-
ក្រសួងវប្បធម៌ហាមមិនឲ្យចាក់បញ្ចាំងខ្សែភាពយន្តសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី
- Issue Date 19-Apr-2016
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានហាមមិនឲ្យមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ឬហៅថាមជ្ឈមណ្ឌលមេត្តាហោស៍(Meta House) បញ្ចាំងវីដេអូឯកសារមួយស្តីពីជីវិតរបស់អតីតសកម្មជនការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ដែលត្រូវបាញ់សម្លាប់កាលពីឆ្នាំ២០១២។តាមគម្រោង វីដេអូឯកសារនេះនឹងត្រូវដាក់បញ្ចាំងឲ្យសាធារណជនទស្សនានៅថ្ងៃទី២០ ខែមេសាចាប់ពីម៉ោង៧ដល់ម៉ោង៨យប់។ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ លោក ស៊ិន ចាន់សាយ៉ា ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថាការដាក់ក្រសួងសម្រេចមិនឲ្យបញ្ចាំងភាពយន្តនេះ ដោយសារក្រុមការងារបញ្ចាំងមិនបានសុំការអនុញ្ញាតពីក្រសួងនិងមួយវិញទៀត ដោយសារការថតរឿងនេះក៏មិនបានសុំការអនុញ្ញាតពីក្រសួងផងដែរ។ លោកបានបដិសេធមិនបកស្រាយលម្អិតពីបញ្ហានេះ។លោកមានប្រសាសន៍ថា៖ “មជ្ឈមណ្ឌលមេត្ដាហោស៍អត់មានបានសុំការអនុញ្ញាតពីក្រសួងទេ ហើយនៅក្នុងខ្សែរឿងនេះដែរទាំងការថតនិងការគ្រោងដាក់បញ្ចាំងគឺមិនមានការស្នើសុំដល់ក្រសួង ដូចនេះក្រសួងមិនអនុញ្ញាតឲ្យដាក់បញ្ចាំងទេ”។អ្នកផលិតភាពនេះ លោកស្រី ហ្វ្រាន ឡាំប្រីកស៍ (Fran Lambricks)មានប្រសាសន៍ថានេះមិនមែនជាលើកដំបូងដែលខ្សែភាពត្រូវបានបញ្ចាំងនៅមជ្ឈមណ្ឌលមេត្តាហោស៍នោះទេ។ លោកស្រីចាត់ទុកថានេះជារឿងគួរឲ្យអស់សំណើចមួយ។ លោកស្រីបញ្ជាក់ថា៖ “ខ្ញុំគិតថាការហាមមិនឲ្យបញ្ចាំងជារឿងគួរឲ្យអស់សំណើច។ ប្រជាជនកម្ពុជាទាំងអស់គួរមានមោទនភពចែករំលែករឿងឈុត វុទ្ធី ក្នុងការប្រយុទ្ធប្រឆាំងការពារព្រៃឈើកម្ពុជា។ នាយកដ្ឋានភាពយន្តមិនបានពន្យល់ពីមូលហេតុដែលពួកគេមិនចង់ឲ្យបញ្ចាំងរឿងនេះនោះទេ”។លោកស្រីបន្តថាក្រុមការងារនឹងរៀបចំបញ្ចាំងភាពយន្តនេះឡើងវិញនៅកន្លែងផ្សេងទៀត នៅថ្ងៃទី២៣ខែមេសា។វីដេអូឯកសារនេះមានចំណងជើងជាភាសាអង់គ្លេសថាI am Chut Wuttyឬ ខ្ញុំ ឈុត វុទ្ធី បង្ហាញពីសកម្មសកម្មភាពរបស់លោក ឈុត វុទ្ធី មុនពេលត្រូវបានបាញ់សម្លាប់ បទសម្ភាសន៍ជាមួយរូបលោកនិងគ្រួសារជនរងគ្រោះដែលរស់នៅពឹងផ្អែកលើអនុផលព្រៃឈើ។កន្លងទៅ តុលាការខេត្តកោះកុងបានសន្មត់ថាលោក ឈុត វុទ្ធី ត្រូវបានមន្ត្រីកងរាជអាវុធហត្ថម្នាក់ឈ្មោះ អ៊ិន រតនា បាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ក្នុងស្រុកមណ្ឌលសីមា នៅពេលដែលរូបលោកនិងអ្នកកាសែត The Cambodia Daily ពីរនាក់ចូលទៅថតគំនរឈើ នៅក្រុមហ៊ុន Timber Green។ ក្នុងហេតុការណ៍នោះ មន្ត្រីកងរាជអាវុធហត្ថឈ្មោះ អ៊ិន រតនា ក៏ត្រូវភាគីទី៣បាញ់សម្លាប់តាមក្រោយ។ សំណុំរឿងនេះ ត្រូវបានតុលាការខេត្តកោះកុង សម្រេចតម្កល់ទុកមិនចាត់ការ ដោយតុលាការសំអាងថាឃាតកដែលសម្លាប់លោក ឈុត វុទ្ធី គឺឈ្មោះ អ៊ិន រតនា ត្រូវបានសម្លាប់ដែរ។ ប៉ុន្តែក្រុមមន្ត្រីសិទ្ធិមនុស្សនៅតែជំរុញបន្តស៊ើបអង្កេតសំណុំរឿងនេះឡើងវិញ ដោយសំអាងថាភាគីទី៣ដែលជាអ្នកបញ្ជាមិនទាន់នាំមកកាត់ទោសនៅឡើយ ពោលគឺបានកាត់ទោសតែសន្តិសុខយាមក្រុមហ៊ុន Timber Greenតែម្នាក់គត់៕ ដកស្រង់ចេញពីសារព័ត៌មាន VOD ចេញផ្សាយថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦