-
អង្គការអន្តរជាតិអំពាវនាវឲ្យរដ្ឋាភិបាលអន្តរាគមន៍ដោះលែងសកម្មជនបរិស្ថានតំបន់អារ៉ែង
- Issue Date 11-Nov-2015
បណ្តុំអង្គការអន្តរជាតិធ្វើការលើរឿងសិទ្ធិមនុស្សបានអំពាវនាវឲ្យរដ្ឋាភិបាលអន្តរាគមន៍ជាបន្ទាន់ ដើម្បីឲ្យដោះលែងសកម្មជនបរិស្ថានរបស់អង្គការមាតាធម្មជាតិចំនួន៣នាក់និងសកម្មជនបរិស្ថានជាជនជាតិជងម្នាក់ផង ឲ្យរួចផុតពីការចោទប្រកាន់របស់តុលាការ។ អង្គការអន្តរជាតិដែលចូលរួមអំពាវនាវនេះរួមមានអង្គការសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស(FIDH)និងអង្គ ការពិភពលោកប្រឆាំងការធ្វើទារុណ្ឌកម្ម(OMCT)ជាដើម។ អង្គការទាំងនេះបានចេញសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយអំពាវនាវឲ្យរដ្ឋាភិបាលអន្តរាគមន៍ជាន្ទាន់ឲ្យដោះលែងសកម្មជនចលនាមាតាធម្មជាតិ៣នាក់ រួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង ដែលត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៥។ក្នុងសេចក្តីអំពាវនាវនោះ អង្គការអន្តរជាតិទាំងនោះ ក៏បានទាមឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនបរិស្ថានជាជនជាតិជង លោក វ៉ែន វ៉ន ផងដែរ។អង្គការអន្តរជាតិទាំងនោះបានថ្កោលទោសចំពោះការឃុំខ្លួនអ្នកទាំងនោះ ដោយចាត់ទុកថាជាការឃុំខ្លួនដោយគ្មានហេតុផលត្រឹមត្រូវ ប្រើប្រព័ន្ធតុលាការដើម្បីគាបសង្កត់ពួកគេនិងរារាំងដល់សកម្មភាពការពារសិទ្ធិមនុស្សស្របច្បាប់របស់សកម្មជនទាំងនោះ។ ទន្ទឹមនឹងការអំពាវនាវឲ្យមានអន្តរាគមន៍ដោះលែងសកម្មជនបរិស្ថានទាំង៤នាក់ អង្គការអន្តរជាតិទាំងនេះក៏ស្នើឲ្យរដ្ឋាភិលគោរពនូវសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីអ្នកការពារសិទ្ធិមនុស្ស ដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ១៩៩៨។សេចក្តីប្រកាសអង្គការសហប្រជាជាតិនោះបានធានានូវសិទ្ធិជាមូលដ្ឋានរបស់មនុស្សម្នាក់ៗ សិទ្ធិជួបប្រជុំដោយសន្តិវិធីនិងសិទ្ធិចូលរួមប្រឆាំងការរំលោភសិទ្ធិមនុស្សដោយអហិង្សាជាដើម។វីអូឌី(VOD)មិនទាន់អាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌និងក្រសួងមហាផ្ទៃបាននៅឡើយទេ។ទោះយ៉ាងណាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល លោក ម៉ក់ សម្បត្តិ មានប្រសាសន៍ថាការឃុំខ្លួនសកម្មជនបរិស្ថានទាំងនោះមិនមែនជាការរំលោភសិទ្ធិមនុស្សអ្វីនោះទេ ដោយលោកថាតុលាការធ្វើទៅតាមនីតិវិធីច្បាប់។ លោកអះអាងថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានភាពល្អប្រសើរជាងប្រទេសនៅក្នុងតំបន់ទៀតផង។ លោកបន្ថែមថា៖“ខ្ញុំគិតថាអ្វីដែលគាត់និយាយហ្នឹងគឺ គាត់និយាយយូរហើយ បិទសិទ្ធិកន្លែងណាខ្ញុំសួរសិន ប្រទេសកម្ពុជាហ្នឹងបើយើងប្រៀបធៀបនៅក្នុងអាស៊ានហ្នឹងគ្នាពីណាលើសកម្ពុជាទេ...អ៊ីចឹងវាគ្មាន(ការរំលោភសិទ្ធិមនុស្ស)ទេនៅប្រទេសយើង ប្រជាធិបតេយ្យ(ប្រទេស)យើងសឹងតែជាឋានសួគ៌ប្រជាធិបតេយ្យហើយនៅអាស៊ាននេះនោះ”។ អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត ចាត់ទុកការអំពាវនាវរបស់អង្គការអន្តរជាតិទាំងនេះជាការត្រឹមត្រូវ ដែលលោកអះអាងថាសកម្មជនទាំងនោះមិនមែនធ្វើអ្វីខុសដូចការចោទប្រកាន់ទេ។ លោកថាអ្នកទាំងនោះត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយសារតែការការពារបរិស្ថាន ដែលលោកថាបានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកមានអំណាចមួយចំនួន។ លោកបន្ថែមថា៖ “វាជាការរំលោភទៅលើសិទ្ធិមនុស្ស សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ អានេះវាជាសិទ្ធិក្នុងការប្រមូលផ្តុំ ការជួបជុំដោយសន្តិភាពក្នុងការការពារបរិស្ថានរបស់ពួកគាត់”។មេធាវីការពារក្តីឲ្យសកម្មជនបរិស្ថានទាំងនោះ លោកស្រី សម សុគន្ធា ឲ្យដឹងថាសំណុំរឿងសកម្មជនទាំងនោះកំពុងស្ថិតក្នុងដៃរបស់ចៅក្រមស៊ើបសួរ។ លោកស្រីថាមិនទាន់បានទទួលព័ត៌មានថានឹងមានសវនាការទាក់ទងនឹងអ្នកទាំងនោះពេលណាទៀតនៅឡើយទេ។គួរបញ្ជាក់ថាសកម្មជនចលនាមាតាធម្មជាតិ៣នាក់ដែលកំពុងឃុំខ្លួនបណ្តោះអាសន្ននោះ ត្រូវបានព្រះរាជអាជ្ញា ប៊ូ ប៊ុនហាំង បានចោទប្រកាន់តាមមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌពីបទគំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយ។ បើតាមមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌ អំពើគំរាមកំហែងតាមមធ្យោបាយណាក៏ដោយថានឹងប្រព្រឹត្តការបំផ្លិចបំផ្លាញ ការធ្វើឲ្យទ្រុឌទ្រោមឬការធ្វើឲ្យខូចខាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី២ទៅ៤លានរៀល ប្រសិនបើការគំរាមកំហែងនេះមានភ្ជាប់បញ្ជាឲ្យបំពេញឬមិនបំពេញកិច្ចអ្វីមួយ។គួររំឮកថាប្រជាសហគមន៍និងសមាជិកអង្គការមាតាធម្មជាតិបានបើកយុទ្ធនាការរារាំងសាឡងបូមខ្សាច់របស់ក្រុមហ៊ុនវៀតណាមចំនួន២ គឺឈ្មោះInternational Rainbowនិងក្រុមហ៊ុនDirect Access ដោយអះអាងថាការបូមខ្សាច់នេះធ្វើឲ្យប៉ះពាល់លំនៅឋានប្រជាជនដែលរស់នៅក្បែរព្រែក ព្រមទាំងធ្វើឲ្យប៉ះពាល់ជម្រកមច្ឆជាតិនឹងការនេសាទត្រីរបស់ប្រជាជន។ពាក់ព័ន្ធនឹងករណីដដែលនេះ សាលាដំបូងខេត្តកោះកុងក៏បានចោទប្រកាន់ លោក វ៉ែន វ៉ន ដែលត្រូវស្គាល់ថាជាអ្នកតំណាងជនជាតិភាគតិចជងមកពីស្រុកថ្មបាំង ខេត្តកោះកុង តែងតែចេញមុខការពារតំបន់អារ៉ែង ទៅពន្ធនាគារឃុំខ្លួនបណ្តោះអាសន្នដែរ ក្រោយហេតុផលថាឈ្មោះ វ៉ែន វ៉ន បានប្រព្រឹត្តបទល្មើសប្រមូលផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត នៅភូមិឬស្ស៊ី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥។ ក្រុមគ្រួសារក៏បានអំពាវនាវឲ្យមានការដោះលែងលោក វ៉ែន វ៉ន ផងដែរ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥៕