-
ជនជាតិដើមភាគតិចកួយនៅព្រះវិហារលើកគ្នាទៅដេកតវ៉ានៅមុខសាលាខេត្ត
- Issue Date 30-Dec-2015
ក្រុមជនជាតិដើមភាគតិចកួយ ជាច្រើនគ្រួសារ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ កើតមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិន ឈ្មោះ ឡាន ហ្វេង (Lan Feng) ដែលចូលទៅឈូសឆាយដីដាំអំពៅទីនោះ បានអូសបន្លាយរយៈពេលជាង ៣ឆ្នាំមកហើយ។សហគមន៍ជនជាតិដើមភាគតិចទាំងនោះ បានប្រឹងប្រែងលើកគ្នាតវ៉ាប្រឆាំងនឹងក្រុមហ៊ុនចិន ព្រមទាំងធ្លាប់ទាមទារឱ្យអាជ្ញាធរខេត្តព្រះវិហារ ជួយដោះស្រាយជាច្រើនលើក ក៏ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញមានដំណោះស្រាយអ្វីទេ។ រយៈពេល ២ថ្ងៃជាប់គ្នាមកនេះ សហគមន៍ជនជាតិដើមភាគតិចកួយ បានលើកគ្នាទៅមុខសាលាខេត្តព្រះវិហារ តវ៉ាជាថ្មីទៀត។ជនជាតិដើមភាគតិចកួយ ប្រមាណជាង ៥០នាក់ មកពីឃុំប្រមេរ ស្រុកត្បែងមានជ័យ កំពុងទាមទារឱ្យអាជ្ញាធរខេត្តព្រះវិហារ ពន្លឿនគោលនយោបាយចុះបញ្ជីដីធ្លីជាសមូហភាពឱ្យពួកគេបានឆាប់រហ័ស ព្រមទាំងមានវិធានការរក្សាការពារដី ដោយហាមឃាត់ក្រុមហ៊ុនចិន កុំឱ្យចេះតែបន្តការឈូសឆាយដីទៅទៀត។សហគមន៍ជនជាតិដើមភាគតិចទាំងនោះ បានលើកគ្នាទៅដេកតវ៉ា នៅមុខសាលាខេត្តព្រះវិហារ តាំងតែពីថ្ងៃទី២៨ ហើយនៅតែបន្តរហូតដល់ថ្ងៃទី២៩ ខែធ្នូ។តំណាងសហគមន៍ជនជាតិភាគតិចកួយម្នាក់ ក្នុងចំណោមអ្នកតវ៉ាជាច្រើនទៀត គឺអ្នកស្រី រឿង ខាន់។ អ្នកស្រីមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី២៩ ខែធ្នូ ថា ជាច្រើនឆ្នាំមកហើយ ជនជាតិភាគតិចបានបាត់បង់ដីធ្លីដោយសារតែក្រុមហ៊ុនចិន ឈ្មោះ ឡាន ហ្វេ ចូលទៅឈូសឆាយដីដាំអំពៅ។ ស្ត្រីដដែលបញ្ជាក់ថា ដោយសារការភ័យខ្លាចបាត់បង់ដីធ្លីតទៅទៀត គឺកាលពីជាង ៥ខែមុន សហគមន៍ជនជាតិភាគតិចកួយ បានដាក់ពាក្យស្នើសុំទៅសាលាខេត្តព្រះវិហារ ឱ្យជួយចុះបញ្ជីដីធ្លីទីនោះជាសមូហភាព ព្រមទាំងឱ្យអាជ្ញាធរជួយមានវិធានការរក្សាការពារដីជាច្រើនហិកតារកុំឱ្យក្រុមហ៊ុនចិន ឈូសរំលោភយកទៀតផង ក៏ប៉ុន្តែអាជ្ញាធរហាក់ដូចជាមិនឆ្លើយតបទាន់ពេលចំពោះអ្វីដែលអ្នកភូមិទាមទារនោះទេ។អ្នកស្រី រឿង ខាន់ មានប្រសាសន៍ទៀតថា អ្នកភូមិដែលលើកគ្នាមកតវ៉ានៅមុខសាលាខេត្តព្រះវិហារ ពេលនេះ នឹងមិនចាកចេញដោយងាយៗទេ ប្រសិនបើអាជ្ញាធរមិនមានដំណោះស្រាយត្រឹមត្រូវ៖ «ក្រុមការងារនោះឯងចង្អុលឱ្យចិន ឈូសដីដាំអំពៅ ទុកដីឱ្យមិនដល់ ១ហិកតារផង ១គ្រួសារ។ ពួកខ្ញុំអត់ថយចេញទេ លុះត្រាអភិបាលខេត្តមានកិច្ចសន្យាឱ្យច្បាស់លាស់»។កាលពីឆ្នាំ២០១១ រដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទំហំ ៩.០១៥ហិកតារទៅឱ្យក្រុមហ៊ុនចិន វិនិយោគដាំអំពៅ នៅស្រុកត្បែងមានជ័យ។ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនចិន បានឈូសឆាយដីធ្វើឱ្យប៉ះពាល់ដល់ដីស្រែចំការរបស់ក្រុមជនជាតិភាគតិចកួយ នៅឃុំប្រមេរ ជាបន្តបន្ទាប់។អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សេរី មានប្រសាសន៍ថា អាជ្ញាធរខេត្តមិនដែលព្រងើយកន្តើយក្នុងការដោះស្រាយរឿងដីធ្លីរបស់ក្រុមជនជាតិភាគតិចទាំងនោះទេ។ លោកចាត់ទុកក្រុមអ្នកដែលលើកគ្នាទៅតវ៉ានៅមុខសាលាខេត្តពេលនេះ ថាគឺជាអ្នកដែលមិនមានដីប៉ះពាល់ជាមួយក្រុមហ៊ុនចិន ឡើយ ប៉ុន្តែការលើកគ្នាទៅតវ៉ា គឺដោយសារតែមានអ្នកញុះញង់នៅពីក្រោយខ្នង។លោក ស៊ូ សេរី បញ្ជាក់ថា ចំពោះបញ្ហាដែលសហគមន៍ជនជាតិភាគតិចទាមទារឱ្យអាជ្ញាធរចុះបញ្ជីដីធ្លីជាសមូហភាពនោះ ប្រហែលមិនអាចធ្វើតាមអ្វីដែលពួកគេចង់បានឡើយ ពីព្រោះពួកគេគូរផែនទីពង្រីកយកវិសាលភាពផ្ទៃដីធំហួសហេតុ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ទំហំផ្ទៃដីប៉ុន្មានហិកតារឡើយ៖ «មានអង្គការ១ទៅជួយគូសផែនទីហ្នឹងគ្រាន់តែសហគមន៍ប្រមេរ ១ គូរយកដីចង់អស់ម៉ាស្រុកត្បែងមានជ័យ ហើយហ្នឹង»។ទោះយ៉ាងណា មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ សំដែងការព្រួយបារម្ភថា ជោគវាសនារបស់ក្រុមជនជាតិភាគតិចកួយ នៅភូមិប្រមេរ អាចនឹងបាត់បង់ដីធ្លីថែមទៀតនៅពេលអនាគត ពីព្រោះលោកមើលឃើញថា អាជ្ញាធរខេត្តព្រះវិហារ ហាក់កំពុងព្រងើយកន្តើយទៅលើបញ្ហាចុះបញ្ជីដីធ្លីជាសមូហភាព ព្រមទាំងបញ្ហាដោះស្រាយជម្លោះជាច្រើនទៀតនោះ៕ ដកស្រង់ពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥។