• អ្នក​បឹងកក់​ខ្លះ​ប្តូរ​ចិត្ត​ដោយ​ឈប់​ប្រគល់​ដី​របស់ខ្លួន​ជិត​ពាក់កណ្តាល​ឲ្យ​អាជ្ញាធរ​

    • Issue Date 24-Dec-2015

    ​សហគមន៍​ដីធ្លី​ប្រមាណ​ជាង​៤០​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រមូលផ្តុំ​និង​ដាក់​ញត្តិ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ជាថ្មី​ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​ព​ន្លឿ​ន​ដោះស្រាយ​បញ្ហាដីធ្លី​នៅ​តំបន់​បឹងកក់​ដែល​សេសសល់​៧​គ្រួសារ​ឲ្យ​បាន​ឆាប់​ដោយ​អះអាងថា​សាលា​រាជធានី​មិនបាន​គោរព​តាម​ការសន្យា​ដោយ​ពន្យា​ពេល​ដោះស្រាយ​ជូន​ពួកគេ​ជាង​កន្លះ​ឆ្នាំ​។​​តំណាង​សហគមន៍​អ្នកមាន​ជម្លោះដីធ្លី​ទាំងនោះ​មកពី​តំបន់​បឹងកក់​និង​បុរី​កីឡា​។ តំណាង​សហគមន៍​បឹងកក់​អ្នកស្រី លី ចាន់ណា​រី ថ្លែងថា​មូលហេតុ​ដែល​ពួកគេ​សុំ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដល់​ពួកគេ​លើ​ទំហំ​ដី​ដែល​កាន់កាប់​១០០​ភាគរយ​ខណៈ​កាលពីមុន​ពួកគេ​បាន​ដី​តែ​ពាក់កណ្តាល​នៃ​ផ្ទៃដី​សរុប​។ អ្នកស្រី​បន្តថា​៖ “​នៅពេល​គេ​មិន​ដោះស្រាយ​ពន្យា​ពេល​អញ្ចឹង​វា​ប្រឈម​ហើយដោយ​សារ​ពួក​ខ្ញុំគេ​បូម​ពន្លិច​ផ្ទះសម្បែង​អស់ហើយ​បាត់បង់​មុខរបរ​បាត់បង់​ផ្ទះសម្បែង​ទ្រព្យសម្បត្តិ​អញ្ចឹង​ទៅ​វា​មាន​បញ្ហា​ប្រឈម​អញ្ចឹង​សុខចិត្ត​ថា​ចង់​បញ្ចប់​ខ្ញុំ​យកតែ​៥២​ភាគរយ​តែ​ឥឡូវ​អត់​សាលា​រាជធានី​អត់​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំៗ​យក​១០០​ភាគរយ​វិញ​”​។​​អ្នកស្រី លី ចាន់ណា​រី បន្តថា​កន្លងទៅ​ប្រធានរដ្ឋសភា​លោក ហេង សំរិន និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខ​ង បានចេញ​លិខិត​អន្តរ​គម​ន៍​មួយ​ទៅ​អភិបាល​សាលា​រាជធាន​ភ្នំពេញ​ឲ្យ​ជួយ​ពិនិត្យ​និង​ដោះស្រាយ​ជូន​ពួកគាត់​តាម​អ្វីដែល​ពួកគេ​ទាមទារ​កាន់កាប់​ដី​៥៣​ភាគរយ​នៃ​ផ្ទៃដី​សរុប​ដែរ​ប៉ុន្តែ​មិនមាន​ដំណោះស្រាយ​នោះទេ​។​​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌី​ម៉​ង់ មានប្រសាសន៍​ថាបើ​អ្នកមាន​ជម្លោះដីធ្លី​នោះ​ទាមទារ​ដី​១០០​ភាគរយ​មកវិញ​មិនអាច​ទៅរួច​ទេ​ដោយ​លោក​អះ​អា​ថា​សាលា​រាជធានី​ធ្វើតាម​ការវាស់វែង​ជាក់ស្តែង​តែប៉ុណ្ណោះ​។ លោក​បន្ថែមថា​៖ ”​ការស្នើសុំ​ដែល​លើសពី​កម្រិត​ដែល​យើង​អាចធ្វើ​បាន​យើង​អត់​អាច​ធ្វើកើត​ទេ​ហើយ​ពួកគាត់​ត្រូវ​ដឹងថា​ដី​របស់​ពួកគាត់​មុន​១០០​ភាគរយ​ប៉ុន្មាន​ភាគរយៗ​គឺជា​ដី​ដែល​មិន​ស្របច្បាប់​ហើយ​អ្វីដែល​យើង​ជូនទៅ​គាត់​ឥឡូវនេះ​ជាការ​ដែល​យើង​ធ្វើ​ឲ្យ​គាត់​ទៅជា​ស្របច្បាប់​ខ្ញុំ​អត់​ដឹងថា​៥៣​ភាគរយ​ឬ​មិន​៥៣​ភាគរយ​អ្វី​នោះទេ​អ្វីដែល​សំខាន់​គឺ​កំពុងតែ​វាស់វែង​ដី​ជូន​ពួកគាត់ ហើយនឹង​ចាប់ឆ្នោត​នឹង​ចាប់​អី​ជាមួយ​គាត់​បន្តទៀត​បើ​គាត់​ព្រម​អាហ្នឹង​យើង​នឹង​បន្ត​សាច់រឿង​ហ្នឹង​បន្តទៀត​ធ្វើ​យ៉ាងម៉េច​គាត់​អត់​ព្រម​”​។​​យ៉ាងណាក៏ដោយ​លោក ឡុង ឌី​ម៉​ង់ មិនបាន​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​ណាមួយ​ដោះស្រាយ​ជូន​អ្នកមាន​ជម្លោះដីធ្លី​បឹងកក់​ទេ​។​​តំណាង​ម្នាក់ទៀត​អ្នកស្រី សែន ទូច ថ្លែង​ថាបើ​សាលា​រាជធានី​ភ្នំពេញ​មិន​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​ឲ្យ​ពួកគេ​បាន​១០០​ភាគរយ​ទេ ពួកគេ​នឹង​បន្ត​តវ៉ា​រហូត​មាន​ដំណោះស្រាយ​។ អ្នកស្រី​បន្តថា​៖ “​ខ្ញុំ​ថា​ដូច​៥៣​ភាគរយ​ហ្នឹង​គាត់​មិន​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ ពួក​ខ្ញុំ​យក​១០០​ភាគរយ​ឡើងវិញ​បើ​ថា​គាត់​មិន​នៅ​ដោះស្រាយ​ពួក​ខ្ញុំ​នៅតែ​ទាមទារ​ស៊ូ​ថ្ងៃ​ស្លាប់​ចាស​! រហូតដល់​ថ្ងៃ​មាន​ដំណោះស្រាយ​”​។​​អ្នកស្រី សែន ទូច ឲ្យ​ដឹងថា​ដីធ្លី​ពួកគេ​៧​គ្រួសារ​ដែល​អាជ្ញាធរ​មិនទាន់​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​នោះ​មាន​ផ្ទៃដី​សរុប​ទំហំ​ប្រហែល​ជិត​១​ហិកតា​។​​ប្រជា​សហគមន៍​បឹងកក់​ឲ្យ​ដឹងថា​កាលពី​ឆ្នាំ​២០១០​អាជ្ញាធរ​បាន​បូម​ខ្សាច់​ពន្លិច​ផ្ទះ​របស់​ពួកគាត់​ដោយ​មិនបាន​ផ្តល់​សំណង​សមរម្យ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​រាប់ពាន់​គ្រួសារ​។ តែ​ពួកគាត់​បញ្ជាក់ថា​នៅ​ឆ្នាំ​២០១១ នាយករដ្ឋមន្ត្រី​បាន​កាត់​ដី​១២,៤៤​ហិកតា​ឲ្យ​អ្នក​បឹងកក់​ជិត​១០០០​គ្រួសារ​វិញ​ដើម្បី​អភិវឌ្ឍ​នៅនឹងកន្លែង​។ ប៉ុន្តែ​នៅ​ខែមេសា ឆ្នាំ​២០១៥​នេះ​សាលា​រាជធានី​ភ្នំពេញ​បាន​ដោះស្រាយ​ជូន​ពួកគាត់​ជាច្រើន​គ្រួសារ​ហើយ​នៅសល់​៧​គ្រួសារ​បដិសេធ​មិន​ទទួល​សំណង​ដោយ​អះអាងថា​សំណង​នោះ​តិចជាង​ទំហំ​ដី​របស់​ពួកគាត់​ចាស់​ឆ្ងាយ​ពេក​៕​ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបត្តេយ្យ ចេញផ្សាយថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥។