• កម្មករ​រោងចក្រ​៤​នាក់​ដែល​ចូលរួម​ក្នុង​បាតុកម្ម​នៅ​ក្រុង​បាវិត​ត្រូវបាន​ចាប់ខ្លួន​

    • Issue Date 21-Dec-2015

    កូដកម្ម​របស់​កម្មក​រ​រោងចក្រ​ប្រមាណ ៣​ម៉ឺន​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន (Manhattan) ក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង ឈានដល់​ថ្ងៃទី​បី​ហើយ ដោយ​មិនទាន់​ទទួលបាន​ដំណោះស្រាយ​នៅឡើយ​។ ទន្ទឹមនឹងនេះ កម្មករ ៤​នាក់​ដែល​ចូលរួម​ក្នុង​បាតុកម្ម ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាំងពីព្រឹក​ថ្ងៃទី​១៨ និង​ទី​១៩ ធ្នូ មកទល់ពេលនេះ សមត្ថកិច្ច​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ហើយ​មិនទាន់​ដោះលែង​វិញ​នៅឡើយ​។​​បុរស​ជា​កម្ម​ករទាំង​បួន​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ខេត្តស្វាយរៀង ចាប់ឃុំខ្លួន​មានឈ្មោះ សុខ គង់ ធ្វើការ​នៅ​រោងចក្រ​កៅ​វ៉េ (Kaoway) ឈ្មោះ ប៉ាល់ ឌី​ន​សុ​ម៉ា​លីដា នៅ​រោងចក្រ​ឃី​ង​ម៉េ​ក​ឃើ (Kingmaker) ឈ្មោះ ខេង សុ​ផា នៅ​រោងចក្រ​សាន់​ហេ្វ​ង និង​ឈ្មោះ វ៉ាន វិចិត្រ នៅ​រោងចក្រ​ឡុង​ប្រាយ​។ អ្នក​ទាំង​បួន ត្រូវបាន​ចោទប្រកាន់​ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។​​លោក វ៉ាន វិ​ជ្ជ​រ៉ា ត្រូវជា​បងប្រុស​របស់​កម្មករ​ឈ្មោះ វ៉ាន វិចិត្រ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២០ ធ្នូ ថា ប្អូនប្រុស​របស់លោក រួមជាមួយ​កម្មករ​ម្នាក់ទៀត​ឈ្មោះ សុខ គង់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ងាត់ៗ នៅ​ព្រឹក​ថ្ងៃទី​១៨ ធ្នូ ខណៈ​ធ្វើដំណើរ​ជាមួយគ្នា​ចេញពី​រោងចក្រ ដោយ​រង​ការចោទប្រកាន់ថា បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​រោងចក្រ​ក្នុងពេល​ធ្វើបាតុកម្ម​។លោក​អះអាងថា ប្អូនប្រុស​របស់លោក មិនមែនជា​អ្នកប្រព្រឹត្តិ​អំពើហិង្សា​ក្នុង​បាតុកម្ម​នោះទេ​៖ «»​។​​ករណីនេះ មន្ត្រី​សម្របសម្រួល​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (LICADHO) ប្រចាំខេត្ត​ស្វាយរៀង លោក នុត បូ​ពិ​ណ្ណា​រ័ត្ន មានប្រសាសន៍ថា អ្នក​ទាំង​បួន​កំពុង​ស្ថិតក្រោម​ការសាកសួ​រ​នៅ​តុលាការ​ខេត្តស្វាយរៀង ហើយនឹង​ត្រូវ​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​២០ ខែធ្នូ​។​​វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​ព្រះរាជអាជ្ញា​ខេត្តស្វាយរៀង ដើម្បី​សុំ​បំភ្លឺ​ពី​ការចាប់ខ្លួន​កម្មករ​ទាំង​បួន​នាក់​នេះ​បាន​នៅឡើយ នៅ​ថ្ងៃទី​២០ ខែធ្នូ​។​​ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់​កម្មករ​ទាំង​បួន​នាក់ ថា​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ មន្ត្រី​សិទ្ធិមនុស្ស លោក នុត បូ​ពិ​ណ្ណា​រ័ត្ន បញ្ជាក់ថា លោក​មិនដឹង​ច្បាស់​ថា អ្នក​ទាំង​បួន​នាក់​នោះ​ពិតជា​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​រោងចក្រ​ក្នុងពេល​ធ្វើបាតុកម្ម ឬ​យ៉ាងណា​នោះទេ​៖ «»​។​​ប៉ុន្តែ​មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ សង្កេតឃើញ​ទង្វើ​មិន​ប្រក្រតី​របស់​សមត្ថកិច្ច​ដែល​បណ្ដេញ​ក្រុមគ្រួសារ​កម្មករ ដែល​កំពុង​រង់ចាំ​នៅមុខ​តុលាការ ឲ្យ​ចេញ​ឆ្ងាយ​ពី​បរិវេណ​តុលាការ ខណៈ​កម្មករ​ដែល​ត្រូវបាន​ចាប់ខ្លួន កំពុង​ស្ថិតក្រោម​ការសាកសួ​រ​។ លោក​បញ្ជាក់ថា ការដេញ​ក្រុមគ្រួសារ​គេ​ចេញពី​បរិវេណ​តុលាការ​បែបនេះ ជា​រឿង​ខុសច្បាប់​៖ «»​។​​ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​កម្មករ​ទាំង​បួន​នាក់ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ដែល​ឃ្លាំមើល​បាតុកម្ម​នេះ មានប្រសាសន៍​នៅ​ថ្ងៃទី​២០ ធ្នូ ថា ការចាប់ខ្លួន​កម្មករ​ជាការ​បំបាក់ស្មារតី​រប​ស់​ក្រុមកម្មករ​មិន​ឲ្យ​ធ្វើការ​តវ៉ា​។ លោក​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ ជ្រើស​យក​ការសម្របសម្រួល​ធ្វើជា​វិធី​ដោះស្រាយ​ក្នុង​វិវាទ​នេះ​ប្រសើរ​ជាង​៖ «​សូម​អំពាវនាវ​ដល់​អាជ្ញាធរខេត្ត​ស្វាយរៀង ធ្វើ​ម៉េច​ឲ្យ​មានការ​សម្របសម្រួល​ឲ្យ​ដោះលែង​ពួកគាត់​ឲ្យ​មាន​សេរីភាព ហើយ​យើង​ងាក​មក​ចូល​តុ​ដើម្បី​ពិភាក្សាគ្នា​រក​ចំណុច​ណាមួយ ដើម្បី​ដោះស្រាយ​ជូន​បងប្អូន​កម្មករ​ដើម្បី​បញ្ចប់​នូវ​បញ្ហា​នេះ​»​។​​កម្មករ​បាន​ផ្ទុះ​បាតុកម្ម​តវ៉ា​តាំងពី​ថ្ងៃទី​១៦ ធ្នូ មក ទាមទារ​ប្រាក់ ២០​ដុល្លារ​បន្ថែម​លើ​ប្រាក់​ឈ្នួល​គោល​ដែលមាន​ស្រាប់​ចំនួន ១២៩​ដុល្លារ​។ មកដល់​ថ្ងៃទី​២០ ខែធ្នូ កម្មករ​ទាំងនោះ​នៅតែ​បន្តធ្វើ​កូដកម្ម ប៉ុន្តែ​មិនមាន​សកម្មភាព​នៅខាងមុខ​រោងចក្រ​ដូចពេលមុន​នោះទេ​។ រីឯ​រោងចក្រ​កំពុងដំណើរការ​ជាធម្មតា ទាំង​អវត្តមាន​កម្មករ​មួយចំនួន បន្ទាប់ពី​ផ្អាក​កាលពី​ថ្ងៃទី​១៧ ធ្នូ ដោយសារ​ការតវ៉ា​រប​ស់កម្មករ​ប្រមាណ ៣​ម៉ឺន​នាក់ ផ្ទុះ​ទៅជា​អំពើហិង្សា ហើយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជី​ម៉ាក់ (GMAC) បាន​សរសេរ​លិខិត​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ពី​ការធ្វើ​កូដកម្ម​នេះដែរ​៕​ ដកស្រង់ពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥។