• ក្រុម​សិទ្ធិមនុស្ស​គ្រោង​ហែ​ក្បួន​នៅ​ភ្នំពេញ​ខណៈ​អាជ្ញាធរ​ហាមឃាត់​

    • Issue Date 08-Dec-2015

    ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា​ពួកគេ​នឹងធ្វើ​ការ​ហែរ​ក្បួន​ពី​គោលដៅ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​ទៅកាន់​រដ្ឋសភា ក្រសួងយុត្តិធម៌ និង​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ថ្ងៃទី​១០​ខែធ្នូ​ខណៈ​អាជ្ញាធរ​ថា​មិន​អនុញ្ញាតិ​ឲ្យ​ដើរ​ក្បួន​។​ ​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ជាង​២០​រួមមាន​សមាគម​អា​ហុក វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា អង្គការ​ខុមហ្វ្រែល អង្គការ​និ​ច​ហ្វិ​ច និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ប្រារព្ធ​ទិវា​នេះ​នឹងមាន​ការសម្របសម្រួល​ដោយ​គណៈកម្មាធិការ​ប្រតិកម្ម​ហៅ​កាត់​ថា​CHRAC​។ ចំណែក​សកម្មជន​សិទ្ធិមនុស្ស​និង​អង្គការ​សមាគម​មួយក្រុម​ទៀត ដែល​ហៅថា​ជា​ក្រុម​មិត្ត​១០​ធ្នូ​បាន​ដើរ​ក្បួន​តាំងពី​ថ្ងៃ​៦​នឹង​មកជួប​ជុំគ្នា​នៅ​ភ្នំពេញ​នៅ​ថ្ងៃទី​១០​ខែធ្នូ​។​​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប្រតិកម្ម​លោក សួន ប៊ុន​ស័ក្តិ បានលើកឡើង​ថា​ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ​លើកឡើង​សំខាន់​ទាក់ទង​នឹង​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​។ លោក​លើកឡើង​បន្ថែមថា​៖ «​យើង​សង្កេតឃើញថា​មួយឆ្នាំ​កន្លងមក​ប្រជាពលរដ្ឋ​ខ្មែរ​ទទួលរង​នូវ​ការគំរាមកំហែង​តាមផ្លូវ​ច្បាប់​ជាពិសេស​មានការ​ចាប់ខ្លួន​ជាក់ស្ដែង​ដាក់ពន្ធនាគា​ដោយសារតែ​ការប្រើប្រាស់​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​លើកឡើង​ពី​បញ្ហា​អភិបាលកិច្ច​បញ្ហា​ជាតិ​មួយចំនួន​ហ្នឹងហើយ​ចឹ​ង​បាន​យើង​យល់ឃើញថា​ដើម្បី​កែលំអ​ស្ថានភាព​ហ្នឹង​យើង​យក​ឱកាស​ហ្នឹង​ដាក់​ខ្លឺ​ម​សារសំខាន់​មួយ​លើកឡើង​ពី​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​មានន័យថា​សេរីភាព​នៃ​ការបញ្ចេញមតិ​គឺជា​សិទ្ធិ​ដែល​ការពារ​តាមផ្លូវ​ច្បាប់​ហើយ​ជា​ធាតុ​ផ្សំ​មួយ​នៃ​លទ្ធិប្រជាធិបតេយ្យ​»​។​​លោក សួន ប៊ុន​ស័ក្តិ បន្ថែមថា​ក្រៅពី​បញ្ហា​ទាំងនេះ​ការ​ប្រារព្ធ​ទិវា​នេះ​ក៏​នឹង​លើកឡើង​ពី​ការគោរព​សិទ្ធិមនុស្ស សិទ្ធិ​កម្មករ សិទ្ធិ​ជនពិការ សិទ្ធិ​កុមារ និង​សិទ្ធិ​ស្ត្រី​និង​មានការ​ដើរ​ហែ​ក្បួន​ដោយ​សន្តិវិធី​ឆ្ពោះទៅកាន់​ទីលាន​ប្រជាធិបតេយ្យ​។​​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌី​ម៉​ង់ បាន​ឲ្យ​ដឹងថា​គោលការណ៍​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ដាច់ខាត​ចំពោះ​ការដើរ​ដង្ហែ​ក្បួន​ព្រោះ​ខ្លាច​មាន​បញ្ហា​អសន្តិសុខ​សង្គម​ផ្សេងៗ​កើតឡើង​។​​លោក​បន្ថែមថា​៖ «​យើង​អត់​អនុញ្ញាត​ទេ​យើង​កំពុង​ស្នើសុំ​គោលការណ៍​ទៅ​ក្រសួងមហាផ្ទៃ​រងចាំ​ចម្លើយ​ពី​ក្រសួងមហាផ្ទៃ​ព្រោះ​យើង​បាន​ជជែក​គ្នា​ហើយ​ថា​ក្រសួងមហាផ្ទៃ​គាត់​សម្រេច​បែបណា​យើង​ត្រូវអនុវត្ត​បែប​នោះ​គោលការណ៍​របស់​សាលា​រាជធានី​មិន​អនុញ្ញាត​ជាដាច់ខាត​ចំពោះ​ការដើរ​ហែ​ក្បួន​ទាំងឡាយ​»​។​​សេចក្ដីប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា​ក្រុម​មិត្ត​១០​ធ្នូ​ក៏មាន​ការ​ប្រារព្ធ​ទិវា​នេះដែរ​ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣០០០​នាក់​ដើម្បី​ហែ​ជា​ក្បួន​ទៅកាន់​ក្រសួងយុត្តិធម៌​និង​រដ្ឋសភា​។ ការ​ដង្ហែ​ក្បួន​នេះ​ដើម្បី​ដាក់​ញាតិ​ស្នើសុំ​ឲ្យ​មាន​ការគោរព​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ ការជួប​ជុំគ្នា​ដោយ​អហិង្សា ការដោះស្រាយ​បញ្ហាដីធ្លី បញ្ឈប់​អំពើរ​ហិង្សា​ដែល​គាំទ្រ​ដោយ​អាជ្ញាធរ​រដ្ឋ ការដំឡើង​ប្រាក់​ឈ្នួល​កម្មករ គោរព​សិទ្ធិ​ការងារ កំណែរ​ទម្រង់​ប្រព័ន្ធតុលាការ និង​ដោះលែង​សកម្មជន​អ្នកការពារ​សិទ្ធិមនុស្ស​ជាដើម​។ ​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ដកស្រង់​ប្រសាសន៍​នាយក​ប្រតិបត្តិ​នៃ​សមាគម​ធាងត្នោត​លោក អ៊ី សា​រុំ ឲ្យ​ដឹងថា​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ជាច្រើន​នាក់​ជាប់ពន្ធនាគារ​ដែល​សកម្មភាព​នេះ​មិនបាន​គោរព​ទៅតាម​រដ្ឋធម្មនុញ្ញ​គោលការណ៍​ឯករាជ្យ​នៃ​ប្រព័ន្ធតុលាការ​និង​ច្បាប់​អន្តរជាតិ​។ លោក​បន្ថែម​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា​៖ «​យើងខ្ញុំ​សុំ​អំពាវនាវ​ដល់​រដ្ឋាភិបាល សូម​លោក​មេត្តា​លើកកម្ពស់​ភាពយុត្តិធម៌​ហើយ​ការដោះលែង​អ្នកការពារ​និង​សកម្មជន​សិទ្ធិមនុស្ស​ទាំងអស់​នឹង​ជា​ជំហាន​ដំបូង​ដ៏​ល្អ​មួយ​»​។​​គួរបញ្ជាក់​ផងដែរ​ថា​ចាប់តាំងពី​ថ្ងៃទី​៦​ខែធ្នូ​នេះ​ក្រុម​ប្រជាពលរដ្ឋ​មូលដ្ឋាន សហគមន៍​រង​ផលប៉ះពាល់​ដីធ្លី ក្រុម​បណ្ដាញ​យុវជន សហជីព សមាគម​ព្រះសង្ឃ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើរ​ក្បួន​ក្នុង​ទីរួមស្រុក​និង​ខេត្ត​មួយចំនួន​ដើម្បី​ដាក់​ញាតិ​ទៅកាន់​អាជ្ញាធរ​ក្រោម​ប្រធានបទ​តែមួយ​គឺ​យុត្តិធម៌​។​​ដោយឡែក​រដ្ឋាភិបាល​ក​ម្ពុ​ជា​នឹង​ជួបជុំ​អ្នកគាំទ្រ​របស់ខ្លួន​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ឆ្នាំនេះ​នៅ​កោះ​ពេជ្រ​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជា​ធិ​បេ​តុ​យ្យ ចេញផ្សាយ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៥៕​