនរណាជាអ្នកដឹកនាំនោះទេ ដោយគ្រាន់តែលើកឡើងថាអ្នករៀបចំនោះបានជូនដំណឹងទៅសាលារាជធានីភ្នំពេញ។លោក ហ៊ុន សែន ថ្លែងបន្តថាបើតាមលោកដឹង ហិង្សាលើតំណាងរាស្ត្រនោះមិនមែនប្រព្រឹត្តដោយបាតុករនោះទេ ហើយការវាយតំណាងរាស្ត្រនោះ លោកឭថាដោយសារតំណាងរាស្ត្រជេរទៅលើអ្នកវាយនោះ។ ទោះជាយ៉ាងណា លោកថាទុកឲ្យតុលាការធ្វើការលើបញ្ហានេះ។ លោកបានថ្លែងថា៖ “ហើយតាមដឹងអារឿងហិង្សាហ្នឹង ហិង្សាហ្នឹង មិនមែនពួកបាតុករវាយណា អាហ្នឹងបើតាមការសិក្សា ពួកបាតុកររំសាយអស់ហើយ គេជេរ ឭគេផ្សាយអញ្ចឹង ល្ងាចមិញឃើញទូរទស្សន៍ផ្សាយ។ អ្នកមកសារភាពថាបើកឡាន ជេរខ្ញុំថាអាយ៉ងយួន…តែឲ្យតែវាយខុសហើយ”។វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ញ៉យ ចំរើន និងលោក គង់ សភា ដែលរងរបួសធ្ងន់ដោយសារការព្រួតវាយបាននៅឡើយទេ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៥៕