-
ពលរដ្ឋជិត១ពាន់នាក់ហែក្បួនទាមទារឲ្យតុលាការយុត្តិធម៌
- Issue Date 13-Jun-2013
បណ្ដាញសហគមន៍ប្រជាពលរដ្ឋទូទាំងប្រទេសជិត១ពាន់នាក់ ហែក្បួនបាតុកម្មអហិង្សាទាមទារឲ្យតុលាការកាត់ក្ដីដោយយុត្តិធម៌។ ក្រុមបាតុករបញ្ជាក់ថារយៈពេល ៥ឆ្នាំចុងក្រោយនេះ ក្រុមសកម្មជនការពារសិទ្ធិមនុស្ស ការពារដីធ្លីធនធានធម្មជាតិជិត ៥០០នាក់ បានទទួលរងការគំរាមកំហែងពីសំណាក់ក្រុមឈ្មួញ អ្នកមានលុយ មានអំណាច ដោយប្រើប្រាស់ប្រព័ន្ធតុលាការបំភ្លៃរឿងក្ដីជម្លោះដីធ្លី ទៅជាករណីបទល្មើសញុះញង់ ឆបោក និងការរំលោភកម្មសិទ្ធិឯកជនជាដើម។ក្រុមប្រជាពលរដ្ឋជួបជុំគ្នានៅមុខក្រសួងយុត្តិធម៌តាំងពីម៉ោង ៧ព្រឹក ថ្ងៃពុធ ទី១២ ខែមិថុនា ដោយមានចងបូពណ៌ក្រហមនៅលើក្បាល ហើយសរសេរថា\"យើងត្រូវការយុត្តិធម៌\""។ដៃលើកផ្ទាំងរូបភាពមួយចំនួនស្ដីពីសកម្មភាពរំលោភបំពានដីធ្លី សមត្ថកិច្ចចុះបង្ក្រាបការតវ៉ា រូបភាពកម្លាំងប្រដាប់អាវុធបាញ់ទៅលើក្រុមពលរដ្ឋ និងសារសំខាន់ៗមួយចំនួន ដែលមានខ្លឹមសារជំរុញឲ្យតុលាការកាត់ក្ដីប្រកបដោយភាពយុត្តិធម៌។តំណាងសហគមន៍មានជម្លោះ ដីធ្លីនៅស្រុកជីក្រែង ខេត្តសៀមរាប លោកស្រី យី វង្ស រំលឹកថា ជម្លោះដីធ្លីសហគមន៍ជ្រីក្រែង បានអូសបន្លាយរយៈពេលជិត៦ឆ្នាំ មកទល់ពេលនេះមិនមានដំណោះស្រាយ។ លោកស្រីបន្តថា អ្នកមានអំណាចនិងមានលុយ បានធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋ ទាំងការប្រើប្រាស់ហិង្សាផ្ទាល់ និងបញ្ជូនកម្លាំងប្រដាប់អាវុធមកចាប់ពលរដ្ឋម្ចាស់ដីដាក់គុក។លោកស្រីបញ្ជាក់ថា បើសិនជាតុលាការ កាត់ក្តីដោយយុត្តិធម៌ ពួកគាត់មិនចាំបាច់មកតវ៉ាដល់ក្រសួងយុត្តិធម៌ទេ៖ «ចាប់ប្រជាពលរដ្ឋដែលពួកខ្ញុំទៅច្រូតស្រូវ នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០០៩ ពួកគេប្រើកងកម្លាំងប្រដាប់អាវុធបាញ់ពួកខ្ញុំនៅក្នុងស្រែដែលប្រមូលផលខ្លួនឯង។ ខ្ញុំមកថ្ងៃនេះចង់ឲ្យក្រសួងយុត្តិធម៌ជួយដោះស្រាយឲ្យពួកខ្ញុំផង។ អ្នកខ្លះគេទទួលបានការដោះស្រាយខ្លះហើយ តែពួកខ្ញុំនៅទេ»។ចំណែកឯតំណាងសហគមន៍ព្រៃឈើស្រុកស្នួល ខេត្តក្រចេះ លោក អ៊ុក ពៅ បញ្ជាក់ថា បច្ចុប្បន្ននេះ សហគមន៍ស្នួល កំពុងប្រឈមនឹងការរុករានទន្ទ្រានព្រៃយកដី ការរុករករ៉ែ ជំនួញឈើប្រណីតពីសំណាក់ក្រុមឈ្មួញអ្នកមានលុយ ដែលមានក្រុមអាជ្ញាធរនៅពីក្រោយខ្នង៖ «សូម្បីតែដីឡាយព្រះហស្តលេខាពី ព្រះករុណាអីហ្នឹង ក៏ត្រូវលក់អស់ហើយ។ នៅខាងស្រុកស្នួល ខេត្តក្រចេះ ហ្នឹង ដូចជាមិនខ្លាចស្ថាប័នរដ្ឋសភានៅពីខាងលើអីទេ»។ ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់បណ្ដាញប្រជាពលរដ្ឋលើកសំណូមពរទៅកាន់ក្រសួងយុត្តិធម៌ រដ្ឋសភា និងឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ឲ្យជួយអន្តរាគមន៍ដោះលែងសកម្មជនការពារដីធ្លី និងអ្នកការពារសិទ្ធិមនុស្ស ព្រមទាំងផ្ដន្ទាទោសចំពោះមន្ត្រីតុលាការដែលប្រព្រឹត្តអំពើពុករលួយ ឬប្រព្រឹត្តផ្ទុយពីវិជ្ជាជីវៈ។ក្រុមប្រជាពលរដ្ឋមួយចំនួនបួងសួងសូមឲ្យវត្ថុស័ក្ដិសិទ្ធិជំរុញឲ្យមានតុលាការយុត្តិធម៌នៅលើទឹកដីកម្ពុជា ខណៈពេលដែលពលរដ្ឋខ្លះទៀតបានអូសទីងមោង ដែលជាតំណាងឲ្យតុលាការអយុត្តិធម៌មកបាចអំបិល និងជះម្ទេសដាក់បណ្ដាសាតាមទម្លាប់អបិយជំនឿ។ក្រុមមន្ត្រីក្រសួងយុត្តិធម៌ដែលដឹកនាំដោយប្រធាននាយកដ្ឋានរដ្ឋបាល លោក អ៊ុង សុភារិន្ទ ចេញមកទទួលញត្តិពលរដ្ឋ។ លោកប្រាប់ដោយខ្លីថា នឹងយកញត្តិនេះទៅជូនថ្នាក់លើ ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយច្រើនជាមួយអ្នកកាសែតឡើយ។ក្រុមបាតុករក៏បានលើកគ្នាដង្ហែក្បួនឆ្ពោះកាន់រដ្ឋសភា អមដោយសេចក្ដីថ្លែងការណ៍បទចម្រៀង និង អានញត្តិដាក់ជូនរដ្ឋសភា និងក្រសួងការបរទេសបន្តទៀត។ ចំណែកឯក្រុមអាជ្ញាធរមិនបានរារាំងបាតុករនោះទេ តែបែរជាប្រមូល កម្លាំងការពារបរិវេណផ្លូវចូលផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលទើបតែ រួចផុតពីបណ្ដឹងរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងបទចោទតំបន់អបគមន៍នៅក្រចេះនោះ លោក ចាន់ សុវ៉េត មានប្រសាសន៍ថា បាតុកម្មនេះកើតឡើងពីទឹកចិត្តពលរដ្ឋដែលត្រូវការតុលាការយុត្តិធម៌។លោកបន្តថា ដើម្បីឲ្យពលរដ្ឋស្ងប់ចិត្ត និងរក្សាស្ថិរភាពសង្គម លុះណា តែស្ថាប័នពាក់ព័ន្ធទាំងអស់ ជំរុញឲ្យមានការបែងចែកផលពីការអភិវឌ្ឍប្រកបដោយសមធម៌ ផ្អែកលើរដ្ឋសភា បម្រើផលប្រយោជន៍រាស្ត្រ តុលាការឯករាជ្យ និងការបំពេញការងារប្រកបដោយភាពទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល៕អត្តបទដកស្រង់ចេញពីវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣។http://www.rfa.org/khmer/news/land/community-submit-petition-2seek-justice-06122013074505.html"