• ពលរដ្ឋ​៣៧​គ្រួសារ​រង​ផលប៉ះពាល់​ពី​ការសង់​មណ្ឌល​យោធិន​ពិការ​ទាមទារ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​

    • Issue Date 23-Dec-2015

    ​ពលរដ្ឋ ៣៧​គ្រួសារ​នៅ​ភូមិ​ស្នារ​សង្គ្រាម ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ចម្ងាយ​ជាង ៤០​គីឡូម៉ែត្រ​ភាគ​ឦសាន​ពី​ទី​រួម​ខេត្តសៀមរាប បាន​កើតមាន​វិបត្តិ​ដីធ្លី​រយៈពេល ៤​ឆ្នាំ​មកហើយ ចាប់​តាំងតែ​ពី​រដ្ឋាភិបាល​យក​ដីព្រៃរ​បស់​រដ្ឋ​ជាច្រើន​ហិកតារ ទៅ​សាងសង់​ធ្វើ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ នៅក្បែរនោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដីស្រែ និង​ចម្ការ​ខ្លះ​របស់​ពួកគាត់​។​​ក្រុម​អ្នកភូមិ​បាន​លើកគ្នា​ទៅ​ជួប​អាជ្ញាធរ​ខេត្តសៀមរាប និង​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង ជា​ញឹកញាប់ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ ប៉ុន្តែ​រហូតមកទល់​ពេលនេះ មិនមាន​ដំណោះស្រាយ​ណាមួយ​សម្រាប់​ពួកគាត់​នៅឡើយ​។​ ​អ្នកភូមិ​ស្នារ​សង្គ្រាម នៃ​ឃុំ​បល្ល័ង្ក ចំនួន ៣៧​គ្រួសារ ដែលមាន​ទំនាស់​ដីធ្លី​អូសបន្លាយ​ជាច្រើន​ឆ្នាំ​មកហើយ បានទាមទារ​ជាថ្មី​ទៅ​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង ឲ្យ​ធ្វើការ​សម្រេចចិត្ត​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ដែល​កំពុងតែ​មានទំនាស់​នោះ មក​ឲ្យ​ពួកគេ​ដើម្បី​បញ្ចប់​ការរង់ចាំ​ដំណោះស្រាយ​នានា ដែល​ចេះតែ​បាត់ទៅៗ​ជាច្រើន​ឆ្នាំ​មកហើយ​។​​កាលពី​រសៀល​ថ្ងៃទី​២១ ខែធ្នូ កន្លងទៅ ក្រុម​អ្នកភូមិ​ប្រមាណ ២០​នាក់ បាន​លើកគ្នា​ទៅ​ជួបប្រជុំ​ជាមួយ​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង ដោយ​ស្នើសុំ​ឲ្យ​ជួយ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​លើដី​ដែលមាន​ទំនាស់ មក​ឲ្យ​ពួកគេ​បាន​កាន់កាប់​ស្របច្បាប់ ពីព្រោះ​ពួកគេ​មិនអាច​រង់ចាំ​ការដោះស្រាយ​ដ៏​យូរ​ទៀត​ទេ​។​​តំណាង​អ្នកភូមិ​ស្នារ​សង្គ្រាម ម្នាក់​ក្នុងចំណោម​អ្នកមាន​វិបត្តិ​ដីធ្លី​ជាច្រើន​គ្រួសារ​ទៀត គឺ​លោកស្រី សៀន រី​។ លោកស្រី​មានប្រសាសន៍ថា រយៈពេល ៤​ឆ្នាំ​មកហើយ រូបគាត់ និង​អ្នកភូមិ បាន​ដើរ​ប្ដឹង​ពី​រឿង​ដី​ដែល​ប៉ះពាល់​ដោយសារតែ​ការសាងសង់​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ និង​ប៉ះពាល់​ជាមួយ លោក សៅ រ៉ានី ដែលជា​មន្ត្រី​។ លោកស្រី សៀន រី បញ្ជាក់ថា ការដើរ​ប្ដឹង​ទាមទារ​ឲ្យ​ដោះស្រាយ​ដី​ជាច្រើន​ឆ្នាំ​មកនេះ ធ្វើ​ឲ្យ​ពួកគាត់​ភ័យព្រួយ​ពី​រឿង​បាត់បង់​ដីស្រែ​ចម្ការ​ផង និង​គ្មាន​ពេលវេលា​ប្រកបការងារ​ចិញ្ចឹមជីវិត​ផង​៖ «​ទាមទារ​ឲ្យ​អាជ្ញាធរ​ធ្វើ​ប្លង់​នេះ ដើម្បី​ឲ្យ​បងប្អូន​នេះ​បាត់​ភ័យ​បាត់​ខ្លាច​រឿង​គេ​ឈូសឆាយ ហើយ​យើង​នឹង​ចេញ​ទៅធ្វើ​ការរកស៊ី​ចិញ្ចឹមជីវិត​ទៅមុខ​»​។​​អភិបាលស្រុក​ប្រាសាទបាគង លោក ភូ សំអាត ដែល​ទទួល​ជួបប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ទាំងនោះ មានប្រសាសន៍ថា អ្នកភូមិ​ស្នារ​សង្គ្រាម ដែល​លើកគ្នា​មកសុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នោះ គឺ​កំពុងតែ​មានទំនាស់​ដី ៣​ករណី​ផ្សេងគ្នា គឺ​គ្រួសារ​ខ្លះ​បាន​ប៉ះពាល់​ដីធ្លី​ដោយសារ​ដីកា​ដកហូត​ដីព្រៃ​លេខ​០៨៥ តាំងពី​ឆ្នាំ​២០០៦ គ្រួសារ​ខ្លះ​ប៉ះពាល់​ដីធ្លី​ដោយសារ​ការសាងសង់​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ តាំងពី​ឆ្នាំ​២០១១ និង​គ្រួសារ​ខ្លះទៀត ប៉ះពាល់​ដោយសារ​ការសាងសង់​មណ្ឌល​យោធិន​ពិការ​ផង និង​ប៉ះពាល់​ជាមួយ លោក សៅ រ៉ានី ដែលជា​មន្ត្រី​ម្នាក់​ផង​៖ «​ខ្ញុំ​ក៏​ឲ្យ​គាត់​ទៅធ្វើ​ឯកសារ​ចេញ​ជា ៣​ក្រុម​ហ្នឹង​មក ចាំ​ខ្ញុំ​ធ្វើសំណើ​សុំ​ទៅ​ខេត្តសៀមរាប ថា​តើ​វា​អាច​វាស់វែង​ដី​ហ្នឹង​ជូន​ពួកគាត់​បានដែរ​ឬក៏​អត់​? ឬក៏​មិនអាច​ដោយសារ​មាន​មូលហេតុ​ផ្សេង​»​។​​អ្នកស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្តសៀមរាប លោក សួស ណារិន បាន​ហៅ​ចំណាត់ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ខេត្តសៀមរាប ទៅលើ​រឿង​ទំនាស់​ដីធ្លី​នៅ​ភូមិ​ស្នារ​សង្គ្រាម នោះ ថា​មាន​ភាពយឺតយ៉ាវ​យ៉ាងខ្លាំង​។​​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង ទទួលស្គាល់ថា ការដោះស្រាយ​រឿង​ដីធ្លី​ទីនោះ គឺ​ពិតជា​យឺតយ៉ាវ​មែន ដោយសារតែ​កន្លងទៅ អាជ្ញាធរ​ធ្លាប់​ព្រមព្រៀង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ដីធ្លី​ដោយសារ​ការសាងសង់​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ អាច​ទទួលបាន​គោលនយោបាយ​ផ្ទះ ១​ខ្នង និង​ដី​ទំហំ ១​ហិកតារ​កន្លះ ដូចគ្នា​នឹង​យោធិន​ពិការ​ដែរ ក៏ប៉ុន្តែ​បញ្ហា​នៅត្រង់ថា ដី​ដែល​ត្រូវយក​ទៅធ្វើ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ នោះ នៅ​មិនទាន់​គ្រប់គ្រាន់ ដោយសារ​ចេះតែ​ប៉ះពាល់​លើ​មជ្ឈដ្ឋាន​ជាច្រើន​ទៀត ហើយ​មិនទាន់​ដោះស្រាយបាន​នៅឡើយ​៕ ដកស្រង់ពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី២២ខែធ្នូ ឆ្នាំ​២០១៥​ ។