-
ព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋបោះឆ្នោតតាមសតិសម្បជញ្ញៈ
- Issue Date 18-Jun-2013
ខណៈដែលថ្ងៃបោះឆ្នោតជិតមកដល់នេះ ព្រះមហាក្សត្រខ្មែរ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានចេញ ព្រះរាជសារអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់កុំឲ្យ មានការព្រួយបារម្ភចំពោះការគាបសង្កត់ គំរាមកំហែងផ្នែកនយោបាយណាមួយឲ្យ សោះ។ ព្រះមហាក្សត្រសម្ដេចព្រះ នរោត្តម សីហមុនី ចេញព្រះរាជសារផ្សព្វផ្សាយជាសាធារណៈ ដោយជំរុញឲ្យប្រជាពលរដ្ឋទាំង អស់ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា និងសូមកុំឲ្យមានការព្រួយបារម្ភចំពោះការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណា មួយ បក្សណាមួយឲ្យសោះ។ នៅក្នុងព្រះរាជសារដែលផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម ហេ្វសប៊ុក (Facebook) និងនៅលើគេហទំព័រ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នោះមានខ្លឹមសារថា ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៨ កក្កដា ឆ្នាំ២០១៣ គឺជាការ បោះឆ្នោតសម្ងាត់ ហើយធ្វើឡើងទៅតាមលទ្ធិប្រជាធិបតេយ្យសេរី។ បញ្ហានេះ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហមុនី បាន ជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូបប្រើសិទ្ធិក្នុងការបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាមួយ បក្សណាមួយបានដោយសេរី។ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានឲ្យដឹងនៅ ថ្ងៃទី១៨ ខែមិថុនា ថាព្រះរាជសារដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រកាលពីខែមីនា ឆ្នាំ២០១៣ នេះ គ.ជ.ប ទើបទទួល បានដើម្បីយកមកផ្សព្វផ្សាយបន្ត។ លោកបញ្ជាក់ថា មន្រ្តីគ.ជ.ប នឹងយកព្រះរាជសារនេះបិទឲ្យប្រជាពលរដ្ឋបានអាននៅតាមបណ្ដា ខែត្រនានានៅក្នុងខែមិថុនានេះ៖ «ការបោះឆ្នោតព្រះករុណាអ្នកអង្គម្ចាស់ជីវិតលើត្បូង តែងប្រោសប្រទានព្រះរាជសារហ្នឹងដល់បងប្អូន ប្រជាពលរដ្ឋអ្នកបោះឆ្នោតទាំងអស់ ឲ្យទៅចូលរួមបោះឆ្នោតឲ្យបានទាំងអស់គ្នា ពុំមានការភ័យខ្លាចអី។ នេះជាការល្អប្រសើរបំផុត ដែលព្រះករុណាបានប្រោសប្រទានព្រះរាជសារនេះ»។ ព្រះមហាក្សត្រព្រះករុណាសម្ដេចព្រះ នរោត្តម សីហមុនី ព្រះអង្គតែងតែចេញ ព្រះរាជសារអំពាវនាវឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតនៅរៀងរាល់ការបោះឆ្នោតម្ដងៗ។ ទាក់ទងនឹងបញ្ហានេះ អ្នកឃ្លាំមើលការ បោះឆ្នោតបានអបអរសាទរចំពោះការចេញព្រះរាជសាររបស់ព្រះមហាក្សត្រដោយអំពាវនាវឲ្យប្រជាពលរដ្ឋកុំឲ្យមានការភិតភ័យនៅ ថ្ងៃបោះឆ្នោត ទោះបីជាស្ថានភាពបច្ចុប្បន្ននេះ ការគាបសង្កត់ផ្នែកនយោបាយមានលក្ខណៈល្អជាងមុនក្ដី។ នាយកប្រតិបត្តិគណៈ កម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅថា ខុមហ្រែល (Comfrel) លោក គល់ បញ្ញា មានប្រសាសន៍ថា ប្រជាពលរដ្ឋសព្វថ្ងៃនេះមានការយល់ដឹងច្រើនអំពីការប្រើប្រាស់សិទ្ធិរបស់ខ្លួន ដើម្បីធ្វើការបោះឆ្នោត ពិសេសក្រុមយុវជន។ យ៉ាងនេះ ក្ដី លោកបញ្ជាក់ថា សកម្មជនគណបក្សនយោបាយ និងអ្នកនយោបាយនៅតែមានការគំរាមកំហែង និងមានការភ័យខ្លាចមួយចំនួន។ លោក គល់ បញ្ញា៖ «យើងមានការព្រួយបារម្ភដែរ ដោយសារអាចប៉ះពាល់អ្នកនយោបាយប្រឆាំងដែរ ទាក់ទិនសេរីភាពការបញ្ចេញ មតិ។ ឥឡូវនេះចាប់ផ្ដើមការប្ដឹងផ្ដល់ទៅតុលាការ អាចធ្វើឲ្យប៉ះពាល់សន្តិសុខអ្នកនយោបាយបក្សប្រឆាំង តាមការប្ដឹងផ្ដល់ចោទប្រ កាន់ និងផ្សេងៗទៀត»។ បន្ថែមពីលើនេះទៀត អ្នកឃ្លាំមើលការបោះឆ្នោតបានជំរុញឲ្យព្រះមហាក្សត្រចេញព្រះរាជសារ បន្តទៀត ដោយកំណត់ឲ្យមន្ត្រីរាជការ ពិសេសមន្ត្រីតុលាការមានចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងកងកម្លាំងប្រដាប់អាវុធ ត្រូវបញ្ឈប់ជា បន្ទាន់នូវសកម្មភាពចេញឃោសនាឲ្យគណបក្សកាន់អំណាច ហើយធ្វើសកម្មភាពប្រឆាំង និងគណបក្សមួយផ្សេងទៀត ក្នុងឋានៈព្រះ អង្គជាប្រធានឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមនោះ។ អ្នកឃ្លាំមើលការបោះឆ្នោតបានសង្កត់ធ្ងន់ថា មន្ត្រីរាជការទាំងនេះត្រូវតែឈរលើ ភាពឯករាជ្យ ពិសេសកម្លាំងប្រដាប់អាវុធត្រូវធានាសន្តិសុខឲ្យបានពេញលេញ ដើម្បីធានាឲ្យមានបរិយាកាសអព្យាក្រឹតកុំឲ្យមានការ ភ័យខ្លាច៕អត្តបទដកស្រង់ពីវិទ្យុអាស៊ីសេរីដែលបានចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣។http://www.rfa.org/khmer/news/politics/king-appeals-for-cam-2cast-their-ballots-respectfully-06182013072043.html