-
ពលរដ្ឋមកពី៤ខេត្តស្វែងយល់ពីការតស៊ូមតិដើម្បីដោះស្រាយបញ្ហាក្នុងសហគមន៍
- Issue Date 16-Dec-2015
តំណាងសហគមន៍បណ្ដាញមកពី ៤ខេត្តភាគពាយព្យប្រទេសកម្ពុជា ប្រមាណ ៦០នាក់ ចូលរួមក្នុងសិក្ខាសាលាមួយស្ដីពីអំណាចសហគមន៍ ដែលរៀបចំដោយសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC)។ សិក្ខាសាលានេះ ក្នុងគោលបំណងដើម្បីឲ្យតំណាងសហគមន៍នៅខេត្តជិតខាងនេះ បានចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ដើម្បីកំណត់យុទ្ធសាស្ត្រក្នុងការតស៊ូមតិដោះស្រាយបញ្ហាក្នុងមូលដ្ឋានរបស់ពួកគាត់ ជាពិសេសគឺបញ្ហាដីធ្លី។ប្រជាពលរដ្ឋលើកឡើងនូវបញ្ហាសំខាន់ចំនួន ៥ចំណុច ដាក់នៅក្នុងអង្គសិក្ខាសាលាដែលរៀបចំឡើងនៅខេត្តបន្ទាយមានជ័យ មានជាអាទិ៍ បញ្ហាដីធ្លី ព្រៃឈើ ការធ្វើនេសាទត្រីខុសច្បាប់ បញ្ហាអាជ្ញាធរបណ្ដេញប្រជាពលរដ្ឋចេញពីដីធ្លី ផ្ទះសម្បែង ដោយគ្មានសំណងសមរម្យ និងបញ្ហាសេវាសាធារណៈរបស់អាជ្ញាធរមូលដ្ឋាន មិនបានដិតដល់ និងអនុវត្តខុសពីច្បាប់កំណត់ ជាដើម។តំណាងសហគមន៍ដីធ្លីមកពីខេត្តបន្ទាយមានជ័យ លោកស្រី ឡុង សុគន្ធី ថ្លែងថា កន្លងទៅ អាជ្ញាធរមូលដ្ឋានពុំបានដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់ ដែលក្រុមហ៊ុន សំ ផានណារិទ្ធ បានឃុបឃិតគ្នាជាមួយអាជ្ញាធរភូមិ និងឃុំអូរបីជាន់ ស្រុកអូរជ្រៅ រំលោភលើដីរបស់ពួកគាត់ប្រមាណ ១០ឆ្នាំមកហើយ តែដោះស្រាយមិនចេញនៅឡើយ។ លោកស្រីបញ្ជាក់នៅក្នុងសិក្ខាសាលានោះថា លោកស្រីមានចិត្តក្លាហាន បន្ទាប់ពីបានសិក្សាយល់ដឹងអំពីច្បាប់ទម្លាប់ ធ្វើឲ្យហ៊ានតវ៉ាប្រឆាំងនឹងការរំលោភបំពានសិទ្ធិពីសំណាក់អាជ្ញាធរ និងអ្នកមានទ្រព្យធននោះ។ លោកស្រីបន្តថា បើទោះជាការតវ៉ាកន្លងទៅ ពុំបានសម្រេចទាំងស្រុងក៏ដោយ ក៏ពួកគាត់មិនបោះបង់ការតវ៉ារបស់ខ្លួនឡើយ ប្រសិនបើអាជ្ញាធរមិនដោះស្រាយដែលអាចទទួលយកបាននោះ៖ «ការស្នើសុំកន្លងមក អាជ្ញាធរមិនដែលយកចិត្តទុកដាក់ដោះស្រាយឲ្យពួកខ្ញុំម្ដងណានោះទេ។ ពួកខ្ញុំនឹងបន្តការទាមទារទៅមុខទាល់តែបានជោគជ័យ»។ឆ្លើយតបនឹងបញ្ហានេះ អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកដោះស្រាយដីធ្លី លោក លី សារី មានប្រសាសន៍ថា អាជ្ញាធរខេត្តកំពុងញាប់ដៃញាប់ជើងដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋនៅស្រុកអូរជ្រៅ នេះហើយ។ លោកបញ្ជាក់ថា ការយឺតយ៉ាវកន្លងមក ដោយសារភាពមិនច្បាស់ទៅលើឯកសារពាក់ព័ន្ធរបស់ប្រជាពលរដ្ឋ ដែលបានដាក់ឲ្យអាជ្ញាធរដោះស្រាយនោះ៖ «បាទ! បញ្ហានេះដោយសារប្រជាពលរដ្ឋចង្អុលបង្ហាញទីតាំងដីទំនាស់មិនច្បាស់ ទើបអាជ្ញាធរខេត្តស្នើឲ្យពួកគាត់យកឯកសារមកបង្ហាញដើម្បីធ្វើការដោះស្រាយ»។រីឯតំណាងសហគមន៍នេសាទមកពីខេត្តបាត់ដំបង វិញ គឺលោក ហ៊ុត ហាន់ ថ្លែងថា បទល្មើសនេសាទដោយប្រើឧបករណ៍មងក្រឡាញឹកទ្រង់ទ្រាយធំពីសំណាក់អ្នកមានទ្រព្យធន កើតឡើងច្រើននៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធហាក់ធ្វើព្រងើយពុំបានទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនោះទេ។ លោកបញ្ជាក់ថា ការមិនទប់ស្កាត់បទល្មើសនេសាទនេះ ធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រជាច្រើនគ្រួសារ ដែលពឹងផ្អែកទៅលើរបរនេះ ធ្វើឲ្យពុំអាចរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃបាននោះទេ៖ «យើងបានចំណេះដឹងថ្មីបន្ថែមទៀតពីសិក្ខាសាលានេះ ដើម្បីយកទៅដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់យើងខ្ញុំ»។សិក្ខាសាលានេះ ចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃ១២ ធ្នូ ដោយមានតំណាងបណ្ដាញសហគមន៍មកពីខេត្តបាត់ដំបង ឧត្តរមានជ័យ សៀមរាប និងខេត្តបន្ទាយមានជ័យ ចូលរួមប្រមាណ ៦០នាក់ ដើម្បីសិក្សាស្វែងយល់ផ្លូវច្បាប់ សម្រាប់ដោះស្រាយបញ្ហាដែលកើតឡើងនៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគាត់ឲ្យមានប្រសិទ្ធភាព។មន្ត្រីកម្មវិធីសហគមន៍នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍នៅក្នុងសិក្ខាសាលានោះថា បញ្ហាសំខាន់ចំនួន ៥ចំណុចដែលកើតឡើងនៅក្នុងសហគមន៍ រួមមាន បញ្ហាដីធ្លី បទល្មើសនេសាទ ព្រៃឈើ បញ្ហាបណ្ដេញប្រជាពលរដ្ឋចេញពីដី និងបញ្ហាសេវាកម្មសាធារណៈមិនល្អនៅខេត្តទាំង ៤ នោះ អាជ្ញាធរពុំបានដោះស្រាយជូនប្រជាពលរដ្ឋនោះទេ ជាពិសេសគឺបញ្ហាដីធ្លីតែម្ដង។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួនត្រូវបានមន្ត្រីមានអំណាច និងអ្នកមានទ្រព្យធន ប្រើប្រាស់ប្រព័ន្ធតុលាការគំរាមកំហែងពួកគាត់ទៅវិញ នៅពេលណាប្រជាពលរដ្ឋធ្វើការតវ៉ានោះ៖ «អ៊ីចឹង! នៅពេលបងប្អូនត្រឡប់ទៅវិញ ត្រូវនាំចំណេះនេះទៅអនុវត្តដើម្បីជំរុញឲ្យអាជ្ញាធរក្នុងមូលដ្ឋាន ដោះស្រាយបញ្ហារបស់ខ្លួនឲ្យបានឆាប់រហ័ស»។ទាក់ទងនឹងបញ្ហានេះ អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សារី មានប្រសាសន៍ថា អាជ្ញាធរខេត្តបន្ទាយមានជ័យ ពុំបានព្រងើយកន្តើយដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ដូចការលើកឡើងរបស់អ្នកភូមិ និងអង្គការសង្គមស៊ីវិលឡើយ៖«មូលហេតុដោះស្រាយយឺតយ៉ាវ ដោយសារកន្លងមក ឯកសាររបស់ប្រជាពលរដ្ឋដែលបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានមិនត្រឹមត្រូវ មិនអាចប្រើប្រាស់ផ្លូវការបាន»។ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ធន សារាយ មានប្រសាសន៍ថា បញ្ហាទាំងអស់នេះអាចដោះស្រាយទទួលបានជោគជ័យ លុះណាប្រជាពលរដ្ឋយល់ដឹងអំពីសិទ្ធិសេរីភាពរបស់ខ្លួនដែលកំណត់ក្នុងច្បាប់ និងដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យច្បាស់លាស់។ លោកពន្យល់ថា កម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋ នឹងទទួលបានជោគជ័យលើការងារនេះ៖ «ក្នុងការតស៊ូមតិ យើងត្រូវមានយុទ្ធសាស្ត្រឲ្យបានល្អ ព្រោះគេអាចនឹងចោទ។ ដូច្នេះយើងត្រូវរួមគ្នាឲ្យបានល្អ ហើយមិនរត់ចោលគ្នានៅពេលណាតំណាងរបស់ខ្លួនត្រូវគេចាប់ដាក់គុក ដោយសារតែតវ៉ាបញ្ហារួមរបស់យើង»។លោក ធន សារាយ បញ្ជាក់ទៀតថា ការដោះស្រាយប្រព័ន្ធតុលាការឲ្យនៅអព្យាក្រឹត ជាក្ដីសង្ឃឹមរបស់ប្រទេសជាតិ និងជួយពន្លឿនដោះស្រាយបញ្ចប់បញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋបានឆាប់រហ័ស និងមានប្រសិទ្ធភាព។ក្នុងចំណោមបញ្ហាទាំង ៥ចំណុចនោះ បញ្ហាទំនាស់ដីធ្លីច្រើនជាងគេ ជាពិសេសនៅខេត្តបន្ទាយមានជ័យ ដែលមានប្រមាណ ៣០០ករណី ហើយបញ្ហាទាំងអស់នោះ ពុំទាន់ដោះស្រាយបាននៅឡើយ៕ដកស្រង់ពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥។