-
អង្គការអន្តរជាតិ៖ បក្សប្រជាជនបង្កើតបរិយាកាស បំភិតបំភ័យអ្នកបោះឆ្នោត
- Issue Date 23-Jul-2013
អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) មានមូលដ្ឋានក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ថាបង្កើតបរិយាកាសបំភិតបំភ័យដល់អ្នកបោះឆ្នោត ដោយការចូលជាចំហក្នុងការឃោសនាបោះឆ្នោតរបស់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ។សេចក្ដីប្រកាសព័ត៌មានរបស់ យូមែន រ៉ៃស៍ វ៉ច្ឆ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា បានឲ្យដឹងថា មានមន្ត្រីជាន់ខ្ពស់ដែលកាន់ក្ដាប់កម្លាំងប្រដាប់អាវុធបានចូលរួម យ៉ាងសកម្មក្នុងការស្វែងរកសំឡេងឆ្នោតសម្រាប់គណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា គឺបានចាប់ផ្ដើមតាំងពីមុនពេលឃោសនាបោះឆ្នោតដែលកំណត់ដោយ គ.ជ.ប កាលពីថ្ងៃទី២ ខែមិថុនា នោះទៅទៀត ត្បិតអ្នកទាំងនោះគឺជាក្រុមអ្នកចុះពង្រឹងការគាំទ្រគណបក្សនេះនៅ តាមមូលដ្ឋានខេត្តក្រុង និងស្រុក មួយចំនួន។សកម្មភាពនោះក៏ត្រូវអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃស៍ វ៉ច្ឆ ចាត់ទុកថា ជារំលោភលើកអត្ថន័យនៃកិច្ចព្រមព្រាងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលបញ្ជាក់ថា ពួកគេត្រូវអព្យាក្រឹត និងធានាឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក ប្រែដ អាដាម (Brad Adams) លើកឡើងក្នុងសេចក្ដីថ្លែងការណ៍នោះថា កងកម្លាំងប្រដាប់អាវុធត្រូវស្ថិតនៅអព្យាក្រឹតពីគណបក្សនយោបាយ៖ «ជាការពិតនៅពេលដែលកម្លាំងសន្តិសុខកម្ពុជា ធ្វើសកម្មភាពជាក់ស្ដែងប្រៀបបាននឹងស្លាបរបស់គណបក្សប្រជាជនកម្ពុជា គឺជាមហន្តរាយនៃដំណើរការលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ អង្គការសហប្រជាជាតិ និងប្រទេសសមាជិកជាពិសេសប្រទេសដែលគាំទ្រការបោះឆ្នោតនៅកម្ពុជា គួរតែបញ្ជាក់ឲ្យច្បាស់ថា កម្លាំងសន្តិសុខមានតួនាទីមិនលំអៀង ដើម្បីឲ្យមានការបោះឆ្នោតមួយដែលសេរី និងយុត្តិធម៌។ នៅពេលដែលកម្លាំងសន្តិសុខចូលរួមជាមួយបក្សនយោបាយណាមួយក្នុងការបោះឆ្នោត ជាការបំភិតបំភ័យដល់ទឹកចិត្តអ្នកបោះឆ្នោត ដែលផ្ទុយទៅវិញពួកគេត្រូវទទួលបានការពារដោយគ្មានការគំរាមកំហែង»។យូមែន រ៉ៃស៍ វ៉ច្ឆ បានរកឃើញថា មន្ត្រីជាន់ខ្ពស់ដែលបានចុះទៅរកសំឡេងឆ្នោតសម្រាប់គណបក្សប្រជាជនកម្ពុជា នោះមានជាអាទិ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក ប៉ុល សារឿន បានចុះទៅខេត្តព្រះសីហនុ កាលថ្ងៃទី២៦ ខែឧសភា។ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ លោក គន់ គីម បានចុះទៅខេត្តឧត្តរមានជ័យ។ កូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត ជានាយករងនាយកដ្ឋានស្រាវជ្រាវចារកិច្ចអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ចុះទៅខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែមិថុនា និងលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្សចុះទៅជួបក្រុមកម្មករនៅក្នុងខេត្តកណ្ដាល កាលពីថ្ងៃទី១៩ ខែមិថុនា។ ក្រៅពីនេះ យូមែន រ៉ៃស៍ វ៉ច្ឆ ក៏បានភ្ជាប់នូវរបាយការណ៍មួយដែលមានរាយនាមមន្ត្រីជាន់ខ្ពស់នៃកងនគរបាលដែលមានតួនាទីក្នុងគណបក្សប្រជាជនកម្ពុជា។ មិនខុសគ្នាឡើយ មន្ត្រីជាន់ខ្ពស់ទាំងនោះបានបញ្ចុះបញ្ចូលពលរដ្ឋនៅតាមមូលដ្ឋានឲ្យបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីធានាថា លោក ហ៊ុន សែន នៅតែបន្តជានាយករដ្ឋមន្ត្រីនៅកម្ពុជា។ សកម្មភាពទាំងនេះត្រូវ យូមែន រ៉ៃស៍ វ៉ច្ឆ ចាត់ទុកថា ពុំបានឆ្លើយតបនឹងការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២ ខែមេសា ដែលថា កងកម្លាំងទាំងអស់ត្រូវឋិតនៅឯករាជ្យ អព្យាក្រឹត ក្នុងការបោះឆ្នោត៖ «អ្វីដែលធំ យើងបក្សក្នុងរដ្ឋាភិបាលចង់ឈ្នះឆ្នោតហើយ ក៏ប៉ុន្តែ គ្រប់គ្រងប្រទេសសន្តិសុខសណ្ដាប់ធ្នាប់សង្គមត្រូវតែបានធានា។ បរិយាកាសនយោបាយអព្យាក្រឹតមួយត្រូវតែបានធានាសម្រាប់គ្រប់គណបក្សនយោបាយទាំងអស់ ដើម្បីធានាឲ្យការបោះឆ្នោតមួយប្រព្រឹត្តទៅបានដោយសេរី និងយុត្តិធម៌ មានតម្លាភាព។ អ៊ីចឹងសុំអាជ្ញាធរថ្នាក់ជាតិថ្នាក់ក្រោមជាតិ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវធ្វើការឲ្យបានល្អដើម្បីបម្រើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។ក្រៅពីចាត់ទុកប្រសាសន៍លោកនាយករដ្ឋមន្ត្រីថា ពុំមានន័យខ្លឹមសារអ្វី យូមែន រ៉ៃស៍ វ៉ច្ឆ បានចាត់ទុកការចូលរួមក្នុងការឃោសនារបស់មន្ត្រីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធថា អាចបន្ថែមភាពភ័យខ្លាចបន្ថែមទៀតចំពោះស្ថានភាពនៅក្រោយការបោះឆ្នោតនៅពេលដែលទាំងមន្ត្រី និងអ្នកគាំទ្រគណបក្សនេះតែងព្រមានជាញឹកញយថា កម្ពុជាអាចនឹងក្រឡាប់ចាក់ ឬមានសង្គ្រាម ប្រសិនបើគណបក្សប្រឆាំងបានឈ្នះឆ្នោត។ ការព្រមាននេះហាក់ចង់រំលឹកអ្នកបោះឆ្នោតពីរឿងហេតុដែលធ្លាប់បានកើតឡើងរួចហើយ ដូចជាព្រឹត្តិការណ៍រដ្ឋប្រហារក្នុងឆ្នាំ១៩៩៧ ការបង្ក្រាបបង្ហូរឈាមទៅលើក្រុមអ្នកប្រឆាំងក្នុងឆ្នាំ១៩៩៨ ជាដើម៕ អត្តបទដកស្រង់ចេញពីការសែតដើមអម្ពិលដកស្រង់បន្តពីវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២៣ កក្កដា ២០១៣។http://khmer-news.org/topic.php?read=15917