-
ជនជាតិដើមព្នងមួយចំនួននៅមណ្ឌលគិរីមិនចាប់អារម្មណ៍ការបោះឆ្នោត
- Issue Date 15-Jul-2013
ប្រជាពលរដ្ឋជនជាតិដើមព្នង មួយចំនួននៅខេត្តមណ្ឌលគិរី មិនអាចទៅបោះឆ្នោតបានទេ។ ពលរដ្ឋខ្លះប្រាប់ថា ពួកគាត់មិនបានចុះឈ្មោះ និងខ្លះទៀតប្រាប់ថា មិនចង់បោះឆ្នោត។ ការបញ្ជាក់ឲ្យដឹងនេះ ធ្វើឡើងស្របពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅសប្ដាហ៍នេះបានប្រកាសថា ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១២ អ្នកបោះឆ្នោតចំនួន ៣% ឬស្មើនឹងជាង ៣០ម៉ឺននាក់នៅទូទាំងប្រទេស បាត់ឈ្មោះចេញពីបញ្ជីអ្នកបោះឆ្នោត។ ជនជាតិដើមព្នង មួយចំនួននៅខេត្តមណ្ឌលគិរី នឹងមិនអាចទៅបោះឆ្នោតបានទេ ដោយសារមូលហេតុផ្សេងៗគ្នា ដូចជាមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អ្នកខ្លះបាត់ឈ្មោះ និងអ្នកខ្លះទៀតមិនខ្វល់ពីការបោះឆ្នោតតែម្ដង។ ជនជាតិដើមភាគតិចព្នង នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ លោក ក្រោះ ង៉ាញ់ នៅថ្ងៃទី១៣ ខែកក្កដា មានប្រសាសន៍ថា លោកមិនដឹងថាបោះឆ្នោតពេលណាទេ ព្រោះថារវល់ធ្វើចម្ការ។ លោកបន្តថា គ្រួសារលោកមិនខ្វល់នឹងអ្នកណាជាប់ឆ្នោតឡើយ តែអ្វីដែលបារម្ភបំផុតនោះ គឺអង្ករច្រកឆ្នាំងតែប៉ុណ្ណោះ។ នៅពេលដែលសួរថា តើធ្លាប់បានដឹងថាគេបោះឆ្នោតជាច្រើនដងហើយទេ? លោក ក្រោះ ង៉ាញ់ បញ្ជាក់ថា គាត់រវល់តែចូលព្រៃ។ទន្ទឹមនឹងនេះ ស្ត្រីជនជាតិដើមព្នង នៅសហគមន៍ប៊ូស្រា លោកស្រី ង៉ះ នី មានប្រសាសន៍ថា គាត់រកឈ្មោះមិនឃើញទេក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ហើយក៏មិនបានទទួលប័ណ្ណព័ត៌មានអ្នកបោះឆ្នោតដែរ។ លោកស្រីបន្តថា រូបគាត់ធ្លាប់បានបោះឆ្នោត ២អាណត្តិមកហើយ គឺតាំងពីឆ្នាំ២០០៣ និងឆ្នាំ២០០៨។ ចំណែកឯការបោះឆ្នោតឃុំឆ្នាំ២០១២ មិនបានបោះទេ ព្រោះជាប់ធ្វើចម្ការភ្លេចថ្ងៃបោះឆ្នោត។ លោកស្រីបញ្ជាក់ថា លោកស្រីមិនហ៊ានទៅប្ដឹង ឬតវ៉ាអ្វីឡើយ ទោះមិនបានបោះឆ្នោតក៏តាមដំណើរទៅចុះ។ស្រដៀងគ្នានេះដែរ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ខេត្តមណ្ឌលគិរី លោក ឈឹម សាមុត ឲ្យដឹងថា នៅខេត្តនេះមានប្រជាពលរដ្ឋមិនតិចទេដែលបាត់ឈ្មោះពីក្នុងបញ្ជី ឈ្មោះបោះឆ្នោត និងមិនអាចទៅបោះឆ្នោតបាន។ លោកបន្តថា ការខកខានមិនបានបោះឆ្នោត គឺបានន័យថា ជាការបាត់បង់សិទ្ធិសម្រេចចិត្តជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីជួយដោះស្រាយពីបញ្ហាប្រឈមដែលពលរដ្ឋកំពុងជួបប្រទះ។ឆ្លើយតបនឹងបញ្ហានេះ អនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តមណ្ឌលគិរី លោក គិន ជាន មានប្រសាសន៍ថា លោកមិនបានដឹងថាមានពលរដ្ឋប៉ុន្មាននាក់ ដែលបាត់ឈ្មោះចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតឡើយ បើទោះជាថ្នាក់ជាតិធ្វើសវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោតហើយក៏ដោយ។ លោកបន្តថា ពលរដ្ឋនៅខេត្តនេះខ្លះមិនបានយកចិត្តទុកដាក់ទៅពិនិត្យឈ្មោះ ក្នុងបញ្ជីបោះឆ្នោតទេ ហើយអ្នកខ្លះទៀតក៏មិនយកចិត្តទុកដាក់រឿងបោះឆ្នោតដែរ។ លោកបញ្ជាក់ថា បើពលរដ្ឋមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺមានតែរង់ចាំចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ ដែលខ្លួនរស់នៅជារៀងរាល់ឆ្នាំនៅខែតុលា។កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១២ កន្លងទៅ មានពលរដ្ឋនៅខេត្តនេះជាង ៦០% ដែលចូលរួមបោះឆ្នោត។ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី ឲ្យដឹងថា មកដល់ពេលនេះ ស្ថាប័នជំនាញបានចែកប័ណ្ណព័ត៌មានអស់ចំនួនជាង ៨០% ប៉ុណ្ណោះ ហើយប័ណ្ណនៅសល់រកពលរដ្ឋមិនឃើញ អាចមកពីការផ្លាស់ទីលំនៅទៅរស់នៅកន្លែងផ្សេង។ ក្រុមមន្ត្រីសង្គមស៊ីវិល បញ្ជាក់ថា ពលរដ្ឋជនជាតិដើមភាគតិចមួយចំនួន មិនបានចុះឈ្មោះបោះឆ្នោតនោះដោយសារកត្តាជាច្រើន ដូចជា ការខ្វះនូវព័ត៌មាន ខ្វះការផ្សព្វផ្សាយ ចំណេះដឹងទាប ជីវភាពក្រីក្រ និងអ្នកខ្លះទៀតមិនចេះទាំងនិយាយភាសាខ្មែរក៏មាន។តាមរបាយការណ៍សវនកម្មរបស់ ខុមហ្វែ្រល (Comfrel) ដែលចេញកាលពីដើមឆ្នាំ២០១៣ បង្ហាញថា មូលហេតុបណ្ដាលឲ្យពលរដ្ឋបាត់ឈ្មោះ និងមិនមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយសារភាពអសកម្មនានាក្នុងការចុះឈ្មោះបោះឆ្នោតឲ្យប្រជាពលរដ្ឋ ដែលជាតួនាទីរបស់ស្មៀនឃុំសង្កាត់ និងមិនមានការត្រួតពិនិត្យហ្មត់ចត់ពី គ.ជ.ប៕ អត្តបទដកស្រង់ចេញពីវិទ្យុអាស៊ីសេរី ចុះផ្សាយកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣។http://www.rfa.org/khmer/news/politics/some-phnong-minority-do-not-care-about-election-07142013045453.html