• សមត្ថកិច្ច​បំបែក​ពលរដ្ឋ​មាន​ជម្លោះដីធ្លី កុំ​ឲ្យ​តវ៉ា​មុខ​ធនាគារពិភពលោក​

    • Issue Date 03-Dec-2015

    សមត្ថកិច្ច​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បំបែក​ប្រជាពលរដ្ឋ​ប្រមាណ​៣០​នាក់ មកពី​សហគមន៍​បុរី​កីឡា បឹងកក់ និង​ព្រលានយន្តហោះ​អេស​អូ​អេស ខណៈ​ពួក​ប្រមូលផ្តុំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុ​ជាព​ន្លឿ​ន​ការ​ដោះ​បញ្ហាដីធ្លី​របស់​អ្នកភូមិ​បឹងកក់​ដែល​នៅ​សេសសល់​។​​ក្រោយពី​ឈរ​តវ៉ា​និង​ស្រែក​ទាមទារ​រក​ដំណោះស្រាយ​នៅមុខ​ធនាគារពិភពលោក​តាម​បណ្តោយ​ផ្លូវ​នរោត្តម សមត្ថកិច្ច​ដោយមាន​ស​ន្តិ​សុខ​ខណ្ឌ នគរបាល​និង​កងរាជអាវុធហត្ថ​ប្រមាណ​៣០​ទៅ​៤០​នាក់ បាន បំបែក​ក្រុមអ្នកតវ៉ា​ឲ្យ​ទៅខាង​ក្រោយ​ធនាគារពិភពលោក ប្រសិនបើ​ចង់​បន្ត​ការតវ៉ា​។ សមត្ថកិច្ច​បាន​ចាប់​សែង​ប្រជាពលរដ្ឋ​ចេញពី​មុខ​ធនាគារពិភពលោក ក្រោយពី​អ្នក​តវ៉ា​ប្រកាន់​ជំហរ​មិន​ទៅ​ប្រមូលផ្តុំ​នៅ​ខាងក្រោយ​ធនាគារ​។​​កន្លងទៅ ប្រជាពលរដ្ឋ​ទាំងនោះ​ទាមទារ​ឲ្យ​ធន​គារ​មួយ​នេះ​ជួយ​ជំរុញ​ដល់​រដ្ឋាភិបាល​ឆាប់​ដោះស្រាយ​វាស់វែង​ដី​នៅ​តំបន់​បឹងកក់​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​១ ចំនួន​៧​គ្រួសារ​ដែល​មិនទាន់​បានទទួល​ដំណោះស្រាយ​។​​ប្រជា​ពល​ល​រដ្ឋ​ភូមិ​១ អ្នកស្រី ហុង សុ​ខេង ធ្លាប់មាន​ប្រសាសន៍ថា​ក្នុងភូមិ​អ្នកស្រី​មាន​១៣​គ្រួសារ​រងគ្រោះ​ដោយសារ​ការអភិវឌ្ឍ​តំបន់​បឹងកក់​នេះ​។ អ្នកស្រី​បន្តថា​៦​គ្រួសារ​បានទទួល​ការសន្យា​ពី​អាជ្ញាធរ​ថា​នឹង​វាស់វែង​ដីធ្លី​ជូន​ពួកគាត់ តែ​អ្នកស្រី​ថា​នៅសល់​៧​គ្រួសារ​ទៀត​មិនទាន់មាន​ដំណោះស្រាយ​។ អ្នកស្រី​ឲ្យ​ដឹង​ដែរ​ថា​កន្លងមក​ប្រធានរដ្ឋសភា លោក ហេង សំរិន ក៏បាន​អន្តរា​គន៍​ឲ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ការដោះស្រាយ​ជូន​ពួកគាត់​ផងដែរ​។ អ្នក​បន្ថែមថា​៖ “​សម្តេច​ហេង សំរិន បាន​ចារ​លិខិត​មួយ​ឲ្យ​ខ្ញុំ​ហើយ តើ​សម្តេច ហេង សំរិន មានតម្លៃ​ក្នុង​ជួរ​រដ្ឋាភិបាល​ទេ បើ​គាត់​មានតម្លៃ​ឯកឧត្តម ប៉ា សុជាតិ​វង្ស ត្រូវគោរព​តាម​អនុក្រឹត្យ​គាត់​ទៀត មិនត្រូវ​ល្មើស​ដូច​ឯ​ឧ​ត្ត​ម កែប ជុតិមា ទេ​”​។​​អ្នកស្រី​ឲ្យ​ដឹង​ដែរ​ថា​គ្រួសារ​ដែល​នៅ​សេសសល់​នេះ​ធ្លាប់មាន​ផ្ទៃដី​ពី​១០០០​ទៅ​៣០០០​ម៉ែត្រក្រឡា តែ​អ្នកស្រី​ថា​ពួកគាត់​សុខចិត្ត​យក​វិញ​តែ​៥៣​ភាគរយ​នៃ​ផ្ទៃដី​ដែល​ពួកគាត់​ធ្លាប់មាន​តែប៉ុណ្ណោះ ដើម្បី​ឲ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ការដោះស្រាយ​ជូន​ពួកគាត់​។​​ទោះយ៉ាងណា អ្នកនាំពាក្យ​សាលា​រាជ​ថា​នី​ភ្នំពេញ​លោក ឡុង ឌី​ម៉​ង់ ធ្លាប់​ឲ្យ​ដឹងថា​សាលា​រាជធានី​ភ្នំពេញ និង​ធនាគារពិភពលោក​បាន​ផ្សព្វផ្សាយ​ពី​វិធានការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទាំងនោះ​រួចរាល់​ហើយ ប៉ុន្តែ​លោក​ថា​នៅសល់តែ​ប្រជាពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ប៉ុណ្ណោះ​ដែល​មិន​ព្រម​ចូលរួម​ដោះស្រាយ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​។ លោក​បន្ថែមថា​៖ “​ជាពិសេស​World Bank ក៏​បានមក​ធ្វើការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ហើយ​គេ​យល់​អំពី​អ្វី​ដែលជា​សុ​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​បញ្ហា​ហ្នឹង​ឲ្យ​ឆាប់​ចប់ ហើយ​នៅសល់តែ​បុ​ន្មា​ន​គ្រួសារ​ដែល​មិនមាន​ឆន្ទៈ​ពិត​ប្រក​ដ​ក្នុងការ​ដោះស្រាយ​បញ្ហា បើសិនជា​គាត់​មាន​ឆន្ទៈ​ដោះស្រាយ​ចប់​យូរហើយ ហើយ​World Bank ក៏​យល់​ពី​ស្ថានភាព​របស់​រាជធានី​ភ្នំពេញ​ដែរ​”​។​​ប្រជាពលរដ្ឋ​ទាំងនោះ​អះអាងថា​កាលពី​ឆ្នាំ​២០១០ អាជ្ញាធរ​បាន​បូម​ខ្សាច់​ពន្លិច​ផ្ទះ​របស់​ពួកគាត់ ដោយ​មិនបាន​ផ្តល់​សំណង​សមរម្យ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​រាប់ពាន់​គ្រួសារ​។ ពួកគាត់​អះអាងថា​ពលរដ្ឋ​ខ្លះ​ចាក​ចេញពី​បឹងកក់​ទាំង​បង្ខំ​និង​មួយចំនួន​នៅ​បន្ត​ទាមទារ​សំណង​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៥៕​