• សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អ្នកនយោបាយ​ផ្តល់​សារ​មាន​ប្រយោជន៍​នៅលើ​បណ្ដាញ​សង្គម​

    • Issue Date 21-Dec-2015

    ចាប់តាំងពី​ឆ្នាំ​២០១៣ មក បណ្ដាញ​សង្គម​ដូចជា ហ្វេ​ស​ប៊ុ​ក (Facebook) ធ្វី​ត​ធើ (Twitter) និង​យូ​ធូប (YouTube) ជាដើម បាន​ក្លាយជា​ឧបករណ៍​ក្នុងការ​តស៊ូ​មតិ ការពារ​សិទ្ធិមនុស្ស តាមដាន​កិច្ចការ​មន្ត្រី​សាធារណៈ និង​ជាពិសេស ការវាយប្រហារ​សង្គ្រាម​ពាក្យសម្ដី​យ៉ាង​ស្រួចស្រាល់​ក្នុងចំណោម​មនុស្ស​ដែលមាន​និន្នាការ​នយោបាយ​ផ្សេងគ្នា​។ ដោយ​បារម្ភ​ពី​ឥទ្ធិពល​អវិជ្ជមាន​នៃ​សារ​នយោបាយ​តាម​បណ្ដាញ​សង្គម អង្គការ​សភា​យុវជន​ខ្មែរ សហការ​ជាមួយ​អង្គការ​ខុម​ហ្រែ្វ​ល (COMFREL) បង្កើតជា​វេទិកា​យុវជន​មួយ​ស្ដីពី "​នយោបាយ​សម័យ​បច្ចេកវិទ្យា​" នៅ​ព្រឹក​ថ្ងៃទី​២០ ធ្នូ ដើម្បី​ឲ្យ​យុវជន​ខ្មែរ​ចេះ​ប្រើប្រាស់​បណ្ដាញ​សង្គម​របស់ខ្លួន​ចំ​ទិសដៅ និង​មាន​ប្រសិទ្ធភាព​។​​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ដល់​អ្នកនយោបាយ​ខ្មែរ​គ្រប់​និន្នាការ​ដែល​កំពុង​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​ជា​មធ្យោបាយ​ទាក់ទង​ជាមួយ​អ្នកគាំទ្រ បញ្ចេញ​តែ​សារ​នយោបាយ​ណា​ដែលមាន​លក្ខណៈ​សន្តិភាព និង​ការអភិវឌ្ឍ ដោយ​ចៀសវាង​សម្ដី​ទាំងឡាយណា​ដែលមាន​លក្ខណៈ​ញុះញង់ និង​បំបែកបំបាក់​សាមគ្គី​ជាតិ​។​​ប្រធាន​អង្គការ​សភា​យុវជន​ខ្មែរ លោក ឡុង គឹម​ឃ​ន កត់សម្គាល់ថា ការប្រើប្រាស់​បណ្ដាញ​សង្គម​ក្នុងការ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​គណ​បក្ស​នីមួយៗ មាន​លក្ខណៈ​កាន់តែ​ផុសផុល​។ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល មេបក្ស​ប្រឆាំង និង​អ្នកនយោបាយ​ជាច្រើន​ផ្សេងទៀត កំពុង​មមាញឹក​ក្នុងការ​ទាញយក​ប្រជាប្រិយភាព​ពី​ពលរដ្ឋ តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​នេះ​។ លោក ឡុង គឹម​ឃ​ន មើលឃើញថា សារ​របស់​អ្នកនយោបាយ​តាមរយៈ​បណ្ដាញ​សង្គម​របស់​ពួកគេ នឹងមាន​ឥទ្ធិពល​ដល់​ការសម្រេចចិត្ត​របស់​ព​ល​រដ្ឋ​៖ «»​។​​ទិន្នន័យ​មូលដ្ឋាន​ខែកញ្ញា ឆ្នាំ​២០១៥ របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បង្ហាញថា អតិថិជន​អ៊ីនធឺណិត​ទាំង​ចល័ត និង​អចល័ត​នៅ​កម្ពុជា មាន​ចំនួន​ជាង ៦​លាន​នាក់ (៦.២៥៦.៣៨៨​នាក់​)​។ លើសពីនេះ ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម វី​អា​សុ​សល (We Are Social) របស់​សិង្ហ​បុរី (Singapore) រកឃើញថា អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ដ៏​សកម្ម​នៅ​កម្ពុជា បាន​កើនឡើង​រហូតដល់​ជាង ៣​លាន​នាក់ (៣,៤​លាន​នាក់​)​។​​ដោយសារតែ​កំណើន​អ្នកប្រើប្រាស់​កាន់តែច្រើន រដ្ឋាភិបាល​កម្ពុជា ហាក់​មានការ​ព្រួយបារម្ភ និង​បង្កើតជា​វិធានការ​ផ្សេងៗ ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​។ វិធានការ​ទាំងនោះ​រួមមាន សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា គម្រោង​ដំឡើង​ឧបករណ៍​តាមដាន​លើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត និង​ការបង្កើត​ក្រុម​ប្រយុទ្ធប្រឆាំង​បទឧក្រិដ្ឋ​លើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដើម្បី​ឃ្លាំមើល​គេហទំព័រ និង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​។​​វិធានការ​ទាំង​ប៉ុន្មាន​របស់​រដ្ឋាភិបាល​នេះ ត្រូវ​រង​ការរិះគន់​ច្រើន​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ហើយ​នៅ​ចុងឆ្នាំ​២០១៤ ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​ទម្លាក់ចោល​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា​។ យ៉ាងនេះ​ក្តី មន្ត្រី​រដ្ឋាភិបាល​បានប្រកាសថា នឹង​ចាត់វិធានការ​ទាំង​ផ្លូវ​បច្ចេកទេស និង​ផ្លូវច្បាប់ បើសិន​ជាមាន​ជន​ណា​ប្រើប្រាស់​បណ្ដាញ​ព័ត៌មាន​សង្គម ដោយ​ប្រើពាក្យ​អសុរោះ ប្រមាថ មាក់ងាយ បំផ្លើស និង​វាយប្រហារ​បរិហារ​បង្កា​ច់​កេរ្តិ៍​ទៅលើ​មន្ត្រីរាជការ​សាធារណៈ​។​​តាមរយៈ​ការបកស្រាយ​បែបនេះ អ្នកនយោបាយ សកម្មជន និង​យុវជន​មួយចំនួន ត្រូវបាន​តុលាការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ហើយ​ត្រូវបាន​នាំយកមក​កាត់ទោស​តាម​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពេលដែល​ពួកគេ​បង្ហោះ​ព័ត៌មាន និង​សារ​មួយចំនួន​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​ពួកគេ​។​​ឧទាហរណ៍​ករណី​យុវជន គង់ រ៉ៃ​យ៉ា ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ក្រោយ​ពេលដែល​យុវជន​រូបនេះ​សរសេរ​អំពី​បដិវត្តន៍​ពណ៌​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ករណី​ដោយឡែក​មួយទៀត គឺ​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខ​ហួរ រួមទាំង លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​ផង ត្រូវបាន​តុលាការ​ចោទ​ពីបទ​ក្លែង​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​ក្លែង បទ​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ និង​អសន្តិសុខ​សង្គម ក្រោយ​ពេលដែល​លោក​បង្ហោះ​សំណៅ​ឯកសារ​មិន​ត្រឹមត្រូវ នៃ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម ឆ្នាំ​១៩៧៩​។​​ទាក់ទង​រឿងនេះ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព យល់ឃើញថា អ្នកនយោបាយ ពិសេស​រដ្ឋាភិបាល គួរតែ​ព្យាយាម​ទាញ​ប្រយោជន៍​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​នេះ ជាជាង​គិតតែ​ពី​ការ​រឹតត្បិត​៖ «»​។​​ទាំង លោក ឡុង គឹម​ឃ​ន និង​អ្នកស្រី ចក់ សុភាព សុទ្ធតែ​ចង់ឃើញ​អ្នកនយោបាយ​ផ្តល់​ជា​សារ​អប់រំ​ដល់​អ្នកគាំទ្រ​របស់ខ្លួន ដើម្បី​ចៀសវាង​គំនិត​ជ្រុលនិយម ស្អប់ និង​គុំកួន​គ្នា​ទៅវិញទៅមក ដោយ​គ្រាន់​តែមាន​ទស្សនៈ​នយោបាយ​ផ្សេងគ្នា​៕​ ដកស្រង់ពីវិទ្យុអាស៊ីសេរី ​ ចេញផ្សាយថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥។