-
ពលរដ្ឋប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូខួបលើកទី៦៧ទាមទារឲ្យមានយុត្តិធម៌សង្គម
- Issue Date 11-Dec-2015
ប្រជាពលរដ្ឋរាប់ពាន់នាក់ ប្រារព្ធទិវាសិទ្ធិមនុស្ស ថ្ងៃទី១០ ធ្នូ ខួបលើកទី៦៧ នៅរាជធានីភ្នំពេញ ក្រោមពាក្យស្លោកថា "លើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម"។ ប្រជាពលរដ្ឋទាំងនេះ បានដាក់ញត្តិជូនក្រសួងយុត្តិធម៌ ដើម្បីឲ្យកែទម្រង់តុលាការស្របតាមពាក្យស្លោកនេះ។ ប្រជាពលរដ្ឋរាប់ពាន់នាក់មកពីបណ្ដាខេត្ត និងរាជធានីភ្នំពេញ ដែលមានក្រុមអង្គការមិនមែនរដ្ឋាភិបាល សហជីពកម្មករ និងមន្ត្រីរដ្ឋាភិបាល នាំគ្នាប្រារព្ធពិធីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ធ្នូ។ទីតាំងប្រារព្ធពិធីនេះ គឺមាននៅដាច់ដោយឡែកពីគ្នា ដូចជានៅទីលានប្រជាធិបតេយ្យ មុខក្រសួងការងារ រង្វង់មូលជ្រោយចង្វារ មុខព្រឹទ្ធសភា សួនច្បារមាត់ទន្លេជិតវត្តភ្នំ ទីធ្លាជិតភ្លើងស្តុបផ្សារដើមគ និងកោះពេជ្រ។យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណ ២ពាន់នាក់ ដែលមកពីទីតាំងបួន គឺទីតាំងរង្វង់មូលជ្រោយចង្វារ មុខព្រឹទ្ធសភា សួនច្បារមាត់ទន្លេជិតវត្តភ្នំ ទីធ្លាជិតភ្លើងស្តុបផ្សារដើមគ បានហែក្បួនមកជួបជុំគ្នានៅក្រសួងយុត្តិធម៌ ដើម្បីដាក់ញត្តិរបស់ខ្លួន ទាមទារឲ្យលើកកម្ពស់យុត្តិធម៌សង្គម។ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា ការហែក្បួនមកក្រសួងយុត្តិធម៌ គឺដោយសារពួកគាត់ទទួលរងភាពអយុត្តិធម៌៖ «ដោយសារគាត់រងគ្រោះដោយភាពអយុត្តិធម៌នេះជាបន្តបន្ទាប់។ នៅពេលដែលគាត់រងគ្រោះដោយបញ្ហាដីធ្លី គាត់ធ្វើការតវ៉ាទាមទារ ត្រូវបានគេចោទប្រកាន់ចាប់ដាក់ពន្ធនាគារ។ នេះហើយជាភាពអយុត្តិធម៌សម្រាប់ពួកគាត់ ដែលគាត់ត្រូវការភាពយុត្តិធម៌។ ទី២ ដូចជាការធ្វើការជួបជុំការប្រមូលផ្ដុំ ឃើញថាមានស្តង់ដារពីរ មានក្រុមដែលជួបជុំបានមានក្រុមដែលជួបមិនបាន។ នេះបង្ហាញថា វាអត់មានយុត្តិធម៌ដែរ។ សកម្មជនការពារបរិស្ថានការពារធនធានធម្មជាតិ ក៏ត្រូវបានគេចាប់ដាក់ពន្ធនាគារ។ ចឹងវាអយុត្តិធម៌ ទើបបានមកទាមទារយុត្តិធម៌។ ក្នុងនោះក៏មានសកម្មជនជាច្រើនទៀត មានអ្នកការពារបរិស្ថានសិទ្ធិកម្មករត្រូវបានគេបាញ់សម្លាប់ នៅមិនទាន់ទទួលបានយុត្តិធម៌។ យើងសំដៅទាមទារនូវភាពយុត្តិធម៌ ឲ្យមានការគោរពសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ ដើម្បីឆ្ពោះទៅរកការមានយុត្តិធម៌ទូទៅនៅក្នុងសង្គមជាតិយើងទាំងមូល។ កាលណាភាពអយុត្តិធម៌ចេះតែកើតមាន និទ្ទណ្ឌភាពនៅតែបន្ត អំពើហិង្សានៅតែមាន ហើយមិនអាចលុបបំបាត់បាន។ ចឹងទៅ ថ្ងៃមុខការគោរពសិទ្ធិមនុស្សធ្លាក់ចុះ លទ្ធិប្រជាធិបតេយ្យក៏ដើរថយក្រោយ ហើយនិទ្ទណ្ឌភាពនៅតែបន្ត ប្រទេសយើងមិនអាចជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋពិតប្រាកដបាន។ ទី១ សំខាន់បំផុតត្រូវតែធ្វើកំណែទម្រង់ទៅលើប្រព័ន្ធតុលាការ ទៅជាប្រព័ន្ធមួយដែលឯករាជ្យ ដែលមានស្តង់ដារដែលប្រជាពលរដ្ឋអាចទុកចិត្តបាន ចឹងភាពយុត្តិធម៌នឹងអាចមានហើយ»។លោកបញ្ជាក់បន្ថែមថា ពួកគាត់ចង់ទៅឈរនៅខាងមុខក្រសួងយុត្តិធម៌ ហើយដាក់ញត្តិទៅក្រសួងយុត្តិធម៌ ប៉ុន្តែអាជ្ញាធរដាក់របាំងរារាំងមិនឲ្យចូល៖ «ទោះជាយ៉ាងនេះក្ដី មន្ត្រីក្រសួងយុត្តិធម៌ បានចេញមកទទួលញត្តិរបស់អ្នកហែក្បួនទាំងនេះ។ ប៉ុន្តែអាជ្ញាធរមិនអនុញ្ញាត។ យ៉ាងណាក៏យើងនៅគាំទ្រនៅកោតសរសើរ ទោះមានការមិនអនុញ្ញាតឲ្យហែក្បួន ក៏អាជ្ញាធរគាត់បានសម្រួលឲ្យគាត់អាចមកកៀកនឹងក្រសួងយុត្តិធម៌ នេះបានហើយ ក៏ជាភាពយោគយល់គ្នាមួយក្នុងថ្ងៃសិទ្ធិមនុស្ស ដែលក្នុងពិភពលោកគេតែងធ្វើដែលមិនអាចហាមឃាត់មិនឲ្យរំឭកទិវានេះបានទេ។ តាមការពិតទៅ រដ្ឋាភិបាលបានបង្កើតច្បាប់៣ ទាក់ទងនឹងតុលាការ និងប្រព័ន្ធយុត្តិធម៌ ប៉ុន្តែច្បាប់ទាំង៣ ហ្នឹង នៅមានចំណុចដែលមតិជាតិ និងអន្តរជាតិបានរិះគន់ ហើយបានទទូចស្នើសុំឲ្យមានការធ្វើវិសោធនកម្មឡើងវិញ ដើម្បីពង្រឹងប្រព័ន្ធតុលាការទៅវិញ ដែលធ្វើឲ្យប៉ះពាល់ដល់ឯករាជភាពតុលាការ។ ចឹងសុំឲ្យមានការវិសោធនកម្មច្បាប់នេះ»។ខ្លឹមសារញត្តិដែលក្រុមអ្នកហែក្បួនដាក់ទៅក្រសួងយុត្តិធម៌ គឺអំពាវនាវដល់រាជរដ្ឋាភិបាល ឲ្យដោះស្រាយជម្លោះដីធ្លី កែទម្រង់តុលាការ ដោះលែងសកម្មជនការពារសិទ្ធិមនុស្សកំពុងជាប់ឃុំក្នុងពន្ធនាគារ និងបញ្ឈប់អំពើហិង្សា ដែលគាំទ្រដោយអាជ្ញាធររដ្ឋ ជាពិសេសបាតុកម្មលើបាតុករអហិង្សា។ដោយឡែកខាងសហជីពកម្មករ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ក៏អំពាវនាវឲ្យរាជរដ្ឋាភិបាល លើកស្ទួយសិទ្ធិការងាររបស់កម្មករដែរ ដោយដំឡើងប្រាក់ខែសមរម្យ ជាពិសេសទាក់ទងនឹងសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព៖ «ឲ្យរដ្ឋាភិបាលផ្ដល់ឱកាសគ្រប់គ្រាន់ដល់សហជីពកម្មករ ក្នុងការផ្ដល់យោបល់លើច្បាប់ហ្នឹង ហើយសុំឲ្យរដ្ឋសភាបញ្ចូលចំណុចសំខាន់ៗ ដែលយើងជាសហជីពបានបញ្ចូលនៅក្នុងពង្រាងច្បាប់សហជីពនេះ សុំឲ្យយកអត្ថន័យខ្លឹមសារដែលយើងដាក់បញ្ចូលនោះ ដើម្បីកាលណាច្បាប់ហ្នឹងចេញ ដើម្បីប្រយោជន៍សម្រាប់ការពារសិទ្ធិកម្មករ សម្រាប់ការពារសកម្មជនសហជីពក្នុងការបង្កើតសហជីពសហព័ន្ធ ក៏ដូចសហព័ន្ធផងដែរ។ អាហ្នឹងដែលយើងចង់បាន។ នេះជាសារសំខាន់សម្រាប់ថ្ងៃនេះផងដែរ»។លោកយល់ឃើញថា សេរីភាពជួបជុំ និងការហែក្បួននៅព្រឹកថ្ងៃទី១០ ធ្នូ នៅមានកម្រិតនៅឡើយ ហើយថា ប្រទេសកម្ពុជា នៅមិនទាន់មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សគ្រប់គ្រាន់នៅឡើយទេ។ ប៉ុន្តែលោកយល់ស្របនឹងភាពវិជ្ជមានខ្លះដែរ ពេលដែលការហែក្បួនបានដល់គោលដៅ និងមិនមានហិង្សា៖ «ចំណុចនេះហើយសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច សូមបន្តជួយសម្រួលរាល់ការហែក្បួនរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗគ្នាទាំងអស់ មិនថាខាងណាៗទេ គឺឲ្យតែការហែក្បួនប្រកបដោយសន្តិភាព អហិង្សា ប្រកបដោយភាពស្របច្បាប់ ត្រូវតែអនុញ្ញាតដូចៗគ្នា»។ការហែក្បួនប្រារព្ធទិវាសិទ្ធិមនុស្សនៅថ្ងៃទី១០ ធ្នូ បានប្រព្រឹត្តទៅដោយមិនមានហិង្សាទេ ទោះជាអ្នកហែក្បួនជម្នះលើបម្រាមសាលារាជធានីភ្នំពេញ ដែលមិនឲ្យហែក្បួន និងមានរបាំងរារាំងខ្លះៗក្ដី៕ដកស្រង់ពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥៕