• ពលរដ្ឋ​ជំរុញ​ជាថ្មីទៀត​ឲ្យ​អាជ្ញាធរ​ប្រគល់​ដី​ជូន​ពួកគេ​តាម​បញ្ជា​នាយករដ្ឋមន្ត្រី​

    • Issue Date 17-Dec-2015

    អ្នកមាន​ជម្លោះដីធ្លី​នៅ​តំបន់​បឹងកក់​មួយចំនួន​បានចេញ​តវ៉ា​ជាថ្មី (​ដោយ ញឹម សុខន​)​អ្នកមាន​ជម្លោះដីធ្លី​នៅ​តំបន់​បឹងកក់​មួយចំនួន​បានចេញ​តវ៉ា​ជាថ្មីទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ព​ន្លឿ​ន​យន្តការ​កាត់​ដី​ឲ្យ​ពួកគេ​តាម​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​ខណៈ​ជម្លោះដីធ្លី​នៅ​តំបន់​នោះបាន​អូសបន្លាយ​ជិត​១០​ឆ្នាំ​។​ ​កាលពី​ឆ្នាំ​២០១១ លោកនាយក​រដ្ឋមន្ត្រី​បានចេញ​អនុក្រឹត្យ​កាត់​ដី​នៅ​តំបន់​បឹងកក់​ទំហំ​ជាង​១២​ហិកតា​ប្រគល់​ឲ្យ​អ្នកភូមិ​ជិត​១០០០​គ្រួសារ​វិញ ក្រោយពី​ពួកគេ​តវ៉ា​ប្រឆាំងនឹង​ការបណ្តេញចេញ​ឲ្យ​ទៅ​នៅក្រៅ​ក្រុង​ជា​ថ្នូរ​នឹង​កា​ផ្តល់​សំណង​ត្រឹម​៨​ពាន់​ដុល្លារ​និង​លុយ​ខ្មែរ​២​លាន​រៀល​ក្នុង​មួយ​គ្រួសារ​។​​តំណាង​អ្នក​តវ៉ា​ម្នាក់​ក្នុងចំណោម​អ្នក​តវ៉ា​ជាង​៣០​នាក់​គឺ​លោក ចាន់ ពុទ្ធិ​សក្តិ អះអាង​នៅ​កន្លែង​តវ៉ា​មុខ​សាលា​រាជធានី​ភ្នំពេញ​ថា​ជម្លោះ​អូសបន្លាយ​ជិត​១០​ឆ្នាំ​និង​ការមិន​អនុវត្តតាម​អនុក្រឹត្យ​ជិត​៦​ឆ្នាំ​មកនេះ​លោ​កថា​ធ្វើ​ឲ្យ​អ្នករងគ្រោះ​ដូច​ពួកគាត់​បាត់បង់​មុខរបរ​និង​ធ្លាក់​ក្នុងស្ថានភាព​ក្រីក្រ​។បុរស​ដែល​រដ្ឋាភិបាល​ធ្លាប់​ចាប់​ដាក់ពន្ធនាគារ​រូបនោះ​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​របស់​សាលា​រាជធានី​ពង្រឹង​ប្រសិទ្ធភាព​អនុវត្តតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​នេះ​កាត់​ដី​ឲ្យ​ពួកគេ​វិញ​ដើម្បី​ឲ្យ​អ្នកភូមិ​មានឱកាស​ពង្រីក​មុខរ​បរ​និង​បាន​សាង​សង់ផ្ទះ​អភិវឌ្ឍ​នៅនឹងកន្លែង​។​​លោក​ថា​៖ "​ខ្ញុំ​គិតថា​ប្រហែលជា​រឿង​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​របស់​បុគ្គ​លម​ន្ត្រី​មួយចំនួន​នៅក្នុង​សាលា​រាជធានី​ភ្នំពេញ​អាច​និយាយបានថា​ប្រហែលជា​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ចង់បាន​ដី​ហ្នឹង​"​។​​សកម្មជន​ដីធ្លី​ម្នាក់ទៀត​ដែល​រដ្ឋាភិបាល​ធ្លាប់​ចាប់​ដាក់ពន្ធនាគារ​រហូត​ពីរដង​គឺ​អ្នកស្រី ផាន់ ឈុន​រ៉េត អាយុ​៥៥​ឆ្នាំ អះអាងថា ក្រោយពី​អនុក្រឹត្យ​ចេញ​ជាង​៦​ឆ្នាំ​មកនេះ​គាត់​ថា​អាជ្ញាធរ​នៅ​មិនទាន់​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​រូបគាត់​បាន​កាន់កាប់​ដី​ដែល​បានរស់នៅ​តាំងពី​ឆ្នាំ​១៩៩៣​នោះ​នៅឡើយ​ទេ​។​​ស្ត្រី​រូបនោះ​បន្តថា​៖ "​ខ្ញុំ​ប្តេជ្ញា​ថា​នឹង​ទាមទារ​ដី​របស់ខ្ញុំ​ឲ្យ​គ្រប់​បាន​ខ្ញុំ​ទទួល​មិន​គ្រប់​ខ្ញុំ​អត់​ទទួល​ទេ​សូម្បី​បាត់​តែមួយ​ការ៉េ​ក៏​ខ្ញុំ​អត់​យក​ដែរ​បើ​មានការ​បណ្តេញចេញ​ខ្ញុំ​ស៊ូស្លាប់​នៅក្នុង​ផ្ទះ​របស់ខ្ញុំ​"​។​​អ្នក​តវ៉ា​ម្នាក់ទៀត​គឺ​លោក ឃិន ចិន្តា អាយុ​៥៤​ឆ្នាំ​រស់នៅ​ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ បាន​អំពាវ​នាយ​ដល់​ថ្នាក់ដឹកនាំ​កំពូល​ជួយ​ជំរុញ​ករណីនេះ​ដែល​លោក​គិតថា​ទើប​អាចជួយ​ព​ន្លឿ​ន​យន្តការ​ដោះស្រាយ​នេះ​បាន​។​​លោក​ថា​៖ "​ខ្ញុំ​សំណូមពរ​ដែល​ខ្ញុំ​ឮថា​លោកជំទាវ​គតិ​ប្រិត​បណ្ឌិត ប៊ុន រ៉ានី នៅ​ពីក្រោយ​ការអភិវឌ្ឍ​ខ្ញុំ​សុំ​ឲ្យ​លោក ជំទាវ​ចេញមុខ​ដោះស្រាយ​បញ្ចប់​(​ជម្លោះ​)​តំបន់​បឹងកក់​នឹង​ឲ្យ​បាន​យុត្តិធម៌​ដែល​អាច​ទទួលយកបាន​"​។​​ប៉ុន្តែ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌី​ម៉​ង់ ធ្លាប់​ស្តីបន្ទោស​ថា​ក្រុមអ្នកតវ៉ា​ដែល​នៅ​សេសសល់​នោះ​មិនបាន​សហការ​ជាមួយ​មន្ត្រី​ចុះ​ដោះស្រាយ​វិវាទ​ទេ​។ លោក​ចោទថា​អ្នក​តវ៉ា​ទាំងនោះ​ចូលចិត្ត​យក​ការតវ៉ា​តាម​ដងផ្លូវ​ជាជាង​ចូល​ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​ដោយ​ការយោគយល់​គ្នា​។​​តែ​អ្នក​តវ៉ា​អះអាងថា​ការដែល​មិនអាច​រក​ដំណោះស្រាយ​បាន​ដោយសារតែ​មន្ត្រី​បានកា​ត់យ​កដី​ពួកគេ​ដែល​ធ្លាប់​រស់នៅ​ជាក់ស្តែង​ពី​៥០%​ទៅ​៧០%​ដែល​ពួកគេ​ចង់បាន​៧០%​និង​៣០%​សុខចិត្ត​បរិច្ចាគ​ឲ្យ​ទៅ​សាលាក្រុង​។ជម្លោះ​អូសបន្លាយ​នៅ​តំបន់​បឹងកក់​នេះ​សង្គម​ស៊ីវិល​អះអាងថា​អាច​ដោះស្រាយ​ទៅបាន​លុះ​ណា​រដ្ឋាភិបាល​ហ៊ាន​ចាត់វិធានការ​ទៅលើ​មន្ត្រី​ខិលខូច​ដែល​សង្គម​ស៊ីវិល​ថា​មាន​អំពើពុករលួយ​នៅ​ពីក្រោយ​ដំណោះស្រាយ​នោះ​។​​បើតាម​របាយការណ៍រ​បស់​អង្គការ​លីកាដូ​បង្ហាញថា​ការប្រគល់​បឹង​ធម្មជាតិ​នៅ​តំបន់​បឹងកក់​ឲ្យ​ក្រុមហ៊ុន​ស៊ូ​កា​គូ​ចាក់ដី​លុប​ដើម្បី​អភិវឌ្ឍ​នេះ ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង​៤​ពាន់​គ្រួសារ​។​​ក្នុងនោះ​លីកាដូ​បញ្ជាក់ថា​ជនរងគ្រោះ​ជាង​៣​ពាន់​គ្រួសារ​ត្រូវបាន​បណ្តេញចេញ​ទាំង​បង្ខំ​ឲ្យ​រស់នៅ​ជាយក្រុង​ដោយ​ផ្តល់​សំណង​តិចតួច​និង​ជិត​១០០០​គ្រួសារ​ផ្សេងទៀត​បន្ត​តវ៉ា​មិន​ព្រម​ចាកចេញ​។​​តំណាង​អ្នកភូមិ​អះអាងថា​ពួកគេ​ជិត​១០០០​គ្រួសារ​ដែល​តវ៉ា​មិន​ព្រម​ចាកចេញ​នោះ​មាន​ជាង​៦០០​គ្រួសារ​ហើយ​ដែល​សាលា​រាជធានី​ភ្នំពេញ​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​កាន់កាប់​ដីធ្លី​វិញ​។​​ប៉ុន្តែ​ពួកគេ​ថា​នៅសល់​ជិត​១០០​គ្រួសារ​ទៀត​ដែល​សាលា​រាជធានី​នៅ​មិនទាន់បាន​ដោះស្រាយ​នៅឡើយ​៕​ ដកស្រង់ពីវិទ្យុVOD ចេញថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១៥