-
តើអ្វីទៅដែលហៅថា “សុទ្ធចិត្ត”?
- [សេរីភាពក្នុងការបញ្ចេញមតិ]
សុទ្ចចិត្តតាមភាសាសាមញ្ញ គឺជាអ្វីដែលធ្វើឡើងដោយស្មោះត្រង់គ្មានបង្កប់នូវគំនិតទុច្ចរិត។ ក្នុងន័យនៃច្បាប់បរិហារកេរ្តិ៍សុទ្ធចិត្តមានន័យជាមូលដ្ឋានថា ជនដែលត្រូវចោទ(ជនទី១ អ្នកនិយាយ) ថាបរិហារកេរ្តិ៍គេនោះ បានបន្លឺពាក្យធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមនុស្សម្នាក់ទៀត (ជនទី៣) ដោយសារគាត់ចង់ឲ្យអ្នកដទៃទៀត (ជនទី២ទទួលដំណឺង) ដឹងពីរឿងអ្វីមួយ តែគាត់មិនមានចេតនានិងនឹកស្មានថា ពាក្យដែលបន្លឺនោះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមនុស្សម្នាក់ទៀត(ជនទី៣) ឬ គាត់គ្មានចេតនាចង់បំផ្លាញមនុស្សនោះទេ។ច្បាប់ខ្មែរយើងមិនបានកំណត់ថាកត្តាអ្វីខ្លះដែលហៅថាសុទ្ធចិត្តនោះទេ។
ប៉ុន្តែតុលាការបារាំងបានកំណត់កត្តាបួនយ៉ាងដែលអាចយកមកពិចារណាថា តើពាក្យសំដីមួយជាពាក្យដែលបន្លឺឡើងដោយសុទ្ធចិត្ត ឬ អសុទ្ធចិត្ត មានន័យថាចង់បំផ្លាញគេឬយ៉ាងណា។ កត្តាទាំងបួនយ៉ាងនោះគឺ៖
១. ជនដែលជាប់ចោទពីបទបរិហារកេរ្តិ៍ គ្មានភាពជាសត្រូវជាមួយនឹងមនុស្សត្រូវរងការបរិហារកេរ្តិ៍ទេ។ នេះមានន័យថា ជនជាប់ ចោទមិនមែននិយាយបរិហារកេរ្តិ៍មនុស្សម្នាក់ទៀតដោយសារតែខ្លួនស្អប់គាត់ ឬមានគំនុំជាមួយគាត់ពីមុនមកនោះទេ។
២. ពាក្យសំដីដែលជនជាប់ចោទនិយាយ ឬសរសេរនោះធ្វើឡើងក្នុងគោលដៅសមស្រប ដូចជាក្នុងគោលដៅចង់ឲ្យសាធារណជន ចាប់អារម្មណ៍នឹងបញ្ហាអ្វីមួយដែលសំខាន់ ដល់សុខុមាលភាពរបស់សហគមន៍ ឬ សង្គម ឬ ប្រទេស។
៣. ពាក្យសំដីដែលជនជាប់ចោទបាននិយាយ ឬសរសេរនោះត្រូវបានគាត់អង្កេតម៉ត់ចត់ ជាមួយប្រភព ឬឯកសារនានា គឺមិនមែន និយាយ ឬសរសេរតាមការនឹកស្រម័យរបស់ខ្លួននោះឡើយ។ ឧទាហរណ៍ អ្នកកាសែតមុននឹងសរសេរអត្ថបទមួយ គាត់បានព្យាយាមរកប្រភពមួយចំនួនដើម្បីបញ្ជាក់លើព័ត៌មានរបស់គាត់។ ការពិតទោះបីគេព្យាយាមរកប្រភពបានច្រើនមកបញ្ជាក់យ៉ាងណាក្តីពេលខ្លះព័ត៌មានដែលផ្សាយនោះនៅតែមិនពិតហើយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ។ ទោះជាយ៉ាងណាក្តីក្នុងករណីបែបនេះអ្នកកាសែតនោះនៅទទួលបានគុណប្រយោជន៍ពីកត្តាមួយនៃបណ្តាកត្តាសុទ្ធចិត្តដែរ។
៤. ពាក្យសំដីដែលជនជាប់ចោទបាននិយាយឬសរសេរនោះមានតុល្យភាព ឬមានការថ្លឹងថ្លែង។ នេះមានន័យថា គាត់មិនមើលតែមួយជ្រុងនៃព័ត៌មានទេ។ គាត់ត្រូវបង្ហាញគ្រប់ជ្រុងជ្រោយនៃព័ត៌មាន។ ឧទាហរណ៏ អ្នកកាសែតដែលរាយការណ៏ពីអំពើពុករលួយនៃមន្ត្រីរាជការណាម្នាក់ គាត់ត្រូវបង្ហាញពីព័ត៌មានដែលផ្តល់ឲ្យដោយមន្ត្រីនោះដែរដើម្បីឲ្យគាត់មានឳកាសបំភ្លឺពីករណីរបស់គាត់ដែរ។ ម្យ៉ាងវិញទៀត ការប្រើសំដីត្រូវឲ្យធួនល្មម គឺមិនត្រូវហក់ចូលក្នុងការសន្និដ្ឋានថាអ្នកនេះជាឧក្រិដ្ឋជន ឬ ជាជនក្បត់ជាតិនោះទេ។