-
តុលាការកោះហៅលោក សម រង្ស៊ី រឿងបរិហាកេរ្តិ៍លោក ហេង សំរិន តាមហ្វេសប៊ុក
- Issue Date 02-Dec-2015
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ពាក់ព័ន្ធនឹងករណីបរិហាកេរ្តិ៍ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីខែវិច្ឆិកា តាមបណ្តាញសង្គមហ្វេសប៊ុក។ដីកាកោះហៅចុះថ្ងៃទី១ខែធ្នូ ឲ្យដឹងថាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក វង្ស ប៊ុនវិសុទ្ធ អញ្ជើញលោក សម រង្ស៊ី ចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទីព្រឹក សាកសួរពីរឿងបរិហាកេរ្តិ៍ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០១៥ តាមពាក្យបណ្តឹងរបស់លោក គី តិច មេធាវីតំណាងរាស្ត្រលោក ហេង សំរិន។កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកភ្ជាប់ជាមួយវីដេអូមួយថា៖“យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិ”។មេធាវីលោក គី តិច ប្រាប់វីអូឌីនៅថ្ងៃពុធនេះថាការចោទប្រកាន់បទបរិហាកេរ្តិ៍នេះពាក់ព័ន្ធនឹងការសរសេររបស់លោក សម រង្ស៊ី។ លោកបន្តថាក្នុងរបប៧មករា ១៩៧៩ ពុំមានការកាត់ទោសសម្តេចសីហុនថាក្បត់ជាតិនោះទេ ដោយថាមានតែការអញ្ជើញសម្តេចសីហនុឲ្យយាងចូលស្រុកវិញ។ លោកបញ្ជាក់ថាវីដេអូដែលលោក សម រង្ស៊ី បង្ហោះជាការបំភាន់មតិសាធារណ ដោយថារបបនោះមានពាក់ព័ន្ធនឹងការបញ្ចូលកងទ័ពវៀតណាមទៅជាមួយកងទ័ពរបស់លោក ហេង សំរិន។លោកមានប្រសាសន៍ថា៖ “បាទចាំបងមើលខ្លឹមសារហ្នឹងទៅ យើងប្តឹងទៅលើខ្លឹមសារហ្នឹង ពីព្រោះស្ពតហ្នឹងគាត់គ្រាន់តែចាក់ទៅបំភាន់មតិសារធារណៈហ្នឹងកាត់ច្រឡំ ថាសម្តេចសីហនុចោទប្រកាន់របបហ្នឹងការពារយួន ការពារវៀតណាមអ៊ីចឹងទៅ បានជាយកសម្តេចព្រះនរោត្តម សីហនុ ទៅកាត់ទោសតាមពិតការចាក់បំភាន់ បំភាន់ទេ”។វីអូឌីមិនទាន់អាចទាក់ទងលោក សម រង្ស៊ី ដើម្បីសុំការឆ្លើយតបភ្លាមៗលើបញ្ហានេះបាននៅឡើយទេ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ចាត់ទុកករណីនេះជារឿងនយោបាយ។ លោកបន្តថាលោក សម រង្ស៊ី នឹងមិនចូលមកតុលាការតាមការកំណត់នោះទេ។គួររំឭកថា លោក សម រង្ស៊ី ក៏ត្រូវបានតុលាការចេញដីកាឲ្យចូលខ្លួនមកមកតុលាការនៅថ្ងៃទី៤ខែធ្នូ ពាក់ព័ន្ធនឹងសំណុំរឿងអតីតសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ទាក់ទងនឹងបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងនិងញុះញង់បង្កឲ្យមានវឹងកវរធ្ងន់ដល់សន្តិសុខសង្គម ប្រព្រឹត្តទៅកាលពីថ្ងៃទី១២និង១៣ខែសីហា ឆ្នាំ២០១៥។ ដីកាបន្តថាអំពើដែលមានបញ្ញត្តិនឹងផ្តន្ទាទោសតាមមាត្រា២៩ មាត្រា៦២៩ មាត្រា៦៣០និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។ លោកក៏ត្រូវបានតុលាការចេញដីកាចាប់ខ្លួន ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាផងដែរ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥៕