• តុលា​ការចេញ​ដីកា​ចាប់​អ្នក​កាន់​ហ្វេ​ស​ប៊ុ​កលោក សម រង្ស៊ី​-​ជំនួយការ​លោក ហុង សុខ​ហួរ​

    • Issue Date 02-Dec-2015

    ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​អ្នក​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook Page) របស់លោក សម រង្ស៊ី និង​ជំនួយការ​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ពីបទ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ការចេញ​ដីកាចាប់ខ្លួន មន្ត្រី​គណបក្ស ២​រូប​បន្ថែមទៀត ថា​ជា​រឿង​នយោបាយ និង​កៀបសង្កត់​លើ​គណបក្ស​។​​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍​នៅ​ថ្ងៃទី​១ ធ្នូ ថា ការចេញ​ដីកាចាប់ខ្លួន​ជា​បន្តបន្ទាប់​នេះ គឺជា​ការ​សបញ្ជាក់​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា តុលាការ​កម្ពុជា បច្ចុប្បន្ន​មិន​ឯករាជ្យ ធ្វើការ​ក្រោម​ឥទ្ធិពល​នយោបាយ​។ លោក​ថា ការចាប់ខ្លួន និង​ចេញ​ដីកាចាប់ខ្លួន​សកម្មជន អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ហូរហែ ស្របពេល​ដែល​រឿង​អយុត្តិធម៌​ជាច្រើន​បានកើត​មានមក​លើ​គណ​បក្សប្រឆាំង ដូចជា​រឿង​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​ទាំងអស់​ជារួម ដែល​មិនជា​ករណី​ដាច់ដោយឡែក​នោះទេ​។​​លោក យឹម សុវណ្ណ​៖ «​យើង​មើលឃើញ​ចាប់តាំងពី​ថ្ងៃទី​២២ កក្កដា ឆ្នាំ​២០១៤ នោះមក ដំណើរការ​នៃ​ការចាប់​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ ជាង ១០​នាក់ ដាក់​ក្នុង​ពន្ធនាគារ​រហូតដល់​ព្រឹត្តិការណ៍​ចុងក្រោយ តាំងពី​រឿង​វាយ​អ្នកតំណាងរាស្ត្រ​រឿង​អី គឺ​វា​នៅក្នុង​កញ្ចប់​នៃ​ការកៀបសង្កត់​ទ្រង់ទ្រាយ​ធំ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​។ ដូច្នេះ​យើង​រំពឹងថា ដោះ​គឺ​ត្រូវតែ​ដោះស្រាយ​រួម​ទាំងមូល​តែម្ដង​។ បើសិន​ជាមាន​ការគោរព​ច្បាប់​មិនមែន បួនដប់​ម្ភៃ​នាក់​វាយ​អ្នកតំណាងរាស្ត្រ​ហើយ​ចេញ​សារភាព ៣​នាក់ បួនដប់​អ្នក​ទៀត​ជាប់​ក្នុង​កាមេរ៉ា ហើយ​មិនដឹង​ជា​នៅ​កន្លែង​ណា​? រឿង​ទាំងអស់នេះ គឺ​រឿង​នៅលើ​តុលា​ការដែល​ស្ថិតក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់អំណាច​តែ​ប៉ុណ្ណឹង​»​។​​ការលើកឡើង​នេះ បន្ទាប់ពី​មាន​ដីកា​ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កោ វណ្ឌី បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ជា​អ្នក​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក ឬ​ហ្វេ​ស​ប៊ុ​ក ផេ​ក របស់លោក សម រង្ស៊ី និង​ឈ្មោះ អ៊ុង ជុង​លាង ជំនួយការ​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី​។ អ្នក​ទាំងពីរ​រង​ការចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ទទួលបាន​ដីកា​នេះ​នៅឡើយ​។​​ទោះជា​យ៉ាងណា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា អ្នក​ទាំងពីរ​មាន​បេសកកម្ម​ចេញទៅ​ក្រៅប្រទេស តាំងពី​មុនពេល​តុលា​ការចេញ​ដីកាចាប់ខ្លួន​មកម្ល៉េះ​។​​ការចេញ​ដីកាចាប់ខ្លួន​អ្នកគ្រប់គ្រង​ទំព័រ​ហ្វេ​ក​ប៊ុ​ក លោក សម រង្ស៊ី និង​ជំនួយការ​លោក ហុង សុខ​ហួរ នេះ នៅ​បន្ទាប់ពី​សមាជិកសភា​អាស៊ាន​ផ្នែក​សិទ្ធិមនុស្ស​បាន​សម្ដែង​ក្ដីបារម្ភ​ចំពោះ​មន្ត្រី​គណបក្សប្រឆាំង ដូចជា ការ​តាម​ចាប់ខ្លួន​លោក សម រង្ស៊ី ការដកតំណែង​លោក កឹម សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា ករណី​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ និង​ការចាប់ខ្លួន​សកម្មជន​គណបក្សប្រឆាំង​ជាដើម​។ ពួកគេ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់ចោល​បទ​ចោទ​ប្រឆាំង​លោក សម រង្ស៊ី និង​ធានា​សុវត្ថិភាព ព្រមទាំង​សេរីភាព​ជូន​តំណាងរាស្ត្រ និង​សកម្មជន​គណបក្សប្រឆាំង ហើយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​គោរព​កាតព្វកិច្ច​របស់ខ្លួន​ក្នុងការ​ធានា​នូវ​សិទ្ធិសេរីភាព​ពេញលេញ​ចំពោះ​ការចូលរួម​ក្នុង​ជីវិត​នយោបាយ​របស់​ព​ល​រដ្ឋ​កម្ពុជា គ្រប់រូប​៕​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៥៕​