-
កម្មកររោងចក្រជាង២០០នាក់មកពីខេត្តកំពង់ស្ពឺដាក់ញត្តិនៅក្រសួងការងារនិងរដ្ឋសភា
- Issue Date 12-Jan-2016
កម្មករកម្មការិនីនៃរោងចក្រដេរសម្លៀកបំពាក់ចំនួន២ មកពីខេត្តកំពង់ស្ពឺ បាននាំគ្នាដាក់ញត្តិនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋសភា ក្នុងថ្ងៃតែមួយ គឺថ្ងៃច័ន្ទ ទី១១ មករា។ ការដាក់ញត្តិនេះ ពួកគេទាមទារឲ្យអន្តរាគមន៍ទៅថៅកែរោងចក្រ ពីករណីបញ្ឈប់ថ្នាក់ដឹកនាំសហជីព និងដោះស្រាយវិវាទការងារជូនពួកគាត់។«សំឡេងស្រែកតវ៉ាមុខក្រសួងការងារ»កម្មករស្រែកតវ៉ាមកពីរោងចក្រសេរី (CERIE) និងរោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ (Agile Sweater) មានគ្នាប្រមាណ ២០០នាក់។កម្មការិនីម្នាក់ក្នុងចំណោមអ្នកតវ៉ាមកពីរោងចក្រសេរី ស្ថិតនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ប្រធានផ្នែកពិនិត្យ អ្នកស្រី សំ សុខា ថ្លែងថា ពួកគាត់ធ្វើកូដកម្មតាំងពីដើមខែមករា មក តែពុំមានដំណោះស្រាយឡើយ។ ការតវ៉ានេះ ដោយសារតែថៅកែបានបញ្ឈប់ថ្នាក់ដឹកនាំសហជីពសេរីកម្មករ ៣នាក់ ហើយមិនគោរពលក្ខខណ្ឌការងារជាច្រើនដែលពួកគាត់យល់ថា រំលោភសិទ្ធិកម្មករ។អ្នកស្រីបន្តថា ក្រុមហ៊ុនមិនបានអនុវត្តតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលបញ្ជាឲ្យថ្នាក់ដឹកនាំសហជីពចូលធ្វើការវិញ និងសងប្រាក់រំឭកដល់ពួកគេនោះទេ។ អ្នកស្រីថា សហជីពដែលមានជំហរខាងរោងចក្រ តែងរារាំងសកម្មភាពតវ៉ារបស់ពួកគាត់៖ «មូលហេតុមានច្រើនតាំងពីគាត់បាញ់ថ្នាំសម្លាប់សត្វល្អិតមក ធ្វើឲ្យកម្មករសន្លប់ ហើយចោទថាកម្មករធ្វើពុត មានការគាបសង្កត់កម្មករនៅពេលអត់ថែមម៉ោងថែមអី គឺហៅទៅជួបរដ្ឋបាល ហើយគំរាមគាត់ថា រំសាយកុងត្រាចោល។ ពេលកម្មករតវ៉ាបាត់លុយ គឺស្រែកជេរម៉ែកម្មករឡើងពេញទំហឹង។ បញ្ហាមួយទៀត លុយដែលបើកឲ្យកម្មករ គឺលុយប្រើការអត់កើត លុយរហែក។ គោលបំណងសំខាន់ ស្នើឲ្យក្រុមហ៊ុនឲ្យពួកគាត់ចូលធ្វើការវិញ និងផ្លាស់ប្ដូរសហជីពហ្នឹងចេញ»។ទាក់ទងបញ្ហានេះ មន្ត្រីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា កញ្ញា យ៉ុង លាភ ដែលបានដឹកនាំក្រុមកម្មករ ថ្លែងថា ក្រសួងការងារ និងមន្ទីរការងារ ត្រូវតែជំរុញទៅនិយោជក ត្រូវយកថ្នាក់ដឹកនាំសហជីពឲ្យចូលធ្វើការវិញ។ ការស្នើនេះ គឺស្របទៅតាមប្រកាសលេខ៣០៥ នៃក្រសួងការងារ ដែលថៅកែត្រូវតែអនុវត្ត។ដោយឡែកកម្មកររោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ (Agile Sweater) មកពីភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន មកតវ៉ានៅមុខក្រសួងការងារ កញ្ញា កេត ស្រីលាក់ អះអាងថា ពួកគេមកតវ៉ានៅក្រសួងនេះ ៤លើកមកហើយ ដើម្បីទាមទារលក្ខខណ្ឌការងារ ៩ចំណុច រួមទាំងតវ៉ាឲ្យដករដ្ឋបាលរោងចក្រចេញ ហើយស្នើឲ្យក្រុមហ៊ុនកុំបញ្ឈប់កម្មករ និងឈប់តាមចាប់ខ្លួនតំណាងកម្មករតទៅទៀត។ កញ្ញាបន្តថា ការមកជួបជុំនៅក្រសួងជាច្រើនលើកនេះ ពុំមានដំណោះស្រាយទេ ស្របពេលដែលថៅកែរោងចក្រមិនខ្វល់ពីការតវ៉ារបស់ពួកគាត់នោះ៖ «ខាងក្រសួងអត់ជួយដោះស្រាយ ហើយរោងចក្រក៏អត់ចេញដោះស្រាយ គាត់ថាចេញដំណោះស្រាយលុះត្រាតែពួកខ្ញុំហ្នឹងចូលធ្វើការ តែចូលទៅដល់គេរករឿងតែបញ្ឈប់ហ្នឹង។ មានតែសន្យា អត់ដោះស្រាយសោះ មកលើកហ្នឹងសុំឲ្យគាត់ជួយដោះស្រាយ កុំសន្យាចោលអ៊ីចឹង។ ពួកខ្ញុំធ្វើការអត់ចឹងអត់ចង់ដាច់លុយទេ ហើយមិនតិចខែទេ តាំងពីខែ១២ ថ្ងៃ២៥ ឥឡូវថ្ងៃទី១១ ហើយ»។ប៉ុន្តែមន្ត្រីអន្តរាគមន៍អគ្គលេខាធិការដ្ឋានសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មគ្រប់មុខសញ្ញា នៃក្រសួងការងារ លោក ផន ម៉ៃ មានប្រសាសន៍ថា កន្លងមក ក្រសួងការងារ បានចុះទៅដល់រោងចក្រសិក្សាពីវិវាទនេះ ប៉ុន្តែភាគីរោងចក្រចោទថា កម្មករធ្វើកូដកម្មខុសច្បាប់ ទើបមិនព្រមចូលខ្លួនដោះស្រាយ៖ «ក្រសួងការងារ សម្រេចចិត្តថា កោះអញ្ជើញគាត់មកដោះស្រាយនៅថ្ងៃអង្គារ ស្អែកវេលាម៉ោង ២រសៀល»។ថ្វីត្បិតតែមានការអះអាងថា ដោះស្រាយជូនកម្មករពីមន្ត្រីក្រសួងការងារ យ៉ាងនេះក្ដី ក៏ពួកគេមិនអស់ចិត្តទេ ហើយកម្មករនៃរោងចក្រទាំងពីរ បាននាំគ្នាបន្តនាំញត្តិដាក់ជូនរដ្ឋសភា ស្វែងរកអន្តរាគមន៍ទៀត ប៉ុន្តែមិនមានអ្នកតំណាងរាស្ត្រមកទទួលញត្តិពីកម្មករឡើយ នៅថ្ងៃទី១១ មករា ដោយតំណាងកម្មករ បានយកញត្តិដើរចូលទៅមន្ទីររដ្ឋសភា ប្រគល់ជូនឲ្យមន្ត្រីរដ្ឋបាលរដ្ឋសភាដោយផ្ទាល់៕ ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ។