• សហជីព​ចង់​ជួប​សភា មុន​អង្គនីតិបញ្ញត្តិ​នេះ​ពិភាក្សា​ច្បាប់​គ្រប់គ្រង​សហជីព​

    • Issue Date 04-Dec-2015

    ​ភ្នំពេញ​—​សហជីព​កម្មករ​មួយក្រុម​បានដាក់​លិខិត​ទៅកាន់​ប្រធាន​សភាជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ស្នើសុំ​ឲ្យ​ប្រធាន​សភាជាតិ​ធ្វើ​អន្តរាគមន៍​ឲ្យ​មានការ​ប្រជុំ​មួយ​រវាង​សហជីព និង​គណៈកម្មការ​នីតិកម្ម​នៃ​រដ្ឋសភា មុន​ពេលដែល​អ្នកតំណាង​រាស្ត្រ​នៅក្នុង​សភាជាតិ​សម្រេច​ប្រជុំ​ធ្វើការ​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ​។ សហជីព​យល់ថា សេចក្តីព្រាងច្បាប់​នេះ​នៅមាន​លក្ខណៈ​រឹតបន្តឹង​សេរីភាព​។​ ​សហជីព​មួយក្រុម​បានដាក់​លិខិត​ទៅ​លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ ដើម្បី​សុំ​ជួប​ជាមួយ​គណៈកម្មការ​នីតិកម្ម​នៃ​រដ្ឋសភា​ក្នុង​គោលបំណង​ពិភាក្សា​អំពី​មាត្រា​មួយចំនួន ដែលមាន​លក្ខណៈ​រឹតត្បិត​សេរីភាព ហើយ​ដែល​បាន​សរសេរ​នៅក្នុង​សេចក្តីព្រាងច្បាប់​សហជីព​នេះ​។​​សហជីព​ចង់​ពិភាក្សា​ជាមួយ​គណៈកម្មការ​សភា មុនពេល​រដ្ឋសភា​ពិភាក្សា​អនុម័ត​ច្បាប់​គ្រប់គ្រង​សហជីព​នេះ​។​នេះ​បើ​យោងទៅតាម​ការបញ្ជាក់​ពី​មេដឹកនាំ​សហជីព ដែល​បាន​យក​លិខិត​ទៅ​ដាក់ជូន​រដ្ឋសភា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​​ការដាក់​លិខិត​ស្នើសុំ​ជួប​ជាមួយ​គណៈកម្មការ​នីតិកម្ម​នេះ​ធ្វើឡើង ខណៈដែល​គណៈកម្មការ​ជំនាញ​នេះ​កំពុង​ពិនិត្យមើល​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នេះ បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​បានផ្តល់​ការយល់ព្រម​ឲ្យ​បង្កើត​ច្បាប់​សហជីព​នេះ​។​​ថ្លែង​ទៅកាន់​អ្នកព័ត៌មាន​នៅ​ពីមុខ​ច្រកទ្វារ​ចូល​សភាជាតិ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ មានប្រសាសន៍ថា សហជីព​មានការ​បារម្ភ​អំពី​ការបាត់បង់​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ការធ្វើសកម្មភាព​ត​វ៉ា​ជាមួយ​និយោជក ដើម្បី​ការពារ​ប្រយោជន៍​កម្មករ​។​​លោក​និយាយថា បើ​សេច​កី្ត​ព្រាង​ច្បាប់​នេះ​បាន​ក្លាយជា​ច្បាប់​មែន​នោះ នោះ​កម្មករ​នៅតាម​រោងចក្រ​សហគ្រាស​នឹង​ពិបាក​ក្នុង​ការរៀបចំ​ធ្វើបាតុកម្ម និង​ធ្វើ​មហាសន្និបាត​របស់​សហ​ជីព ពីព្រោះ​សេចក្តីព្រាងច្បាប់​នេះ​កំណត់ថា ការធ្វើ​បាតុកម្ម ឬ​មហាសន្និបាត​របស់​សហ​ជីព​ណាមួយ​អាច​កើត​មានបាន លុះត្រា​តែមាន​អ្នកចូលរួម​ប្រមាណ​៥០%​នៃ​សមាជិក​របស់​សហជីព​នោះ​។​«​ទាក់ទង​ការធ្វើ​បាតុកម្ម​ទាល់តែ​មាន​សំឡេង​៥១%​ដែល​បាន​អាចធ្វើ​ទៅបាន​។ អញ្ចឹង​ឧទាហរណ៍​ដូចជា នៅ​រោងចក្រ​មួយ កម្មករ​មួយក្រុម​គាត់​ទទួលរង​នូវ​ការគាបសង្កត់​ផ្នែក​ណាមួយ អញ្ចឹង​ផ្នែក​ហ្នឹង​មួយ បើ​គាត់​ចង់​ធ្វើ​ការតវ៉ា ក៏​គាត់​ពិបាក​ក្នុង​ការធ្វើ​ដែរ ព្រោះថា​វា​ទាមទារ​ឲ្យ​មាន​កម្មករ​លើសពី​ពាក់កណ្តាល​នៃ​រោងចក្រ​ហ្នឹង​បាន​អាចធ្វើ​ទៅបាន​។ អញ្ចឹង​ការដាក់​កំណត់​លក្ខខណ្ឌ​ហ្នឹង វា​ជាការ​ជ្រៀតជ្រែក​ទៅលើ​កិច្ចការ​សហជីព រួមទាំង​ការតម្រូវ​ឲ្យ​ភាគី​ទី​បី​មាន​សិទ្ធិអំណាច​ក្នុងការ​លូកដៃ​ចូលក្នុង​ការប្តឹង​សហជីព​ហ្នឹង វា​សុទ្ធតែជា​រឿង​មួយ​ដែល​យើង​មិនអាច​ទទួលយក​បានទេ​»​។​​នៅក្នុង​លិខិត​របស់​ក្រុម​សហជីព​ដែល​បានដាក់​ចូលទៅ​សភាជាតិ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​សហជីព​ស្នើសុំ​ជួប​គណៈកម្មការ​នីតិកម្ម​នៅ​ថ្ងៃទី​៧ ខែធ្នូ​ខាងមុខនេះ ដើម្បី​សុំ​ឲ្យ​ដាក់បញ្ចូល​សំណើ​រួម​របស់​សហជីព​មួយចំនួន ដែល​សុំ​កែសម្រួល​មាត្រា​មួយចំនួន​ដែលមាន​ការបកស្រាយ​មិន​ច្បាស់លាស់​នៅក្នុង​សេចក្តីព្រាងច្បាប់​នេះ​។​​ពួកគេ​បាន​សរសេរ​នៅក្នុង​លិខិត​នោះ​យ៉ាង​ដូច្នេះ​ថា​៖«​តាម​ការពិនិត្យ​ជាទូទៅ ច្បាប់​នេះ​មាន​គោលបំណង​រឹតត្បិត​សិទ្ធិសេរីភាព​របស់​កម្ម​ករ​និយោជិត​ក្នុងការ​អនុវត្ត​សិទ្ធិ​សហជីព ដើម្បី​លើកកម្ពស់​លក្ខ​ខ​ណ្ខ​ការងារ​សមរម្យ និង​ជីវភាព​រស់នៅ​បានល្អ​ប្រសើ​រ​ជូន​បងប្អូន​កម្មករនិយោជិត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​»​។​​សេចក្តីព្រាងច្បាប់​សហជីព​ដ៏​ចម្រូងចម្រាស​នេះ​បាន​ទៅដល់​សភាជាតិ​កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ហើយ​សេចក្តីព្រាងច្បាប់​នេះ​កំពុងស្ថិត​ក្នុងការ​ពិនិត្យ​របស់​គណៈកម្មការ​នីតិកម្ម ដែល​ដឹកនាំ​ដោយ​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។​VOA បាន​ព្យាយាម​ទំនាក់ទំនង​លោក ប៉ែន បញ្ញា ជា​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​នីតិកម្ម​នៃ​សភាជាតិ តែ​មិនអាច​ទាក់ទង​បានទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​​រីឯ​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ជា​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​គណៈកម្មការ​នីតិកម្ម​នៃ​សភាជាតិ ថ្លែងថា លោក​ពុំទាន់​ដឹងថា គណៈកម្មការ​នីតិកម្ម​នេះ​បានទទួល​លិខិត​របស់​ក្រុម​សហជីព​នោះ​ហើយ​ឬ​យ៉ាងណាទេ តែ​ថា អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ជួប​ជាមួយ​សហជីព​នៅក្នុងពេល​ខាងមុខនេះ​។​«​ជាគោលការណ៍​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គម្រោង​ជួបនឹង​សហជីព ដើម្បី​ពិភាក្សា​ទាក់ទិន​សេចក្តីស្នើច្បាប់​ហ្នឹង​។ ប៉ុន្តែ​ខ្ញុំ​មិនដឹងថា យើង​បាន​ទាក់ទង​គ្នា​យ៉ាងម៉េច​ទេ​។ ខ្ញុំ​អត់​ទាន់​បានទទួល​ព័ត៌មាន​ទេ​។ ប៉ុន្តែ​យើង​នឹង​ពិភាក្សា​ជាមួយ​តំណាង​សហជីព​ហ្នឹង​»​។​​សេចក្តីព្រាងច្បាប់​នេះ​ក៏​មិន​បានធ្វើ​ឲ្យ​និយោជក​មានការ​រីករាយ​ចិត្ត​ផងដែរ ពីព្រោះ​តំណាង​និយោជក​យល់ថា ការកំណត់​ចំនួន​មនុស្ស​ត្រឹមតែ​១០​នាក់ ដើម្បី​បង្កើត​សហជីព ដូចដែល​បាន​សរសេរ​នៅក្នុង​សេចក្តីព្រាងច្បាប់​នេះ នឹង​បង្ក​ឲ្យ​មាន​សហជីព​ច្រើន​លើសលប់​ក្នុង​គ្រឹះស្ថាន​សហគ្រាស​មួយ​។​​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​នៃ​គណបក្សកាន់អំណាច​ថ្លែងថា ការខ្វែងគំនិត​រវាង​ភាគី​និយោជក និង​សហជីព​មិន​អាចជា​ឧបសគ្គ​ក្នុងការ​អនុម័ត​សេចក្តីព្រាងច្បាប់​សហជីព​នេះ​ទេ​។ សេចក្តីព្រាងច្បាប់​នេះ​នឹងត្រូវ​អនុម័ត ទោះណាជា​មានការ​ធ្វើពហិកា​រ​ពី​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​ក៏ដោយ​។​​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​សហជីព​ចំនួន​៣.២១៤ ដែល​បាន​ចុះបញ្ជី​បច្ចុប្បន្ននេះ ក៏ប៉ុន្តែ​មានតែ​សហជីព​ជាង​១​ពាន់​ប៉ុណ្ណោះ ដែលមាន​សកម្មភាព​ជួយ​កម្មករ​។ សហជីព​ឯករាជ្យ​មួយចំនួន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​កម្មករ ជាពិសេស​គឺ​កម្មករ​ដែល​កំពុងធ្វើកា​រ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​។​​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ស្ត្រី​ប្រមាណ​ជា​៧០០.០០០​នាក់​កំពុងធ្វើការ​នៅក្នុង​វិស័យនេះ​។ កម្ពុជា​នាំចេញ​ផលិតផល​សម្លៀកបំពាក់​របស់ខ្លួន​មួយ​ភាគ​ធំ​ទៅកាន់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​៕​ដកស្រង់​ពី​វិទ្យុ​សម្លេង​សហ​រដ្ឋ​អាមេរិកចេញផ្សាយ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៥៕​