-
សហជីពលើកពេលតវ៉ាប្រឆាំងក្រុមហ៊ុនកាពីតូល ខណៈមានភាគីទី៣ចេញមុខសម្របសម្រួល
- Issue Date 08-Apr-2016
គម្រោងតវ៉ានៅព្រឹកថ្ងៃពុធនេះប្រឆាំងក្រុមហ៊ុនកាពីតូលដោយសារតែក្រុមហ៊ុនបញ្ឈប់អ្នកបើកបរ៤៥នាក់នោះត្រូវបានលើកពេលវិញដោយស្ងៀមស្ងាត់ ខណៈមានភាគីទី៣បានចេញមុខសម្របសម្រួល។កាលពីសប្តាហ៍មុនអតីតអ្នកបើកបរឲ្យក្រុមហ៊ុនកាពីតូលបានជូនដំណឹងទៅសាលារាជធានីភ្នំពេញ ក្រសួងការងារ និងក្រសួងមហាផ្ទៃ ប្រាប់ពីគម្រោងធ្វើបាតុកម្មជាថ្មីទៀតនៅមុខស្នាក់ការក្រុមហ៊ុនជិតផ្សារអូឬស្សី ចាប់ពីថ្ងៃទី៦ខែមេសានេះទៅដែលសហជីពថាបាតុកម្មនោះជំរុញលក្ខខណ្ឌការងារនិងទាមទារឲ្យភាគីក្រុមហ៊ុនយកពួកគេចូលធ្វើវិញ។មន្ត្រីសហជីពមួយរូបនិងជាអតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនកាពីតូល លោក និន កុសល់ ឲ្យVODដឹងថាក្រុមការងាររបស់លោកបានសម្រេចផ្អាកធ្វើបាតុកម្មបណ្តោះអាសន្ននៅថ្ងៃទី៦ខែមេសានេះមុខស្នាក់ការក្រុមហ៊ុនតាមសំណើសុំធ្វើការសម្របសម្រួលពីអាជ្ញាធរខណ្ឌ៧មករា។លោក និន កុសល់ អះអាងទៀតថាលោកទុកតែរយៈពេលខ្លីប៉ុណ្ណោះសម្រាប់ការស្វែងរកដំណោះស្រាយពីអាជ្ញាធរ។ លោកថានៅថ្ងៃព្រហស្បតិ៍ស្អែកបើក្រុមហ៊ុននៅតែបន្តច្រានចោលការទាមទាររបស់ក្រុមលោក លោកថាបាតុកម្មនឹងធ្វើឡើងវិញ។បើតាមន្ត្រីសហជីពគម្រោងតវ៉ានោះទាមទារឲ្យក្រុមហ៊ុនទម្លាក់ចោលនូវពាក្យបណ្តឹងប្តឹងសកម្មជនសហជីពជំរុញឲ្យសមត្ថកិច្ចចាត់វិធានការតាមចាប់ខ្លួនជនដៃដល់ដែលប្រើញញួរ ដែកសសៃ វាយពួកគេឲ្យរងរបួសជាង១០នាក់កាលពីថ្ងៃទី៦ខែកុម្ភៈកន្លងទៅ ទាមទារឲ្យតុលាការដោះលែងពួកគេពីរនាក់ដែលកំពុងជាប់ឃុំមានលោក ណន វណ្ណា និងលោក រស់ ស៊ីផៃ និងទាមទារឲ្យក្រុមហ៊ុនយកពួកគេទាំង៤៥នាក់ដែលបានបញ្ឈប់ ចូលធ្វើការដូចដើមវិញ។វិវាទការងារនៅក្រុមហ៊ុនកាពីតូលនេះបានកើតឡើងតាំងពីចុងឆ្នាំ២០១៥នៅពេលដែលក្រុមហ៊ុនដឹកអ្នកដំណើរមួយនេះបានបញ្ឈប់បុគ្គលិករបស់ខ្លួនជាអ្នកបើកបររថយន្តចំនួន៤៥នាក់ដោយចោទថាអ្នកបើកបរទាំងនោះបានដាក់ភ្ញៀវតាមផ្លូវខុសបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។ប៉ុន្តែអ្នកដែលក្រុមហ៊នបញ្ឈប់ពីការងារអះអាងថា ក្រុមហ៊ុននោះបានរំលោភច្បាប់ការងារបណ្តេញពួកគេចេញពីការងារដោយសារតែពួកគេបង្កើតសហជីពក្នុងក្រុមហ៊ុន៕ ដកស្រង់ចេញពីសារព័ត៌មាន VOD ចេញផ្សាយថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦