• សហគមន៍​ព្នង​នៅ​មណ្ឌលគិរី​បដិសេធ​ការសម្របសម្រួល​របស់​អាជ្ញាធរ​រឿង​ជម្លោះ​ដី​

    • Issue Date 17-Dec-2015

    អាជ្ញាធរ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​សម្របសម្រួល​ឲ្យ​សហគមន៍​ព្នង ៤៤​គ្រួសារ​រស់នៅ​ភូមិ​ពូ​ចារ ចែក​ដី​ជាមួយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ដើម្បី​បញ្ចប់​ជម្លោះ ក៏ប៉ុន្តែ​ការសម្របសម្រួល​នេះ​មិនបាន​ជោគជ័យ​ទេ ដោយសារ​សហគមន៍​មិន​ទទួលបាន​ដី​សមស្រប​ទៅនឹង​ចំនួន​ប្រជាពលរដ្ឋ​ដែលមាន​។​​សហគមន៍​ភូមិ​ពូ​ចារ ហៅ​ការសម្របសម្រួល​ចែក​ដី​របស់​អាជ្ញាធរ​ស្រុក​កែវ​សីមា ថា​ជាការ​សម្របសម្រួល​លំអៀង មិន​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ​។​ ​កាលពី​ថ្ងៃទី​១២ ខែធ្នូ ប្រជាពលរដ្ឋ​ភូមិ​ពូ​ចារ ប្រមាណ ៣០​នាក់ បាននាំគ្នា​ទៅកាន់​សាលាស្រុក​កែវ​សីមា ជំរុញ​ឲ្យ​អាជ្ញាធរ​ស្រុក​ដោះស្រាយ​ពាក្យ​ប្ដឹង​របស់​ពលរដ្ឋ​ទាក់ទិន​ដី ៧៨​ហិកតារ​ដែល​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បាន​រំលោភ​ចូលកាន់​កាប់​យក​ជា​សម្បត្តិ​ឯកជន​។​​តំណាង​សហគមន៍​ពូ​ចារ លោក ណេ​ត ស្រេង មានប្រសាសន៍ថា អភិបាលស្រុក​កែវ​សីមា បាន​សម្របសម្រួល​ឲ្យ​អ្នកភូមិ​ទទួលយក​ដី ២៨​ហិកតារ​ក្នុង​ចំនួន​ដី ៧៨​ហិកតារ ដែលជា​ដី​សេសសល់​ពី​ការ​ឈូសឆាយ​ដាំ​ដុះ​របស់​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ ប៉ុន្តែ​អ្នកភូមិ​មិន​ព្រម​។​​លោក​បន្តថា អ្នកភូមិ​នឹង​បន្ត​ជំរុញ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ខេត្ត ឬ​ថ្នាក់ជាតិ ដោះស្រាយ​រឿងក្ដី​ដើម្បី​អ្នកភូមិ​ទទួលបាន​ដី​សមស្រប​ប្រកប​របរ​ចិញ្ចឹមជីវិត​៖ «​បាទ​! អយុត្តិធម៌ ពួក​ខ្ញុំ ៤៤​គ្រួសារ គិត​ទៅ​ម្នាក់​មិនបាន​កន្លះ​ហិកតារ​ផង​។ ដី​ស្រឡះៗ​កណ្តាលៗ​ហ្នឹង ដី​ចាស់​គាត់​យក​ទាំងអស់ ទុក​ដី​កៀន​ព្រៃ​ឲ្យ​ពួក​ខ្ញុំ​ហ្នឹង​»​។​​អាជ្ញាធរ​ស្រុក​កែវ​សីមា កាលពី​ថ្ង​ទី​៤ ខែធ្នូ បាន​ចុះ​វាស់វែង​ដី​ដែល​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា គឺ​លោក សាក់ សារុន ចូល​កាន់កាប់​ជាក់ស្ដែង​មាន​ចំនួន ៤៤​ហិកតារ​។​​សមាជិក​សហគមន៍​មួយរូប​ទៀត គឺ​លោក នី​វ ធី កត់សំគាល់ថា លោក សាក់ សារុន ក៏ដូចជា​ពលរដ្ឋ​ទូទៅ​ដែរ គឺ​លោក​បាន​ទៅ​ឈូសឆាយ​យក​ដី​សហគមន៍ ដូច្នេះ​ប្រសិន​អាជ្ញាធរ​បែងចែក​ដី​នោះ​គួរ​ប្រគល់​ឲ្យ​លោក សាក់ សារុន នូវ​ចំណែក​ដី​ស្មើគ្នា​នឹង​គ្រួសារ​ពលរដ្ឋ​មួយ​គ្រួសារៗ​។​​លោក​ថា ដី​ដែល​អាជ្ញាធរ​សម្របសម្រួល​ឲ្យ​សហគមន៍​ទទួលយក គឺ​ប្រភេទ​ដី​នៅ​ជាយព្រៃ​មិន​អំណោយផល​ប្រជាពលរដ្ឋ​ធ្វើស្រែ​ចម្ការ​៖ «​ប្រជាពលរដ្ឋ​គេ​ទាមទារ​ថា ឲ្យ​ចែក​ស្មើ​គ្មាន​ទៅ បើ​ខាង​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ពីរ​ហិកតារ​ឲ្យ​ពីរ​ហិកតារ​ដូចគ្នា​ទៅ​។ ដល់​អ៊ីចឹង​គេ​អត់​ហ៊ាន​សម្រេច គេ​បញ្ជូន​ឯកសារ​ទៅលើ​ធ្វើ​របាយការណ៍​ទៅលើ​វិញ​»​។​​កាលពី​ចុងខែ​វិច្ឆិកា កន្លងទៅ តំណាង​អ្នកភូមិ​ពូ​ចារ បានដាក់​ពាក្យ​ប្ដឹង​លើក​ទី​ពីរ​ជូន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អាជ្ញាធរខេត្ត និង​ស្ថាប័ន​អយ្យការ​តុលាការខេត្ត​មណ្ឌលគិរី ចោទប្រកាន់​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា និង​ឈ្មោះ ឡឹ​ក ហ៊ា ពីបទ​រំលោភ​ដី​សហគមន៍​។បន្ទាប់ពី​ការដាក់​ពាក្យ​ប្ដឹង​នេះ អភិបាលស្រុក​កែវ​សីមា លោក សិន វណ្ណ​វុ​ឌ្ឍ អះអាងថា អាជ្ញាធរ​ស្រុក​នឹងធ្វើ​ការសម្របសម្រួល​ប​ញ្ហា​នេះ​ជូន​ពលរដ្ឋ​ដើម្បី​បញ្ចប់​ជម្លោះ​។​​វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​លោក ស៊ិន វណ្ណ​វុ​ឌ្ឍ សុំ​អធិប្បាយ​ពី​ការសម្របសម្រួល​នោះបានទេ នៅ​ថ្ងៃទី​១៥ ខែធ្នូ ដោយសារ​លោក​ជាប់រវល់​ប្រជុំ​។​​ទាក់ទិន​ការសម្របសម្រួល​ចែក​ដី​នេះដែរ វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា សុំ​បញ្ជាក់​បញ្ហា​នេះ​បាន​ដូចគ្នា ក៏ប៉ុន្តែ​អ្នកគ្រប់គ្រង​ដី​ទំនាស់​នេះ​គឺ​លោក ឡឹ​ក ហា មានប្រសាសន៍ថា នលោក សាក់ សារុ យល់ព្រម​ប្រគល់​ដី​ដែល​នៅ​សេសសល់​ជូន​ពលរដ្ឋ​។ ដោយឡែក​ដី​ដែល​លោក​បាន​ឈូសឆាយ​ដាំ​ដុះ ៤៤​ហិកតារ លោក សាក់ សារុន មិន​យល់ព្រម​ចែក​ទៅ​ឲ្យ​សហគមន៍​ឡើយ​៖ «​ស្រុក​គាត់​មក​សម្របសម្រួល​ហ្នឹង​សុំ​ចែក​ឲ្យ​ប្រជាជន​វិញ​ខ្លះ​។ ខ្ញុំ​ក៏​ឯកភាព​ដែរ​ដី​ដែល​ខ្ញុំ​ធ្វើ​ហើយ​ខ្ញុំ​មិន​ឲ្យ​ទេ ដី​ដែល​ខ្ញុំ​មិនទាន់​ធ្វើ​ទេ​គាត់​ចែក​គេ​ទៅ​»​។​​មេឃុំ​ស្រែ​ព្រះ កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៥ បានចេញ​លិខិត​សម្រេច​ឲ្យ​ប្រជាពលរដ្ឋ ៤៤​គ្រួសារ​ចុះទៅ​ធ្វើស្រែ​នៅ​ស្រែ​ត្រពាំង​ចក ចំណុច​ពូ​ត្រុំ​ចាស់ បន្ទាប់ពី​បុរស​ឈ្មោះ ឡឹ​ក ហ៊ា ចូលទៅ​កាន់កាប់​ដី​ចំណុច​នោះ​ហើយ​សំអាងថា ខ្លួន​ជា​អ្នកថែរក្សា​ដី​ឲ្យ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក និង​មិន​ព្រម​ចូលខ្លួន​មក​ពិភាក្សា​ការតវ៉ា​របស់​សហគម​ន៍​តាម​ការអញ្ជើញ​រប​ស់​អាជ្ញាធរ​ឃុំ​ចំនួន​ពីរលើក​។​​មេឃុំ​ស្រែ​ព្រះ លោក ព្យើ​ក ប៉េ បដិសេធថា ការដោះស្រាយ​ជម្លោះ​ពេលនេះ​ហួស​សមត្ថកិច្ច​របស់​អា​ជ្ញា​ធរ​ឃុំ ហេតុនេះ​លោក​បាន​ណែនាំ​ឲ្យ​អ្នកភូមិ​ដាក់ពាក្យ​ប្ដឹងទៅ​អាជ្ញាធរ​ស្រុក និង​ខេត្ត​រួចហើយ​៖ «​រឿង សាក់ សារុន ហ្នឹង គេ​រាយការណ៍​មក​ខ្ញុំ​ឆ្លង​ខ្ញុំ​ហើយ​។ ខ្ញុំ​ថា មិនមាន​លទ្ធភាព​ដោះស្រាយ​បានទេ ឲ្យ​ជូនទៅ​ស្រុក បើ​ស្រុក​ដោះស្រាយ​មិនបាន​ទេ ជូនទៅ​ខេត្ត​។​រឿង​ហ្នឹង​ឯកសារ​បញ្ជូនទៅ​ខេត្ត​អស់ហើយ ខ្ញុំ​មិនអាច​ដោះស្រាយ​បានទេ​»​។​​ចំណែក​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​ជួយ​ដោះស្រាយ​ការតវ៉ា​បញ្ហាដីធ្លី​របស់​ប្រជាពលរដ្ឋ​។ដោយឡែក​ស្ថាប័ន​អយ្យការ​ត្រូវ​ប្រញាប់​ចាត់ការ​ស៊ើបអង្កេត​បណ្ដឹង​របស់​ពលរដ្ឋ​ដែល​ចោទប្រកាន់​មន្ត្រី​ប្រដាប់អាវុធ​ប្រើ​អំពើហិង្សា​រំលោភសិទ្ធិ​មនុស្ស​៖ «​ត្រូវតែ​អនុវត្ត​វិធានការ​ច្បាប់​ចំពោះ​មន្ត្រី​សាធារណៈ​ណា​ដែល​យក​តួនាទី​អំណាច​របស់ខ្លួន​ទៅ​ច្បាម​យក​ផលប្រយោជន៍​របស់​ប្រជាជន​។ អាជ្ញាធរខេត្ត ស្ថាប័ន​តុលាការ ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង ឲ្យ​បាន​ពិតប្រាកដ​»​។​​ទោះជា​យ៉ាងណាក៏ដោយ តំណាង​សហគមន៍​ពូ​ចារ កាលពី​ថ្ងៃទី​១៤ ខែធ្នូ បាន​ថ្លែង​នៅក្នុង​វេទិកាសាធារណៈ​ថ្នាក់មូលដ្ឋាន​នៅ​ចំពោះមុខ​មន្ត្រី​អាជ្ញាធរ​ស្រុក ខេត្ត និង​មន្ត្រី​តំណាង​ថ្នាក់ជាតិ ទាមទារ​ឲ្យ​ដោះស្រាយ​ពាក្យ​ប្ដឹងតវ៉ា​របស់​ពលរដ្ឋ​។ ចំណែក​មន្ត្រី​ពាក់ព័ន្ធ​ចូលរួម​ក្នុង​វេទិកា​បាន​សន្យាថា នឹង​ជួយ​ដោះស្រាយ​ការតវ៉ា​របស់​ពលរដ្ឋ​ជា​បន្តទៀត​៕​ ដកស្រង់ពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៥